ជាតិ
បោះឆ្នោត
អ្នកគាំទ្រអតីត CNRP ៥នាក់ត្រូវពិន័យម្នាក់ៗ ១០លានរៀលពីបទរារាំងការបោះឆ្នោត សវនាការដែលរៀបចំនៅការិយាល័យរៀបចំការបោះឆ្នោតខេត្តបាត់ដំបង។ រូបថត Sun Kosal
× ភ្នំពេញ៖ អ្នកគាំទ្រអតីតគណបក្សសង្គ្រោះជាតិ ៥នាក់ ត្រូវបានគណៈកម្មាធិការរៀបចំការបោះឆ្នោតខេត្ត (PEC) សម្រេចពិន័យប្រាក់ម្នាក់ៗចំនួន ១០លានរៀល ពីបទរារាំងការបោះឆ្នោតតាមមាត្រា ១៤២នៃច្បាប់ស្ដីពីការបោះឆ្នោត។
អ្នកគាំទ្រអតីតគណបក្សសង្គ្រោះជាតិ ៥នាក់ ត្រូវបានគណៈកម្មាធិការរៀបចំការបោះឆ្នោតខេត្ត.ពិន័យជាប្រាក់ចំនួន១០លានរៀល ដោយមិនរាប់បញ្ចូលពីទោសព្រហ្មទណ្ឌឡើយ។ ការពិន័យនេះ បន្ទាប់ពី គ.ជ.ប. បានទទួលពាក្យបណ្ដឹងពីតំណាងគណបក្សប្រជាជនកម្ពុជា។ ពាក្យបណ្ដឹងនេះ ធ្វើឡើងក្រោយពីក្រុមអ្នកគាំទ្រអតីតគណបក្សសង្គ្រោះជាតិ បានជួបជុំគ្នាប្រមាណ៣០នាក់នៅខេត្តបាត់ដំបង ដើម្បីធ្វើយុទ្ធនាការម្រាមដៃស្អាតក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៦។
អ្នកគាំទ្រអតីតគណបក្សសង្គ្រោះជាតិទាំង៥នាក់នេះមានលោក ជា ជីវ អតីតប្រធានគណបក្សសង្គ្រោះជាតិខេត្តបាត់ដំបង និងអ្នកគាំទ្រ៤នាក់ទៀត ដែលមានឈ្មោះ គ្រុយ គឹមសាំង , ពៅ តាំង, មាំង ឈុន និង ថោង សារឿន។ ម្នាក់ក្នុងចំណោមអ្នកទាំង៥នាក់ លោក ជា ជីវ ត្រូវបានបន្តក្ដីទៅកាន់តុលាការកំពូលថែមទៀត ដោយបើកផ្លូវតវ៉ាតាមផ្លូវច្បាប់។ នេះបើតាមសេចក្ដីសម្រេចរបស់ក្នុងកិច្ចប្រជុំពេញអង្គរបស់ក្រុមប្រឹក្សាជំនុំជម្រះនៃគណៈកម្មការរៀបចំការបោះឆ្នោតខេត្តបាត់ដំបង ចុះថ្ងៃទី២៦ ខែកក្កដា។
ការជួបជុំគ្នារបស់អ្នកទាំង៥ ជាមួយក្រុមសកម្មជនជាង២០នាក់ទៀតនេះ ធ្វើឡើងនៅផ្ទះលោក ជា ជីវ នៅភូមិជំនីក ឃុំអន្លង់វិល ស្រុកសង្កែ កាលពីថ្ងៃទី១៩កក្កដា ដើម្បីធ្វើយុទ្ធនាការម្រាមដៃស្អាត។ លោក ជា ជីវ គឺជា អតីតប្រធានគណបក្សសង្គ្រោះជាតិខេត្តបាត់ដំបង និងជាអ្នកជាប់ឈ្មោះក្នុងបញ្ជីអ្នកនយោបាយ១១៨នាក់ ដែលត្រូវបានតុលាការហាមធ្វើសកម្មភាពនយោបាយ៥ឆ្នាំកន្លងមក៕
Tag:
បោះឆ្នោត
ឃោសនា
ពិន័យ
ម្រាមដៃស្អាត
© រក្សាសិទ្ធិដោយ thmeythmey.com