កីឡាអន្តរជាតិ
អន្តរជាតិ
ប្រធានាធិបតី​តួក​គី ចេញមុខ​ការពារ Ozil ជុំវិញ​ការរើសអើង និង​លាលែង​ពី​ជម្រើសជាតិ​
26, Jul 2018 , 10:19 pm        
រូបភាព
​ប្រធានាធិបតី​តួក​គី Recep Tayyip Erdogan បានចាត់ទុក​ការរើសអើង​ជាតិ​សាសន៍​ទៅលើ Mesut Ozil ពី​សំណាក់​អ្នកគាំទ្រ និង DFB រហូត​សម្រេច​ដកខ្លួន​ចេញពី​ក្រុម​ជម្រើសជាតិ​អាល្លឺម៉ង់ ថា​ជា​រឿង​«​មិនអាច​ទទួលយកបាន​ទាំងស្រុង​»​។



អត្ថបទទាក់ទង


Mesut Ozil ខ្សែបម្រើ​របស់ Arsenal បានប្រកាស​ឈប់​លេង​ឲ្យ​ក្រុម​ជម្រើសជាតិ​អាល្លឺម៉ង់ ព្រោះ​ទ្រាំ​មិនបាន​នឹង​ការរិះគន់​ខ្លាំងៗ​ពី​សំណាក់​ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​អាល្លឺម៉ង់ (DFB) ដោយសារតែ​រូបគេ​ថតរូប​ជាមួយ​ប្រធានាធិបតី​តួ​ក​គី​លោក Erdogan នា​អំឡុង​ការឃោសនាបោះឆ្នោត​។

​អតីត​សមាជិក Real Madrid ដែល​បានកើត​ធំធាត់​លើទឹក​ដី​អាល្លឺម៉ង់ តែមាន​សាច់ឈាម​តួ​ក​គី​បង្ហើប​ថា​ខ្លួន និង​ក្រុមគ្រួសារ​បានទទួល​ការគំរាមកំហែង​តាម​ទូរ​សព្ទ និង​រើសអើង​ពូជសាសន៍​នៅលើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​បន្ទាប់ពី​មិនអាច​ជួយ​ក្រុម​រហស្សនាម​ឥន្ទ្រី​ដែក​ឆ្លង​ផុត​វគ្គ​ចែក​ពូ​ល​ក្នុង​ព្រឹត្តិការណ៍ World Cup នៅ​រុស្ស៊ី​កន្លងទៅ​។​

​ជុំវិញ​ការរើសអើង​នេះ លោក​ប្រធានាធិបតី​តួ​ក​គី​បាន​ចេញមុខ​ការពារ Ozil ដោយ​លើកឡើង​ក្នុង​កាសែត Sabah ថា​៖«​ការប្រកាន់​ជាតិ​សាសន៍​បែបនេះ បានធ្វើ​ឲ្យ​មនុស្ស​ម្នាក់​ដែល​បានផ្តល់​អ្វី​គ្រប់យ៉ាង​ដល់​ក្រុមកីឡា​បាល់ទាត់​ជ​ម្រ​សើ​ជាតិ​អាល្លឺម៉ង់​ដោយបាន​រួមចំណែក​ក្នុងការ​ទទួលបាន​ជោគជ័យ​កន្លងមក​នោះ​គឺ​មិនអាច​ទទួលយកបាន​ទាំងស្រុង​នោះទេ​»​។​
​មិន​ត្រឹមតែ​លោក Erdogan នោះទេ ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​តួ​ក​គី​លោក Yildirim Demiroren ក៏បាន​គាំទ្រ​ដល់ Ozil ដែរ​។​

​លោក Demiroren បាន​ប្រាប់​គេហទំព័រ​របស់​សហព័ន្ធ tff.org ថា​លោក​ថ្កោលទោស​ចំពោះ​ការគំរាមកំហែង និង​ការសរសេរ​ពាក្យរិះគន់​បង្ហោះ​លើ​បណ្តាញ​សង្គម ដោយសារតែ​ដើមកំណើត​របស់​ខ្សែបម្រើ​វ័យ​២៩​ឆ្នាំ​រូបនេះ​។​

​លោក​បន្ថែមថា​៖«​កីឡាករ​ទាំងអស់​គួរតែ​ត្រូវបាន​ការការពារ​ដើម្បី​ប្រឆាំង​រាល់​ការ​តិះ​ទាន ការរើសអើង និង​ការ​ស្អប់ខ្ពើម​ណាមួយ​ពី​សំណាក់​អ្នកគាំទ្រ​»៕


Tag:
 បាល់ទាត់​
  Mesut Ozil
  Recep Tayyip Erdogan
  DFB
© រក្សាសិទ្ធិដោយ thmeythmey.com