អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
អតីត​នាយករដ្ឋមន្ត្រី​ថៃ ថាក់ស៊ីន ជឿជាក់ «​បក្ស​ភឿ​ថៃ​នៅតែ​គ្មាន​បក្ស​ដែល​ផ្តួល​បាន​»
28, Jul 2018 , 5:59 pm        
រូបភាព
លោក ថាក់ស៊ីន អតីតនាយករដ្ឋមន្ត្រីថៃ
លោក ថាក់ស៊ីន អតីតនាយករដ្ឋមន្ត្រីថៃ
ដោយ:
អតីត​នាយករដ្ឋមន្ត្រី​ថៃ​លោក ថាក់ស៊ីន ស៊ីណា​វ៉ា​ត់ បាន​ផ្ញើ​ក្តីសង្ឃឹម និង​ជំនឿ​ជាក់​របស់លោក​លើ​ជ័យជម្នះ​របស់​បក្ស​ភឿ​ថៃ​សម្រាប់​ការបោះឆ្នោតជាតិ​ថៃ​នាពេលខាងមុខ​។ អតីត​នាយករដ្ឋមន្ត្រី​ថៃ​រូបនេះ ហ៊ាន​អះអាង​ទៀតថា បក្ស​ភឿ​ថៃ​ជា​បក្ស​ដែល​មិនអាច​ផ្តួល​បានឡើយ បើទោះបីជា​មានការ​ប៉ុន​ប៉ុង​បំបែក​ច្រើនលើក​ហើយក៏​ដោយ​។​



​តាមរយៈ​សារ​វីដេអូ​ក្នុង​ថ្ងៃ​ខួបកំណើត​របស់លោក​នៅ​ថ្ងៃទី ២៦ ខែកក្កដា លោក ថាក់ស៊ីន ស៊ីណា​វ៉ា​ត់ បានលើកឡើង​ពី​ទុក​លំបាក​របស់​ប្រជាជន​ថៃ ដែល​ត្រូវ​រស់នៅ​ជាមួយនឹង​ការចំណាយ​ច្រើន ខណៈ​ចំណូល​របស់​ពួកគេ មិនមាន​ការកើនឡើង​។ លោក ចោទ​ប្រមុខ​របប​សឹក​ថា មិន​យល់​ពី​បេះដូង​របស់​ប្រជាជន​ថៃ ស្រប​ពេលដែល​ប្រមុខ​សឹក​ព្យាយាម​បន្ត​តោង​អំណាច​បន្ថែមទៀត​។

​តាម​ការចុះផ្សាយ​របស់​សារព័ត៌មាន​ថៃ Bangkok Post លោក​អតីត​នាយករដ្ឋមន្ត្រី​ថៃ ដែល​កំពុងតែ​រស់នៅ​និរទេស​ខ្លួនឯង​នៅក្រៅ​ប្រទេស​រូបនេះ ថែមទាំង​បានបង្ហាញ​ពី​ទំនុកចិត្ត​ថា បោះឆ្នោត​ឆ្នាំក្រោយ បក្ស​ភឿ​ថៃ នឹង​ឈ្នះ និង​អាច​ត្រលប់​ទៅកាន់​អំណាច​វិញ​បាន​ហើយ​។  លោក សង្កត់ធ្ងន់ថា បក្ស​ភឿ​ថៃ នឹង​ទទួលបាន​ជ័យជម្នះ​ភ្លួ​ក​ទឹក​ភ្លួ​កដី​ជាក់​ជាពុំខាន​។

សូម​ជម្រាប​ផងដែរ​ថា បក្ស​ភឿ​ថៃ ដែល​ត្រូវបាន​បង្កើតឡើង​តាំងពី​ឆ្នាំ​២០០១​មក តែងតែ​ឈ្នះ​រាល់​ការបោះឆ្នោត​។ ក៏ប៉ុន្តែ​បក្ស​ដែល​ធ្លាប់​ដឹកនាំ​ដោយ​ត្រកូល​អ្នកនយោបាយ​ស៊ីណា​វ៉ា​ត់​មួយ​នេះ ក៏​រង​ទុក្ខ​មិន​ស្ទើរ​ដែរ ពោលគឺ​នាយករដ្ឋមន្ត្រី​របស់​ប​ក្ស​ថៃ រួមមាន​លោក​ថាក់ស៊ីន ស៊ីណា​វ៉ា​ត់ និង​លោកស្រី យី​ង​ឡាក់ ស៊ីណា​វ៉ា​ត់ សុទ្ធសឹងតែ​ត្រូវបាន​ទម្លាក់​ចេញពី​អំណាច​ដោយសារ​រដ្ឋប្រហា​រ​។​

មកទល់ពេលនេះ ទាំង​លោក​ថាក់ស៊ីន និង​លោកស្រី យី​ង​ឡាក់ កំពុងតែ​រស់នៅ​ក្រៅប្រទេស ខណៈ​ឈ្មោះ​របស់​អតីត​មេដឹកនាំ​កំពូល ក៏​កំពុង​ស្ថិតក្រោម​ការចោទប្រកាន់​របស់​តុលាការ​ថៃ​ពាក់ព័ន្ធ​នឹង​បទ​ពុករលួយ​ផង និង​បទ​ធ្វេសប្រហែស​ក្នុងការ​ដឹកនាំ​ប្រទេស​។ កន្លងមក លោក​ថាក់ស៊ីន បាន​អះអាងថា លោក មិន​ពាក់ព័ន្ធ​នឹង​នយោបាយ​ថៃ​ឡើយ ពោលគឺ​សកម្មភាព​លោក គ្រាន់តែ​ជាការ​បង្ហាញ​ការគាំទ្រ និង​ជំនឿ​ជាក់​លើ​បក្ស​ដែល​លោក​ធ្លាប់​ដឹកនាំ​ប៉ុណ្ណោះ​៕


Tag:
 ថៃ​
  អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com