ពីនេះ ពីនោះ
ត្រីកាបស និងកាបក្បាលធំ៖ ជាប្រភេទត្រីឈ្លានពានដ៏ស្ងាត់ស្ងៀមនៅទឹកដីសហរដ្ឋអាមេរិក (មានវីដេអូ) ត្រីកាបស។ រូបភាព៖ Dinh D. Tran
× ប៉ុន្មានសប្តាហ៍មុន គម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ (Wonders of the Mekong) បានលើកយកត្រីមួយប្រភេទមកបង្ហាញជួន ដែលជាប្រភេទត្រីទឹកសាប មានរស់ក្នុងក្នងតំបន់អាស៊ី នោះគឺត្រីកាបស។ ក្នុងសប្តាហ៍នេះ គម្រោងសូមលើកយកត្រីមួយប្រភេទថែមទៀត គឺកាបក្បាលធំ ដែលជាប្រភេទត្រីកំពុងឈ្លានពានផ្ទៃទឹកទន្លេនៅសហរដ្ឋអាមេរិក រួមជាមួយកាបសផងដែរនោះ មកបង្ហាញជួន។
ត្រីកាបស មានឈ្មោះវិទ្យាសាស្ត្រ (Hypophthalmichthys molitrix) និងឈ្មោះជាភាសាអង់គ្លេស Asian Carp។ ចំណែកត្រីកាបក្បាលធំ មានឈ្មោះវិទ្យាសាស្ត្រ (Hypophthalmichthys nobilis) និងឈ្មោះជាភាសាអង់គ្លេស Bighead carp។ ត្រីទាំងពីរប្រភេទនេះ មានដើមកំណើតក្នុងតំបន់អាស៊ី ជាពិសេសនៅហីឡុងជាំង ទន្លេយ៉ាងសេ និងទន្លេភៀល (Heilongjiang, Yangtze and Pearl) ក្នុងប្រទេសចិន។ មិនតែប៉ុណ្ណោះ វាក៏មានរស់នៅក្នុងទន្លេអាមើ (Amur River) ក្នុងប្រទេសរុស្សីភាគខាងកើត និងប្រទេសម៉ុងហ្គោលីផងដែរ។
ត្រីកាបស។ រូបភាព៖ ថាច់ ផាណ្ណារ៉ា
ត្រីកាបទាំងពីរប្រភេទនេះ ត្រូវបានគេជឿថា បាននាំពីតំបន់អាស៊ីចូលទៅចិញ្ចឹមក្នុងកសិដ្ឋានក្នុងសហរដ្ឋអាមេរិក ក្នុងទសវត្សរ៍ ៧០។ ក្រោយមក ត្រីទាំងពីប្រភេទនេះមួយចំនួន ត្រូវបានរួចចេញពីកសិដ្ឋាន ហើយក៏ចូលទៅក្នុងទន្លេធម្មជាតិ ពិសេសទន្លេ អ៊ីលីណយ និងមីស៊ីសស៊ីពី (Illinois and Mississippi Rivers)។ ដោយសារប្រជាជនអាមេរិក មិនចូលចិត្តទទួលទានត្រីប្រភេទនេះ ព្រោះតែវាមានឆ្អឹងតូចៗច្រើន បានធ្វើឲ្យកំណើនរបស់វាកើនឡើងយ៉ាងឆាប់រហ័ស។ ត្រីកាបស និងកាបក្បាលធំ បានក្លាយជាបន្ទុកដ៏ធ្ងន់មួយរបស់រដ្ឋាភិបាលអាមេរិក ដែលត្រូវចំណាយប្រាក់អស់រាប់លានដុល្លា ជារៀងរាល់ឆ្នាំ ដើម្បីយកវាចេញទន្លេទាំងពីរនេះ។ បច្ចុប្បន្ន ត្រីកាបទាំងពីរប្រភេទនេះ បានកំពុងក្លាយជាប្រភេទត្រីឈ្លានពានដ៏ខ្លាំងក្លានៅក្នុងសហរដ្ឋអាមេរិក។
សូមអញ្ជើញទស្សនាវីដេអូ៖
© រក្សាសិទ្ធិដោយ thmeythmey.com