ពីនេះ ពីនោះ
ព័ត៍មានសុខភាព
អាកា​រៈ​ជំងឺ​រលាក​ខ្នែងពោះវៀន​ដែល​អ្នក​ត្រូវតែ​យកចិត្តទុកដាក់​
31, Jul 2018 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​ខណៈពេលដែល​មិនទាន់មាន​នរណា​បានដឹង​ច្បាស់​អំពី​មូលហេតុ​ជាក់លាក់​នៃ​ការ​រលាក​ខ្នែងពោះវៀន​នៅឡើយ តែ​វា​អាចធ្វើ​ឲ្យ​ជីវិត​របស់​មនុស្ស​យើង​ស្ថិតក្នុង​សភាព​គ្រោះថ្នាក់​បាន​បើសិនជា​វា​ស្រាប់តែ​រលាក​នោះ​។ ដោយសារតែ​វា​អាច​បែក ដូច្នេះ​វា​អាច​នឹង​បញ្ចេញ​មេរោគ និង​លាមក​ចូលទៅក្នុង​ស្រោមពោះ​បាន​។ ដូច្នេះហើយ មិន​ខ្វល់​ថា​វា​ស្ថិត​ក្នុងករណី​ណាក៏ដោយ ការ​រលាក​ខ្នែងពោះវៀន​គឺជា​រឿង​ដែល​ត្រូវការ​ការព្យាបាល​ដោយ​វះកាត់​ជាបន្ទាន់​។ យក​ល្អ​គួរតែ​ស្វែងយល់​អំពី​អាកា​រៈញឹក​ញាប់​បំផុត​របស់​ជំងឺ​នេះ​ដូចខាងក្រោម​៖



​ឈឺពោះ​

​អាកា​រៈ​មួយ និង​ញឹកញាប់​បំផុត​របស់​ជំងឺ​រលាក​ខ្នែងពោះវៀន​គឺ​ការ​ឈឺពោះ​នេះឯង​។ ក្នុងចំណោម​អ្នកជំងឺ​រលាក​ខ្នែងពោះវៀន​ទាំងអស់​មាន ៥០​ភាគរយ​ហើយ​ដែលមាន​អា​ការៈឈឺចាប់​នៅ​ជុំវិញ​ផ្សិត បន្ទាប់មក​វា​នឹង​ចាក់​ទៅ​ផ្នែក​ខាងក្រោម និង​ខាងស្តាំ​នៃ​ពោះ​។ ខណៈពេល​ដែលមាន​ជំងឺ​ជាច្រើន​ដែល​បង្ក​ជា​អា​ការៈឈឺចាប់​នៅ​តំបន់​នេះដែរ​ក៏ដោយ តែ​ការឈឺចាប់​របស់​វា​មិន​ដូចគ្នា​ឡើយ​។ ម្យ៉ាងវិញទៀត ការឈឺចាប់​ដោយសារ​រលាក​ខ្នែងពោះវៀន​ងាយ​នឹង​កាន់តែ​ធ្ងន់ធ្ងរ​ទៅៗ​ក្នុង​រយៈពេល​តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ​។

​ទល់លាមក ឬ​រាករូស​

​អ្នក​ប្រហែលជា​ធ្លាប់មាន​ការប្រែប្រួល​ទម្លាប់​នៃ​ការ​បន្ទោបង់​ភ្លាមៗ​បើសិនជា​អ្នក​កំពុង​តែមាន​ជំងឺ​រលាក​ខ្នែងពោះវៀន​។ ពេលខ្លះ​វា​អាច​ជាការ​ទល់លាមក ប៉ុន្តែ​ខ្លះទៀត​អាច​ជាការ​រាករូស​។ គ្រូពេទ្យ​ពន្យល់ថា វា​អាចជា​រឿង​ខុសគ្នា​សម្រាប់​មនុស្ស​ម្នាក់ៗ​។ អ្នកខ្លះ​មាន​ជំងឺ​រលាក​ខ្នែងពោះវៀន​បែរជា​មាន​អាកា​រៈ​នោម​ញឹក និង​ឈឺ​ពេល​នោម​ទៅវិញ​។

​ការ​ក្អួត និង​ចង្អោ​

​កាលណា​អ្នកមាន​ការឈឺ​ក្នុង​ពោះ​ហើយ អ្នកខ្លះ​ទៀត​អាច​នឹងមាន​អាកា​រៈ​ចង្អោ​ខ្លាំង​មកជា​មួយ​។ ថ្វីបើ​ការ​ក្អួត និង​ចង្អោ​មាន​មូលហេតុ​របស់​វា​ច្រើន​ក៏ដោយ តែ​វា​ក៏​អាច​បញ្ជាក់ថា​ជាការ​រលាក​ខ្នែងពោះវៀន​ដែរ​បើសិនជា​វា​កើតឡើង​ជាមួយនឹង​ការឈឺ​ពោះ​ផ្នែក​ខាងក្រោម​និង​ខាងស្តាំ​។

​មាន​បញ្ហា​នឹង​ចលនា​រាងកាយ​

​ដោយសារតែ​ជំងឺ​រលាក​ខ្នែងពោះវៀន​អាចធ្វើ​ឲ្យ​ឈឺចាប់​ខ្លាំង​នៅ​ពោះ វា​ក៏​ទំនងជា​ធ្វើ​ឲ្យ​អ្នក​មិនអាច​ធ្វើ​ចលនា​អ្វី​បាន​ច្រើន​ដែរ ដោយសារតែ​កាលណា​អ្នកធ្វើ​ចលនា​កាន់តែច្រើន ការឈឺចាប់​កើតឡើង​កាន់តែខ្លាំង​ថែមទៀត​។ ក្រៅពីនេះ គ្រាន់តែ​ក្អក ឬ​កណ្តាស​ក៏​គ្រប់គ្រាន់​នឹងធ្វើ​ឲ្យ​ឈឺចាប់​ខ្លាំង​បានដែរ​។

​ផោម​ច្រើន​

​យើងទាំងអស់គ្នា​ដឹង​ហើយ​ថា ការ​ញ៉ាំ​អាហារ​សម្បូរ​ជាតិ​ហ្គាស​ដូចជា​សណ្តែក និង​ផលិតផល​ធ្វើ​ពី​ទឹកដោះគោ​សុទ្ធតែ​អាចធ្វើ​ឲ្យ​ពោះវៀន​ផលិត​ឧស្ម័ន​កាន់តែច្រើន ដែលជា​ហេតុ​នាំ​ឲ្យ​ផោម​ច្រើន​។ ទោះបីជា​យ៉ាងណាក៏ដោយ ការដែល​ផោម​ច្រើន​ហើយ​មាន​អាកា​រៈ​រាករូស ឬ​ទល់លាមក​មកជា​មួយ​ទៀត ប្រហែលជា​មិនអាច​ធ្វើ​ឲ្យ​អ្នក​ស្រួល​ក្នុង​ពោះ​ទេ តែ​វា​អាចជា​សញ្ញា​នៃ​ការ​រលាក​ខ្នែងពោះវៀន​វិញ​។ ដូច្នេះ​បើសិនជា​អ្នក​កំពុងតែ​មានការ​ផោម​ច្រើន បូករួម​នឹង​ឈឺពោះ​ខ្លាំង និង​អាកា​រៈ​មួយចំនួន​ដែល​បាន​រៀបរាប់​ខាងលើ យក​ល្អ​គួរតែ​ទៅ​ជួប​គ្រូពេទ្យ​ជាបន្ទាន់​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com