កីឡាអន្តរជាតិ
អន្តរជាតិ
FIFA ត្រូវការ​ស៊ើបអង្កេត​អំពី​ការដេញថ្លៃ​ធ្វើ​ម្ចាស់ផ្ទះ World Cup របស់​កាតា​
30, Jul 2018 , 7:59 pm        
រូបភាព
​សហព័ន្ធ​កីឡាបាល់ទាត់​អន្តរជាតិ FIFA ត្រូវការ​ស៊ើបអង្កេត​ជា​លក្ខណ​ឯករាជ្យ​មួយ​ដើម្បី​ចង់ដឹង​ច្បាស់​ថា​ការដេញថ្លៃ​ធ្វើ​ម្ចាស់ផ្ទះ​ពានរង្វាន់ FIFA World Cup ឆ្នាំ​២០២២ របស់​ប្រទេស​កាតា​ពិតជា​ត្រឹមត្រូវ និង​យុត្តិធម៌​។ មូលហេតុ​ដែល​ធ្វើ​ឲ្យ​មានការ​ស៊ើបអង្កេត​នេះ​ឡើង គឺ​បន្ទាប់ពី​មានការ​សង្ស័យថា ប្រទេស​ស្តេច​ប្រេង​មួយ​នេះ​បានរៀបចំ​យុទ្ធនាការ​សម្ងាត់​កាលពី​ឆ្នាំ​២០១០ ដើម្បី​បង្ក្រាប​ការដេញថ្លៃ​របស់​ប្រទេស​ដទៃ​។​



​កាសែត Sunday Times អះអាងថា​បានឃើញ​ឯកសារ​លេច​ធ្លាយ​ដែល​បង្ហាញថា​ក្រុមការងារ​របស់​កាតា​បាន​ជួល​ក្រុមហ៊ុន​ទំនាក់ទំនង​សារ​ធា​រណ​អាមេរិក (PR) និង​ភ្នាក់ងារ CIA ដើម្បី​វាយប្រហារ​គូប្រជែង​របស់ខ្លួន​ដែល​ភាគច្រើន​គឺ​អាមេរិក និង​អូស្ត្រាលី​។​

​គោលដៅ​របស់​កាតា គឺ​បង្កើត​ការឃោសនា​ដើម្បី​ផ្តល់​ការចាប់អារម្មណ៍​ថា​ការប្រកួត World Cup នឹងមិន​ត្រូវបាន​គាំទ្រ​ក្នុងស្រុក​នោះទេ​។

​យ៉ាងណាក៏ដោយ ជុំវិញ​ការ​ចោទ​នេះ គណៈកម្មាធិការ​ជាន់ខ្ពស់​កាតា​បានចេញ​សេចក្តីថ្លែងការណ៍​បដិសេធ​រាល់​ការចោទប្រកាន់​ដែល​ចេញផ្សាយ​ដោយ​កាសែត​ខាងលើនេះ​។​
​បើតាម BBC លោក Damian Collins ប្រធាន​គណៈកម្មាធិការ​ឌីជីថល វប្បធម៌ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​កីឡា ថា «​ការចោទប្រកាន់​ដ៏​ធ្ងន់ធ្ងរ​ខាងលើ​» ដែល​បានចេញ​ផ្សាយ​នៅក្នុង​កាសែត Sunday Times នឹង​ក្លាយជា​ការរំលោភ​លើ​ច្បាប់​របស់ FIFA បើសិន​ការ​ការ​ចោទ​នោះ​ជាការ​ពិត​។​



«​វា​តម្រូវ​ឲ្យ​មានការ​ស៊ើបអង្កេត​ដោយ​ឯករាជ្យ​និង​ត្រឹមត្រូវ​មួយ ហើយ FIFA គួរ​បង្ហាញ​ឲ្យ​ច្បាស់លាស់​អំពី​រឿងនេះ​»​។ នេះ​ជាការ​លើកឡើង​របស់លោក Collins​។​
​លោក​បាន​បន្ថែម​ប្រាប់​វិទ្យុ BBC Radio 5 ទៀតថា​៖«​បើ​កាតា​បាន​បំពាន​ច្បាប់​នេះ​មែន​នោះ ពួកគេ​គួរ​ប្រឈម​នឹង​ទណ្ឌកម្ម​ខ្លះ​»​។​
​ការចោទប្រកាន់​របស់ Sunday Times ទៅលើ​យុទ្ធនាការ​របស់​កាតា​ខាងលើ បានធ្វើ​ឲ្យ​ខូច​ច្បាប់​ដេញថ្លៃ​របស់ FIFA ផងដែរ​។​

​សូមបញ្ជាក់ថា កាតា​បានទទួល​ជោគជ័យ​ក្នុងការ​ដេញថ្លៃ​ជាមួយ​គូប្រជែង​ពី​សហរដ្ឋអាមេរិក អូស្ត្រាលី កូរ៉េខាងត្បូង និង​ជប៉ុន​កាលពី​ឆ្នាំ​២០១០ កាល​លោក Sepp Blatter នៅ​ជា​ប្រធាន FIFA ដើម្បី​ទទួលបាន​សិទ្ធិ​ធ្វើជា​ម្ចាស់ផ្ទះ​ការប្រកួត​កីឡាបាល់ទាត់​ពិភពលោក​លើក​ទី​២២ នៅ​ឆ្នាំ ២០២២៕



Tag:
 បាល់ទាត់​
  FIFA World Cup
  កាតា
© រក្សាសិទ្ធិដោយ thmeythmey.com