កីឡាអន្តរជាតិ
អន្តរជាតិ
Real Madrid ត្រៀម ១៣១​លាន​ដុល្លារ ចរចា​យក Courtois និង​Willian ពី Chelsea
31, Jul 2018 , 8:39 am        
រូបភាព
​ក្លិប​យក​អេ​ស្ប៉ា​ញ Real Madrid បាន​បើក​ការចរចា​ជាមួយ Chelsea ដោយ​ផ្តល់​ទឹកប្រាក់ ១០០​លាន​ផោន (១៣១​លាន​ដុល្លារ​អាមេរិក​) ដើម្បី​យក​អ្នកចាំទី Thibaut Courtois និង​ខ្សែបម្រើ Willian ទៅ​រួម​ក្រុម​នៅ​រដូវ​កាល​ថ្មី​ខាងមុខ​។ នេះ​បើ​យោងតាម​ការផ្សាយ​របស់ DailyMail​។​



Courtois ដែល​បច្ចុប្បន្ន​មាន​វ័យ ២៦​ឆ្នាំ មិនបាន​លាក់បាំង​ពី​បំណងប្រាថ្នា​របស់ខ្លួន​ដើម្បី​វិលត្រឡប់​ទៅកាន់​ទឹកដី​អេ​ស្ប៉ា​ញ ដែលជា​កន្លែង​កូនៗ​របស់គេ​ធ្លាប់​រស់នៅ​នោះទេ ខណៈ​អតីត​សមាជិក At-Madrid រូបនេះ​នៅសល់​កិច្ចសន្យា​តែមួយ​ឆ្នាំ​ទៀត​ប៉ុណ្ណោះ​នៅ Stamford Bridge​។​

​អ្នកចាំទី​សញ្ជាតិ​បែលហ្ស៊ិក​ដែល​បានបង្ហាញ​ភាពលេច​ធ្លោ​ក្នុង​ការប្រកួត​កីឡាបាល់ទាត់​ពិភពលោក​នៅ​រុស្ស៊ី​រូបនេះ គឺជា​គោលដៅ​ទីមួយ​របស់ Real នៅ​រដូវ​កាល​នេះ​។ ពួកគេ​ជឿជាក់ថា នឹង​យក Courtois ទៅកាន់​ទឹកដី Bernabéu នៅពេល​ក្លិប​រហស្សនាម​ន​តោ​ខៀវ អា​ចរក​អ្នក​ជំនួស​រូបគេ​បាន​។​
​បើតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន​ជាច្រើន អ្នកចាត់ការ Chelsea ថ្មី​លោក Maurizio Sarri កំពុង​សម្លឹង​អ្នកចាំទី​ថ្មី​ដែល​ក្នុងនោះ​រួមមាន Jack Butland របស់​ក្រុម Stoke City និង Jordan Pickford របស់ Everton ជាដើម​។​

​បន្ទាប់ពី​ការប្រកួត​ពានរង្វាន់ FIFA World Cup បញ្ចប់ទៅ អ្វីដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​ចំពោះ Willian គឺ​រូបគេ​បាន​ជាប់ទាក់ទង​ទៅនឹង​ការផ្លាស់​ទៅ​ចូលរួម​ជាមួយ Barcelona កាលពី​សប្តាហ៍​មុន​។ ប៉ុន្តែ​យ៉ាងណា ក្លិប​ដែលមាន​មូលដ្ឋាន​ក្នុង​ទឹកដី​ស្វយ័ត Catalonia មួយ​នេះ មិនត្រូវ​រូ​វ​គ្នា​លើ​តម្លៃ ៧០​លាន​ផោន (​ជាង​៩១​លាន​ដុល្លារ​) ដែល Chelsea ដាក់​ទៅ​ឡើយ ហើយ​ពួកគេ​បាន​សម្រេចយក​ខ្សែបម្រើ Malcom ពី Bordeaux ជំនួស​វិញ​។​

​ចំណែក​ម្ចាស់​ជើងឯក Champions League រដូវ​កាល​ចាស់​បានស្នើ​តម្លៃ ៨៥​លាន​ដុល្លារ លើ​ខ្សែបម្រើ​វ័យ​២៩​ឆ្នាំ​រូបនេះ​ផងដែរ ដើម្បី​យកទៅ​បំពេញ​តំបន់​បម្រើ​ក្នុង​ទម្រង់​ដឹកនាំ​ថ្មី​របស់​អ្នកចាត់ការ​ទូទៅ​លោក Julen Lopetegui មុន​ទីផ្សារ​ដោះដូរ​កីឡាករ​នៅ​អង់គ្លេស​បិទទ្វារ​នៅ​ថ្ងៃទី​៩ ខែសីហា​ខាងមុខនេះ​។
Real Madrid បាន​ត្រៀម​ខ្ទង់ចំណាយ​លើ​តម្លៃ​ខ្លួន Willian រួមទាំង Courtois រហូតដល់ ១៣១​លាន​ដុល្លារ​អាមេរិក​៕



Tag:
 បាល់ទាត់​
  Real Madrid
  Thibaut Courtois
  Willian
  Chelsea
© រក្សាសិទ្ធិដោយ thmeythmey.com