ជាតិ
បទសម្ភាសន៍
វីដេអូ
វើនសៃ ដែនដីចម្រុះជាតិសាសន៍ខ្មែរ ឡាវ ចិន វៀតណាម និងជនជាតិដើមភាគតិច
× រតនគិរី៖ ក្រោយធ្វើដំណើរអស់ជិត៦០០គីឡូម៉ែត្រពីរាជធានីភ្នំពេញ និងជិត៤០គីឡូម៉ែត្រពីក្រុងបានលុង, ក្រុមការងារនៃកម្មវិធី «Mercedes និងកំណប់អាថ៌កំបាំង» បានដល់ស្រុកវើនសៃ។ ស្រុកនៃខេត្តរតនគិរី ដែលស្ថិតនៅតាមបណ្តោយទន្លេសេសាន និងមានព្រំប្រទល់ជាប់ខេត្ត Attapeu របស់ឡាវមួយនេះ ជាទីប្រមូលផ្តុំដោយពលរដ្ឋចម្រុះជាតិសាសន៍ ដែលក្នុងនោះរួមមានខ្មែរ ឡាវ ចិន វៀតណាម និងជនជាតិដើមភាគតិចគ្រឹង, កាវ៉ែត, ព្រៅ, កាចក់, និងលុន ជាដើម។
បើតាមជំរឿនកាលពី២០ឆ្នាំមុន ពលរដ្ឋនៅស្រុកវើនសៃ សរុបទាំង៩ឃុំ មានចំនួនជាង១២០០០នាក់ ហើយបច្ចុប្បន្នមានការកើនឡើងជាលំដាប់។ ក្នុងដំណើរបេសកកម្មលើកទី៣ នៃកម្មវិធី «Mercedes និងកំណប់អាថ៌កំបាំង» ក្រុមការងារ បានជួបសម្ភាសជាមួយលោក ប៊ុន លឿ ដើមកំណើតឡាវ ដែលរៀបរាប់ទាក់ទងនឹងការរស់នៅរបស់ពលរដ្ឋចម្រុះជាតិសាសន៍ ដែលភាគច្រើនជាជនជាតិឡាវ។
សូមអញ្ជើញទស្សនាវីដេអូ ប្រជាពលរដ្ឋរស់នៅក្នុងស្រុកវើនសៃ នៃខេត្តរតនគិរីដូចតទៅ៖
មិនខុសពីពលរដ្ឋនៅភាគឦសានផ្សេងទៀតឡើយ បើតាមលោក ប៊ុន លឿ ពលរដ្ឋនៅវើនសៃ ប្រកបរបរធ្វើស្រែចម្ការ នេសាទត្រី ស៊ីឈ្នួល និងអាជីវកម្មផ្សេងៗ ហើយពួកគាត់រស់នៅប្រកដោយសុខដុមរមនាជាមួយគ្នា។
បើតាមលោក ប៊ុន លឿ ប្រជាពលរដ្ឋរស់នៅក្នុងស្រុកវើនសៃ ភាគច្រើនអាចនិយាយបាន២ភាសាយ៉ាងច្បាស់លាស់ គឺភាសាខ្មែរ និងឡាវ។ ចំណែកការប្រើប្រាស់ភាសាវិញ នៅទីនោះ ពួកគេនិយាយភាសាឡាវ ដើម្បីទំនាក់ទំនងគ្នាជារៀងរាល់ថ្ងៃ។
នេះជាកម្មវិធី «Mercedes-Benz និងកំណប់អាថ៌កំបាំង» ផ្តួចផ្តើមរៀបចំ និងឧបត្ថម្ភដោយក្រុមហ៊ុន Star Auto Cambodia សហការរៀបចំជាមួយសារព័ត៌មានអេឡិចត្រូនិក ThmeyThmey.com និង Fresh News ដើម្បីចូលរួមលើកកម្ពស់វិស័យទេសចរណ៍នៅទូទាំងប្រទេស ដោយស្វែងរក និងគាស់កកាយតំបន់ទេសចរណ៍ ដែលគេមិនសូវស្គាល់ពីតំបន់ទេសចរណ៍សក្តានុពលទាំងនោះ និងពង្រីកសក្តានុពលតំបន់ទេសចរណ៍ ដែលមានស្រាប់ឲ្យកាន់តែមានសកម្មភាពរស់រវើក។
បេសកកម្មលើកទី១, ទី២ និងទី៣ នៃកម្មវិធី «Mercedes-Benz និង កំណប់អាថ៌កំបាំង » នេះ បានទទួលជោគជ័យយ៉ាងអស្ចារ្យ ដោយក្រុមការងារបានរួមចំណែកលើកកម្ពស់តំបន់អេកូទេសចរណ៍អូរសោម ក្នុងខេត្តពោធិ៍សាត់, ការឡើងភ្នំឱរ៉ាល់ដែលមានកម្ពស់ ១៨១៣ម៉ែត្រ ស្ថិតនៅខេត្តកំពង់ស្ពឺ និងថ្មីៗនេះក្រុមការងារបានទៅដល់តំបន់ទេសចរណ៍សក្តានុពលបែបធម្មជាតិ និងទេសចរណ៍វប្បធម៌នៅខេត្តរតនគិរី៕
Tag:
រតនគិរី
វើនសៃ
ចម្រុះជាតិសាសន៍
ចិន
ខ្មែរ
វៀតណាម
ឡាវ
ដើមភាគតិច
© រក្សាសិទ្ធិដោយ thmeythmey.com