ជាតិ
បោះឆ្នោត
ក្រចេះ៖ CPP បានសំឡេងជាង១០ម៉ឺន ហ្វ៊ុនស៊ិនប៉ិច និងសន្លឹកអត់បានការមានជាង១ម៉ឺនដូចគ្នា
× ខេត្តក្រចេះ មាន៣អាសនៈ ដោយគណបក្សប្រជាជនកម្ពុជាទទួលបានសំឡេងគាំទ្រជិត៧១ភាគរយក្នុងចំណោមអ្នកដែលបានទៅបោះឆ្នោតកាលពីថ្ងៃអាទិត្យ ទី២៩ ខែកក្កដា។ នេះបើតាមលទ្ធផលបឋមដែលផ្សាយដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)។
ការរាប់សន្លឹកឆ្នោតបឋមសរុបទាំង៥៥៥ការិយាល័យនៅមណ្ឌលខេត្តក្រចេះ បង្ហាញថា អ្នកទៅបោះឆ្នោតមានចំនួន១៥៥ ០៦៦នាក់ ពោលគឺស្មើ៨១,៧០ភាគរយក្នុងចំណោមអ្នកមានឈ្មោះក្នុងបញ្ជីសរុប ១៨៩ ៨០៣នាក់។ ទាក់ទងនឹងចំនួនសំឡេងឆ្នោត សន្លឹកបានការមាន ១៤៤ ៥២៥សំឡេង និងមិនបានការមាន១០ ៥៣៤សំឡេង។
ក្នុងចំណោមគណបក្សទាំង១៣ ដែលបានចូលរួមប្រកួតប្រជែង បក្សប្រជាជនកម្ពុជាទទួលបាន១០៩ ៧៧៨សំឡេង ស្មើ៧០,៧៩ភាគរយ។ គណបក្សហ្វ៊ុនស៊ិនប៉ិច ឈរនៅចំណាត់ថ្នាក់លេខពីរ ដោយមានសំឡេងគាំទ្រ ១១ ១៥៥សំឡេង ស្មើ៧,១៩ភាគរយ ពោលគឺប្រហាក់ប្រហែលនឹងចំនួនសន្លឹកឆ្នោតមិនបានការ។
គណបក្សផ្សេងទៀតទទួលបានសន្លឹកឆ្នោតគាំទ្រចន្លោះពី១០០០ទៅជាង៥០០០ ដោយបក្សដែលបក្សដែលខ្ពស់លំដាប់បន្ទាប់មាន គណបក្សឆន្ទៈខ្មែរ គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ គណបក្សខ្មែរសាធារណរដ្ឋ គណបក្សយុវជនកម្ពុជា គណបក្សជនជាតិដើមភាគតិចប្រជាធិបតេយ្យ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន និងគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ៕
© រក្សាសិទ្ធិដោយ thmeythmey.com