ជាតិ
ខេត្តក្រចេះ ទឹកទន្លេមេគង្គក្នុងឡើងជិតដល់កម្រិតប្រកាសឱ្យប្រុងប្រយ័ត្ន រូបភាពពីហ្វេសប៊ុកក្រសួងធនធានទឹក
× ក្រចេះ៖ ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ ២០១៨ ទឹកទន្លេមេគង្គក្នុងខេត្តក្រចេះ បានបន្តកើនឡើងដល់កម្ពស់ ២១,៥៦ម៉ែត្រ ជិតដល់កម្ពស់ទឹកប្រកាសឱ្យប្រុងប្រយ័ត្ន ២២ម៉ែត្រ។ តំបន់ទំនាបមួយចំនួននៅតាមដងទន្លេក្នុងខេត្ត ក៏ត្រូវទឹកលិចចូលជាបណ្តើរៗដែរ។ នេះបើតាមការឱ្យដឹង ពីក្រសួងធនធានទឹក និងឧតុនិយម។
បើតាមសេចក្ដីជូនដំណឹង ចុះថ្ងៃទី៣០ ខែកក្កដា របស់អភិបាលខេត្តក្រចេះ និងជាគណៈកម្មាធិការគ្រប់គ្រងមហន្តរាយខេត្ត លោក វ៉ា ថន បានប្រាប់ទៅមន្ត្រីអាជ្ញាធរខេត្តក្រចេះ ដែលពាក់ព័ន្ធត្រៀមប្រចាំការដើម្បីជួយជម្លៀសប្រជាពលរដ្ឋ សត្វចិញ្ចឹម និងសម្ភារប្រើប្រាស់ដែលនឹងអាចរងការលិចលង់ ទៅកាន់ទីទួលសុវត្ថិភាព និងទីតាំងខ្ពស់ៗ ឱ្យបានទាន់ពេលវេលា ព្រមទាំងពង្រឹងសន្តិសុខ សុវត្ថិភាពឱ្យបានហ្មត់ចត់។
អភិបាលខេត្តក្រចេះ បានបន្តថា មន្ទីរធនធានទឹក និងឧតុនិយមខេត្ត និងមន្ទីរព័ត៌មាន ត្រូវតាមដានស្ថានភាពអាកាសធាតុ និងស្ថានភាពទឹកជំនន់ ព្រមទាំងផ្ដល់ព័ត៌មាន ហើយផ្សព្វផ្សាយឱ្យទាន់ពេលវេលា។ ជាមួយគ្នានេះ ប្រជាពលរដ្ឋទាំងអស់ត្រូវប្រុងស្មារតី និងប្រយ័ត្នដោយត្រៀមលក្ខណៈ រៀបចំនូវសម្ភារ និងរបស់របរផ្សេងៗ ជម្លៀសចេញពីលំនៅដ្ឋាន ដែលអាចនឹងលិចទឹក ទៅកាន់ទីទួលសុវត្ថិភាព ឬទីតាំងខ្ពស់ ដើម្បីចៀសផុតពីគ្រោះថ្នាក់កើតឡើង ដោយសារទឹកជំនន់។
ប្រជាពលរដ្ឋដែលមានលំនៅដ្ឋានជាប់ច្រាំងទន្លេ ត្រូវប្រុងប្រយ័ត្ន និងចាកចេញជាបណ្ដោះអាសន្ន ពីព្រោះច្រាំងទន្លេងាយទទួលរងនូវការបាក់។ នេះជាការបន្ថែម របស់លោក វ៉ា ថន និងបានបញ្ជាក់ថា៖«ការរស់នៅត្រូវមានអនាម័យ និងយកចិត្តទុកដាក់ថែទាំកុមារតូច និងចាស់ជរាឱ្យបានគត់មត់ ពីព្រោះងាយរងគ្រោះដោយទឹកជំនន់»៕
Tag:
ជំនន់ទន្លេ
វ៉ា ថន
© រក្សាសិទ្ធិដោយ thmeythmey.com