កីឡាអន្តរជាតិ
អន្តរជាតិ
គ្រូ Real ៖ Bale ជា​អ្នក​ជំនួស​តំណែង Ronaldo
31, Jul 2018 , 9:59 pm        
រូបភាព
​អ្នកចាត់ការ​ទូទៅ​ថ្មី Real Madrid លោក Julen Lopetegui ជឿជាក់ថា Gareth Bale អាចជួយ​បំពេញ​ចន្លោះប្រហោង​ក្រោយ​ការចាកចេញ​របស់ Cristiano Ronaldo បាន​។ ការលើកឡើង​បែបនេះ​មានន័យថា​ខ្សែប្រយុទ្ធ​សញ្ជាតិ​វេ​ល​សិ៍ នឹងមិន​ចាកចេញ​ទៅណា​នោះទេ ហើយ​ក្លិប​យក្ស​អេ​ស្ប៉ា​ញ​មួយ​នេះ​ក៏​ប្រហែលជា​មិន​រក​កីឡាករ​ល្បី​រូប​ណា​ផ្សេងទៀត​មកកាន់​ទឹកដី Bernabeu នៅ​រដូវ​កាល​ថ្មី​នេះដែរ​។​



Bale ធ្លាប់​ត្រូវបាន​សារព័ត៌មាន​ចុះផ្សាយ​ថា​ចង់​ចាក​ចេញពី Real បន្ទាប់ពី​មិនជា​ប់​ក្នុង​ជម្រើស​ដំបូង​កាល​ស្ថិតក្រោម​ការដឹកនាំ​រប​ស់លោក Zinedine Zidane កាលពី​រដូវ​កាល​មុន ដោយសារ​វត្តមាន Ronaldo និង Isco ជាដើម​។ Manchester United ក៏​ជា​ក្លិប​មួយ​ដែល​បានបង្ហាញ​ការចាប់អារម្មណ៍​លើ​រូបគេ​ផងដែរ​។​

​ប៉ុន្តែ​ក្រោយ អតីត​គ្រូ​ជម្រើសជាតិ​អេ​ស្ប៉ា​ញ​ឡើងមក​ដឹកនាំ ហើយ Ronaldo បាន​ផ្លាស់​ទៅ​ចូលរួម​ជាមួយ Juventus ទៀត​នោះ ជាហេតុ​ធ្វើ​ឲ្យ​អតីត​សមាជិក​ក្រុម Tottenham Hostpur ហាក់​សម្លឹង​ឃើញ​តំណែង​របស់ខ្លួន​វិញ​។​



« Bale រីករាយ​នឹង​បន្ត​លេង​ឲ្យ Real Madrid​។ Ronaldo គឺជា​កីឡាករ​ដ៏​សំខាន់​ម្នាក់​នៅក្នុង​ប្រវត្តិសាស្ត្រ​របស់​ក្លិប Real Madrid នាពេល​បច្ចុប្បន្ន​។ ប៉ុន្តែ​គាត់​មានបំណង​ចង់​ចាកចេញ ហើយ​យើង​ក៏បាន​អនុញ្ញាតិ​»​។ លោក Lopetegui និយាយ​ដូច្នេះ​។​

​អ្នកចាត់ការ​វ័យ​៥១​ឆ្នាំ បន្ថែមថា​៖« Gareth Bale គឺជា​កីឡាករ​ដ៏​ឆ្នើម​ម្នាក់​ដែលមាន​គុណសម្បត្តិ​ច្រើន​គ្រប់គ្រាន់​ដើម្បី​ជួយ​បំពេញ​ចន្លោះប្រហោង​នេះ​បាន​»​។​
​ខ្សែប្រយុទ្ធ​វ័យ​២៩ ឆ្នាំ​រូបនេះ បាន​ផ្លាស់​ទៅ​ចូលរួម​ជាមួយ​ក្លិប​រហស្សនាម​ស្តេច​ស​កាលពី​ឆ្នាំ ២០១៣ ក្នុងតម្លៃ​បំបែក​កំណត់ត្រា ៨៧​លាន​ផោន (១១៤​លាន​ដុល្លារ​អាមេរិក​)​។ ក្រោយ​ការ​ស្នាក់​រយៈពេល​៥​ឆ្នាំ Bale បានឈ្នះ​ពាន Champions League ចំនួន​៤​ដង ដោយ​លើកចុងក្រោយ រូបគេ​ជា​អ្នក​ស៊ុត​បញ្ចូល​ទី​ដល់​ទៅ​ពីរ​គ្រាប់​ក្នុង​ជ័យជម្នះ ៣-១ លើ​ក្រុម Liverpool ក្នុងការ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​កាលពី​ខែឧសភា​កន្លងទៅ​៕


Tag:
 បាល់ទាត់​
  Real Madrid
  Gareth Bale
  Cristiano Ronaldo
  Julen Lopetegu
© រក្សាសិទ្ធិដោយ thmeythmey.com