កីឡាអន្តរជាតិ
អន្តរជាតិ
Man Utd ចង់បាន Zidane មក​ដឹកនាំ ប្រសិន Mourinho ចាកចេញ​
01, Aug 2018 , 7:39 pm        
រូបភាព
Zinedine Zidane នឹង​ក្លាយជា​ជម្រើស​ទី​១​របស់​ក្លិប Manchester United  ប្រសិនបើ​អ្នកចាត់ការ​ទូទៅ​បច្ចុប្បន្ន​លោក Jose Mourinho ចាកចេញ​។ នេះ​បើតាម​ការផ្សាយ​របស់ The Sun​។​



​ការបង្ហាញ​ខ្លួន​ក្នុង​ការប្រកួត​កំដៅ​សាច់ដុំ​មុន​បើក​រដូវ​កាល​ថ្មី ២០១៨-២០១៩ លើ​ទឹកដី​អាមេរិក​ប៉ុន្មាន​ប្រកួត​នេះ ក្រុម​បិសាច​ក្រហម​នៅ​មិនទាន់​ធ្វើ​បានល្អ​នោះទេ​សម្រាប់​ការ​ដឹ​នាំ​របស់​អ្នកចាត់ការ Special One​។

​បើ​យោងតាម​ប្រភពពី Old Trafford ប្រសិនបើ​អ្នកចាត់ការ​សញ្ជាតិ​ព័រ​ទុយ​ហ្គា​ល់ វ័យ​៥៥​ឆ្នាំ​ចាក​ចេញពី Man Utd ដោយសារ​មិនបាន​ជួយ​ក្រុម​ឈ្នះ​ពាន​ធំ​ណាមួយ​នោះ ជម្រើស​ដំបូង​គេ​ដើម្បី​ជំនួស​តំណែង​នេះ​គឺ Zidane​។ Mourinho នៅជាប់​កិច្ចសន្យា​រយៈពេល​២​ឆ្នាំ​ទៀត ពោលគឺ​រហូតដល់​ឆ្នាំ​២០២០​។​

​អ្នកចាត់ការ​សញ្ជាតិ​បារាំង វ័យ​៤៦​ឆ្នាំ បាន​ដើរ​ចេញពី​កៅអី​អ្នកចាត់ការ Real Madrid ក្រោយ​ជួយ​ក្រុម​ឈ្នះ​ពានរង្វាន់ Champions League បី​រដូវ​កាល​ជាប់​គ្នា​។​



Zizou បាន​ស្ថិតក្នុង​បញ្ជី​នាំមុខគេ​ក្នុង​តំណែង​អ្នក​អ្នកចាត់ការ​ថ្មី​របស់ Man Utd ដូច​កាលដែល​លោក Mourinho បានធ្វើ​ក្នុង​រដូវ​កាល​ចុងក្រោយ​របស់លោក Louis van Gaal នៅ​ទឹកដី Old Trafford ដែរ​។​

​ចំពោះ​ការដឹកនាំ​របស់​អតីត​អ្នកចាត់ការ Inter Milan, Real Madrid, Porto និង Chelsea បានទទួល​ភាព​តានតឹង​ខ្លាំង បន្ទាប់ពី​ស្ថិតនៅ​ក្រុង Manchester មិន​ទទួលពាន​អ្វី​សោះ​កាលពី​រដូវ​កាល​មុន​បើ​ទោះ​បាន​ចំណាយ​ប្រាក់​ច្រើន​គួរសម​ហើយ​ថែមទាំង​តាម​ពីក្រោយ​ម្ចាស់​ជើងឯក​ពាន​កំពូល​អង់គ្លេស Manchester City រហូត ១៩​ពិន្ទុ​។​

​សម្រាប់​រដូវ​កាល​ថ្មី​នេះ Mourinho ក៏បាន​នាំចូល​កីឡាករ​មួយចំនួន​មក​ពង្រឹង​ក្រុម​បន្ថែមទៀត​ផងដែរ​ដូចជា​ខ្សែបម្រើ​ប្រេ​ស៊ី​ល Fred ពី Shakhtar Donetsk និង​ខ្សែការពារ Diogo Dalot ពី Porto​។ ប្រសិនបើ​ម្ចាស់​ជើងឯក​ក្របខណ្ឌ​កំពូល​អង់គ្លេស​២០​សម័យ​ធ្វើ​មិនបាន​ល្អ​នៅ​រដូវ​កាល​ថ្មី​ទៀត​នោះ នឹងត្រូវ​ប្រឈមមុខ​នឹង​ការចាកចេញ​ជាមិនខាន​៕


Tag:
 បាល់ទាត់​
  Zinedine Zidane
  Jose Mourinho
  Manchester United
© រក្សាសិទ្ធិដោយ thmeythmey.com