កីឡាអន្តរជាតិ
អន្តរជាតិ
Son សង្ឃឹម​ជួយ​ជម្រើសជាតិ​ឈ្នះ​មេដាយមាស Asian Games ដើម្បី​ផុត​កាតព្វកិច្ច​យោធា​
02, Aug 2018 , 8:59 am        
រូបភាព
​ខ្សែប្រយុទ្ធ Son Heung-min នឹង​ខកខាន​ការចាប់ផ្តើម​រដូវ​កាល​ថ្មី​ក្នុង​ក្របខណ្ឌ Premier League ជាមួយ Tottenham Hotspur ដើម្បី​ទៅ​ចូលរួម​ឲ្យ​ក្រុម​ជម្រើសជាតិ​កូរ៉េខាងត្បូង នៃ​ព្រឹត្តិការណ៍​កីឡា Asian Games នៅ​ឥណ្ឌូណេស៊ី​។ Son រំពឹងថា​អាចជួយ​ក្រុម​ឈ្នះ​មេដាយមាស​លើ​វិញ្ញាសា​កីឡាបាល់ទាត់​ផ្នែក​បុរស ដើម្បី​រួចផុត​កាតព្វកិច្ច​យោធា​នៅ​ប្រទេស​កំណើត​។​



​នៅក្រោម​ច្បាប់​របស់​ប្រទេស​កូរ៉េខាងត្បូង បុរស​ទាំងអស់​ត្រូវមាន​កាតព្វកិច្ច​យោធា​រយៈពេល ២១​ខែ នៅមុន​អាយុ ២៨​ឆ្នាំ​។ ដូច្នេះ Son ដែល​បច្ចុប្បន្ន​មាន​វ័យ​២៦​ឆ្នាំ ក៏​នឹង​ឈានដល់​ពេលវេលា​ត្រូវបំពេញ​កាតព្វកិច្ច​យោធា​ជូន​ជាតិ​ចាប់ពី​ខែកក្កដា ឆ្នាំ​២០១៩ តទៅ​។

​តែ​យ៉ាងណាក៏ដោយ រដ្ឋាភិបាល​កូរ៉េខាងត្បូង​ក៏បានផ្តល់​ការលើកលែង​វិញ​ដែរ សម្រាប់​អត្ត​ព​លិ​ក​រូប​ណា ដែល​ទទួលជោគជ័យ​ក្នុងការ​ប្រកួត​ធំៗ​សម្រាប់​ប្រទេសជាតិ​។ នេះ​មានន័យថា ប្រសិនបើ​ជម្រើសជាតិ​កូរ៉េខាងត្បូង និង​ខ្សែប្រយុទ្ធ​កំពុង​ឡើង​ជើង​របស់​ក្រុម​រហស្ស​នាម​មាន់​ខ្នាយ​មាស អាច​ឈ្នះ​ពាន​ក្នុង​ព្រឹត្តិការណ៍​កីឡា​អាស៊ី (Asian Game) ឆ្នាំ ២០១៨ នោះ រូបគេ​នឹងត្រូវ​បានផ្តល់​ការលើកលែង​ពី​កាតព្វកិច្ច​យោធា​នេះ​មិន​ខាន​។​

​យ៉ាងណាមិញ ប្រសិនបើ​អតីត​សមាជិក Bayer Leverkusen រូបនេះ​មិនអាច​ជួ​យជ​ម្រើ​ស​ជាតិ​លើក​ពាន​នេះ​ទេ រូបគេ​នឹងត្រូវ​អវត្តមាន​ឲ្យ Spurs រហូតដល់​ទៅ​២​រដូវ​កាល ពោលគឺ​ក្នុង​រដូវ​កាល ២០១៩-២០២០ និង ២០២០-២០២១ ដើម្បី​ទៅ​បំពេញ​កិច្ចការ​យោធា ហើយនឹង​អាច​ប៉ះពាល់​ដល់​អាជីព​ជា​កីឡាករ​បាល់ទាត់​នេះដែរ​។​

​ដោយឡែក​ក្នុងការ​បង្ហាញខ្លួន​ឲ្យ​ជម្រើសជាតិ​សម្រាប់​ព្រឹត្តិការណ៍​កីឡា​អាស៊ី​ដែល​រៀបចំឡើង​ក្នុង​ក្រុង​ហ្សា​ការតា​ចាប់ពី​ថ្ងៃទី​១៨ ខែសីហា រហូតដល់​ថ្ងៃទី​២ ខែកញ្ញា​នោះ Son នឹង​ខកខាន​សម្រាប់​ការប្រកួត​បើក​ឆាករ​ដូ​វ​កាល​ថ្មី​ពេល Spurs ជួប Newcastle រូ​ម​ទាំង​ជំនួប​ទល់នឹង Fulham, Manchester United និង Watford ផងដែរ​៕



Tag:
 បាល់ទាត់​
  Asian Games
  Son Heung-min
  ឥណ្ឌូណេស៊ី​
© រក្សាសិទ្ធិដោយ thmeythmey.com