កីឡាអន្តរជាតិ
អន្តរជាតិ
កុមារ​ហ្វីលីពីន Clark Kent បំបែក​កំណត់ត្រា​២៣​ឆ្នាំ​របស់ Michael Phelps
02, Aug 2018 , 8:19 pm        
រូបភាព
កុមារ Clark Kent Apuada និង Michael Phelps
កុមារ Clark Kent Apuada និង Michael Phelps
​កីឡាករ​ហែល​ទឹក​វ័យក្មេង​អាយុ​ត្រឹម ១០​ឆ្នាំ បាន​បំបែក​កំណត់ត្រា​របស់​ម្ចាស់​មេដាយមាស​កីឡា​អូឡាំពិក​៤​សម័យកាល Michael Phelps ដែល​គ្មាន​អ្នក​បំបែក​បាន​រយៈពេល​២៣​ឆ្នាំ​មក លើ​វិញ្ញាសា​ហែល​មេអំបៅ ចម្ងាយ​១០០​ម៉ែត្រ​។



​កុមារា Clark Kent Apuada ដែល​មិត្តភក្តិ​របស់គេ​ឲ្យ​រហស្សនាម​ថា «Superman» បាន​ចូលរួម​ប្រកួត​លើ​វិញ្ញាសា​ហែល​ម៉េ​អំបៅ​ចម្ងាយ ១០០​ម៉ែត្រ ដោយ​ប្រើ​ថេរវេលា​ត្រឹម ១​នាទី​នឹង​៩​វិនាទី នៅឯ​កម្មវិធី Far Western Long Course Championship ក្នុង​រដ្ឋ California សហ​រដ្ឋា​អាមេរិក នៅ​ថ្ងៃទី​២៩ ខែកក្កដា​កន្លងទៅ​។​


កុមារ Clark Kent Apuada ដែលមានអាយុត្រឹម១០ឆ្នាំ

១:៩​នាទី​នោះ ជា​ល្បឿន​លឿន​ជាង​កំណត់ត្រា​របស់ Michael Phelps ដែល​ធ្វើបាន ក្នុង​អាង​ហែល​ទឹក Far Western ដូចគ្នា​នោះ​កាលពី​ឆ្នាំ​១៩៩៥ ដោយ​ប្រើ​ថេរវេលា ១:១០,៤៨​នាទី ក្នុង​ប្រភេទ​កីឡា​វ័យក្មេង​ត្រឹម​អាយុ​ប្រហែល​១០​ឆ្នាំ​នេះដែរ​។ កំណត់ត្រា​របស់ Phelps ដែល​ធ្វើបាន​កាលនោះ ត្រូវបាន​ក្មេងប្រុស​កូនកាត់​ហ្វីលីពីន​-​អាមេរិក Clark Kent បំបែក​បាន​នៅ ២៣​ឆ្នាំក្រោយ​។​



Clark Kent ជា​សិស្ស​ថ្នាក់​ទី ៥ ដែលមាន​ដើមកំណើត​ហ្វីលីពីន សញ្ជាតិ​អាមេរិក បាន​ប្រាប់​គេហទំព័រ​ព័ត៌មាន​អាមេរិក HuffPost ថា​រូបគេ​មាន​ក្តី​សុបិន​ចង់​បំបែក​ឯតទគ្គ​កម្ម​រប​ស់ Phelps តាំងពី​ចាប់ផ្តើម​ហែល​ទឹក​នៅ​អាយុ ៧​ឆ្នាំ​មក​ម្លេះ​។

«​ខ្ញុំ​ទទួលបាន​ការលើកទឹកចិត្ត​ខ្លាំងណាស់​។ ខ្ញុំ​ពិតជា​សប្បាយចិត្ត ហើយ​ខ្ញុំ​មាន​អារម្មណ៍​ធូរស្រាល​ដែល​ខ្ញុំ​អាច​យកឈ្នះ​កំណត់ត្រា​នេះ​បាន​»​។ Clark Kent និយាយ​ដូច្នេះ​បន្ទាប់ពី​ទទួល​ជ័យជម្នះ​ក្នុងការ​ប្រកួត​នោះ​។​

​រូបគេ​បន្ថែមថា​៖«​មនុស្ស​ភាគច្រើន​ធ្លាប់តែ​ហៅ​ខ្ញុំ​ថា Clark តែ​នៅពេលដែល​ខ្ញុំ​ផ្តួល​កំណត់ត្រា​របស់ Michael Phelps ពួកគេ​ចាប់ផ្តើម​ហៅ​ខ្ញុំ​ថា Superman​។ ខ្ញុំ​គិតថា បើ​ខ្ញុំ​មានគំនិត​វិជ្ជមាន នោះ​រឿង​វិជ្ជមាន​នឹង​កើតឡើង​មកលើ​ខ្ញុំ​»​។​

​ក្រោយ​លឺដំណឹង​ពី​ព័ត៌មាន​ខាងលើ Phelps ក៏បាន​សរ​សេសារ​ជូនពរ​ដល់​ក្មេងប្រុស​នោះ​លើ Twitter ដែល​បាន​បំបែក​កំណត់ត្រា​របស់ខ្លួន​ផងដែរ​។​


Phelps ម្ចាស់​មេដាយមាស​លំដាប់​ពិភពលោក​ច្រើនជាងគេ​ក្នុង​ប្រវត្តិសាស្ត្រ បាន​ចូលរួម​ប្រកួត​កីឡា​អូឡាំពិក​ជា​លើកដំបូង​នៅ​វ័យ​១៥​ឆ្នាំ​។ កំពូល​អ្នក​ហែល​ទឹក​អាមេរិក វ័យ ៣៣​ឆ្នាំ​រូបនេះ បានក្លាយ​ទៅជា​កីឡាករ​អូឡាំពិក​ដែល​គ្រង​មេដាយមាស​សរុប​ចំនួន ២៨៕




Tag:
 ហែល​ទឹក​
  Michael Phelps
  Clark Kent Apuada
© រក្សាសិទ្ធិដោយ thmeythmey.com