ជាតិ
សង្គមជាតិ
ករណី​ចិន​បង្ហូរ​សំរាម​តាម​ទឹក​៖ អភិបាលខេត្ត​ព្រះសីហនុ កំពុង​ប្រមូល​ភស្តុតាង ដើម្បី​ចាត់វិធានការ​តាមច្បាប់​
03, Aug 2018 , 12:22 pm        
រូបភាព
ដោយ:
​ព្រះសីហនុ​៖ អាជ្ញាធរខេត្ត​ព្រះសីហនុ កំពុង​ប្រមូល​ភស្តុតាង​មួយចំនួន ដើម្បី​ចាត់វិធានការ​តាមផ្លូវ​ច្បាប់ លើ​ជន​ជាតិចិន ដែល​បាន​បង្ហូរ​សំរាម​តាម​ទឹកភ្លៀង ហើយ​នាំ​ឲ្យ​ប៉ះពាល់​ដល់​បរិស្ថាន កាលពី​ថ្ងៃទី​២ សីហា​។ ចំណាត់ការ​អាជ្ញាធរ​នេះ ធ្វើឡើង​បន្ទាប់ពី​មាន​វីដេអូ​បង្ហោះ​លើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ដែល​ប្រជាពលរដ្ឋ​ថត​បាន​សកម្មភាព​ជនជាតិ​ចិន​បង្ហូរ​សំរាម​តាម​ទឹក ។​



​អភិបាលខេត្ត​ព្រះសីហនុ លោក យន្ត មីន បាន​និយាយថា អាជ្ញាធរ​ក្រុង និង​មន្ត្រី​ជំនាញ​បរិស្ថាន​បាន​ចុះទៅ​ពិនិត្យមើល ករណី​ជនជាតិ​ចិន​ចោល​សំរាម​នេះហើយ ដើម្បី​វាយតម្លៃថា​តើ ការ​ចោល​សំរាម​នេះ​នាំ​ឲ្យ​មានការ​ប៉ះពាល់​អ្វីខ្លះ​? មុននឹង​អាជ្ញាធរ​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​។ 
 
«​ក្នុង​ដំណាក់​ដំបូង​នេះ​មន្ត្រី​យើង​បាន​ទៅ​ព្រមាន និង​ណែនាំ​ហើយ​អប់រំ​គាត់​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក យន្ត មីន ដែល​បាន​បន្ថែមថា បើ​ករណីនេះ វា​មាន​ផលប៉ះពាល់​ធ្ងន់ធ្ងរ នោះអាជ្ញាធរ​នឹងដាក់​ពិន័យ​តាមច្បាប់​តែម្ដង​។​
 
​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ​តាម​ទូ​សព្ទ អភិបាលខេត្ត​ព្រះសីហនុ​រូបនេះ បាន​និយាយថា ក្រៅពី​ជនបរទេស ក៏មាន​ពលរដ្ឋ​ខ្មែរ​ខ្លះ បង្ហូរ​សំរាម​ដែល​នាំ​ឲ្យ​ប៉ះពាល់​ដល់​បរិស្ថាន​នេះដែរ ហើយ​អាជ្ញាធរ​កំពុងតែ​ផ្លាស់ប្តូរ​ឥរិយាបទ​របស់​ពួកគាត់​ឱ្យមាន​ការ​ទុកដាក់​សំរាម​ឱ្យបាន​ត្រឹមត្រូវ​។ លោក យន្ត មីន បានបញ្ជាក់​ដូច្នេះ​ថា​៖«​ក្នុងករណី​ចោល​សំរាម​នេះដែរ កុំថាឡើយ​តែ​ជនបរទេស ក្នុងនោះ​ក៏មាន​ជនជាតិខ្មែរ​មួយចំនួន​នៅតែ​ចោល​សំរាម​ផងដែរ នៅពេល​ដែលមាន​ភ្លៀង​ធ្លាក់​មក​ម្ដងៗ ហើយ​ក៏មាន​សំរាម​ហូរ​មក​តាម​ទឹកជា​ហូរហែរ​»​។​
 
​អភិបាលខេត្ត​ព្រះសីហនុ​រូបនេះ បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ និង​ជនបរទេស​ទាំងអស់​គោរព​ច្បាប់ និង​ជួយ​ការពារ​ថែរក្សា​អនាម័យ និង​បរិស្ថាន​ឲ្យ​បាន​ត្រឹមត្រូវ ដើម្បី​ជា​ប្រយោជន៍​មួយ​សម្រាប់​ជា​ប្រយោជន៍​រួមគ្នា​៕



 

Tag:
 ​យន្ត មីន​
  ចិន​
  សំរាម​
© រក្សាសិទ្ធិដោយ thmeythmey.com