ជាតិ
សង្គមជាតិ
លោក ផាន់ ភឿន យកដីក្រោយផ្ទះជាង១០០ម៉ែត្រដាំក្រូចពោធិ៍សាត់ និងក្រូចឆ្មារដោះបន្ទុកគ្រួសារប្រចាំថ្ងៃ
× សៀមរាប៖ លោក ផាន់ ភឿន ជាអ្នកស្រុកប្រាសាទបាគង ហើយផ្ទះរបស់លោកនៅជិតក្លោងទ្វារខាងកើតប្រាសាទបាគងតែម្ដង។ លោក ភឿន មានដីមិនច្រើនទេ។ លោកមានដីក្រោយផ្ទះទទឹងប្រមាណជាង ៣០ម៉ែត្រ និងបណ្តោយជាង១០០ម៉ែត្រ ហើយលោកបានដាំដំណាំជាច្រើនមុខ ក្នុងនោះមានចេក បន្លែ តែច្រើនជាងគេ គឺក្រូចពោធិ៍សាត់ និងក្រូចឆ្មារ។ ដំណាំទាំងនោះបានហុចផលឱ្យគ្រួសារលោក ផាន់ ភឿន ជាប្រចាំដែលអាចឱ្យលោកដោះស្រាយបន្ទុកក្នុងគ្រួសារលោកជាប្រចាំផងដែរ។
ដោយមិននិយាយពីដំណាំផ្សេងៗ អ្នកស្រុកប្រាសាទបាគង មានដីមិនច្រើនទេ តែពួកគេបានដាំដុះដំណាំផ្សេងៗជុំវិញ។ ដាំណាំដែលឃើញច្រើនជាងគេនៅជុំវិញផ្ទះ មានក្រូចពោធិ៍សាត់ និងក្រូចឆ្មារតែម្ដង។ រដូវនេះ ជារដូវដែលក្រូចពោធិ៍សាត់ហុចផល ចំណែកឯផ្លែមានសឹងគ្រប់ផ្ទះ តាមការដាំច្រើនឬតិច របស់អ្នកភូមិ។
នៅផ្ទះលោក ផាន់ ភឿន មានចម្ការផ្លែក្រូចពោធិ៍សាត់ និងក្រូចឆ្មារ ដែលលោក ភឿន ដាំប្រមាណ ១០ឆ្នាំមកហើយ។ លោកថា ដំណាំផ្លែឈើទាំងនោះមិនមានប្រើសារធាតុគីមីអ្វីទេ គឺដាក់តែជីអាចម៍គោ ស្លឹកឈើ និងបន្ថែមជីសរីរាង្គខ្លះ។
ក្នុងរដូវក្រូចពោធិ៍សាត់នេះ លោក ភឿន លក់ក្រូចបានចំណូលគួរសម ដែលច្រើនគេមកទិញដល់ផ្ទះលោកតែម្តង។ ចំណែកក្រូចឆ្មារវិញ ដែលហុចផ្លែខួបនោះ លោកភឿន លក់បានក្នុងមួយគីឡូចន្លោះពី៣ពាន់រៀល ទៅ១ម៉ឺនរៀលឯណោះ ទៅតាមរដូវកាល។ លោក ភឿន ប្រាប់ថា ចង់ដាំក្រូចឆ្មារ ឬក្រូចពោធិ៍សាត់ឱ្យល្អ គឺមើលទៅតាមដី ដែលដំណាំប្រភេទនេះអាចលូតលាស់ល្អនៅលើដីដែលមានជីវភាពល្អ និងត្រូវការទឹកច្រើន៕
Tag:
ផាន់ ភឿន
ក្រូច
ពោធិ៍សាត់
© រក្សាសិទ្ធិដោយ thmeythmey.com