ជាតិ
បទយកការណ៍ / បទសម្ភាសន៍
ម្ចាស់​ផ្សារ​មួយ​នៅ​សៀមរាប រៀប​កន្លែង​លក់​បន្លែ​សុវត្ថិ​ភាពមិន​យក​កម្រៃ ព្រោះ​ចង់​លើកស្ទួយ​ទិន្នផល​កសិករ​
04, Aug 2018 , 10:59 pm        
រូបភាព
​សៀមរាប​៖ រយៈពេល​ជាង​១​ឆ្នាំ​មកហើយ ដែល​ផ្សារ​ផលិតផល​កម្ពុជា បង្កើតឡើង​ដោយ​យុវជន​មួយរូប បានរៀបចំ​កន្លែង​សម្រាប់​ឱ្យមាន​ការលក់​បន្លែ​សុវត្ថិភាព​ដោយ​មិន​គិតថ្លៃ​។ បន្លែ​ទាំងនោះ ត្រូវបាន​ដាំ ប្រមូល និង​លក់​ដោយ​បណ្ដាញ​សហគមន៍​កសិករ​នៅក្នុង​ខេត្តសៀមរាប ដែល​មានការ​ជ្រោមជ្រែង និង​បង្រៀន​បច្ចេកទេស​ដោយ​អង្គការ អា​ហ្គ្រី​ស៊ូ​ត​។ ជាង​មួយឆ្នាំ​មកនេះ សន្ទុះ​នៃ​ការលក់ និង​ទិញ​បន្លែ​សុវត្ថិភាព​របស់​ពលរ​ដ្ឋ​ហាក់​មានការ​កើនឡើង ដោយ​ពួកគេ​បាន​យល់ច្បាស់​ពី​បន្លែ​សុវត្ថិភាព និង​បន្លែ​ដែល​ប្រើ​ថ្នាំ​គីមី​ខ្ពស់​។

 
​ផ្សារ​បន្លែ​សុវត្ថិភាព​នៅក្នុង​ផ្សារ​ផលិតផល​កម្ពុជា បើក​លក់​រៀងរាល់ថ្ងៃ​ចាប់ពី​ម៉ោង​៨​ដល់​ម៉ោង​១២ ថ្ងៃត្រង់​។ មាន​អតិថិជន​ជាច្រើន​ដែល​តែង​ទិញ​បន្លែ និង​ផ្លែឈើ ដែល​ត្រូវបាន​អ្នកភូមិ​ឆ្ងាយៗ​ក្នុង​ខេត្តសៀមរាប យកមក​លក់ នៅ​តំបន់​ប្រជុំជន​ក្បែរ​ផ្សារ​ចាស់​។ បន្លែ​ទាំងនោះ មិនមាន​ជា​ទៀងទាត់​ទេ ជារួម​ថ្ងៃ​ខ្លះ​មាន​បន្លែ​នេះ ថ្ងៃ​ខ្លះ​មាន​បន្លែ​នោះ ទៅតាម​ពេលវេលា​ដែល​អ្នកភូមិ​ដាំ​។ 
 
​លោក អ៊ុន សុវណ្ណ ម្ចាស់​ផ្សារ​ផលិតផល​កម្ពុជា បានឱ្យដឹងថា លោក​សប្បាយ​ពេល​ឃើញ​ការលក់ដូរ​នៅ​ផ្សារ​បន្លែ​សុវត្ថិភាព​មាន​គេ​ស្គាល់ និង​គាំទ្រ​ច្រើន​។ ក្នុងនាម​ជា​អ្នក​លើកកម្ពស់​ផលិតផល និង​ស្នាដៃ​កសិករ​មួយរូប លោក​សុំឱ្យ​ពលរដ្ឋ​ខ្មែរ​ជួយ​ទិញ​បន្លែ​សុវត្ថិភាព ដើម្បី​កម្ពស់​ជីវភាព​កសិករ​ខ្មែរ ពិសេស​ដើម្បី​សុខភាព​ខ្លួនឯង​ផងដែរ​។​ លោកអ្នកអាចរកទិញបន្លែសុវត្ថិភាពទាំងនេះបាន ដែលមានទីតាំងនៅតំបន់ឃីងរ៉ូដអង្គរ ឬនៅខាងត្បូងឈៀងកើតស្ពានថ្មផ្សារចាស់៕
 
​សូម​ស្ដាប់​បទ​សម្ភាស រវាង​អ្នកសារព័ត៌មាន​ថ្មីៗ និង​លោក អ៊ុន សុវណ្ណ ម្ចាស់​ផ្សារ​ផលិតផល​កម្ពុជា ដូចតទៅ​៖
 
 





Tag:
 ​ផ្សារ​បន្លែ​សុវត្ថិភាព
© រក្សាសិទ្ធិដោយ thmeythmey.com