កីឡាអន្តរជាតិ
អន្តរជាតិ
កម្លាំងឥណ្ឌូណេស៊ី៤ម៉ឺននាក់ ត្រៀមចូលការពារនិងធានាសន្តិសុខព្រឹត្តិការណ៍ Asian Games រូបភាព Anatara
× នៅសល់មិនច្រើនថ្ងៃទៀតនោះទេ ព្រឹត្តិការណ៍កីឡាប្រចាំតំបន់ Asian Games នឹងត្រូវចាប់ផ្តើមនៅក្នុងទឹកដីឥណ្ឌូណេស៊ីហើយ។ ក្នុងនាមជាម្ចាស់ផ្ទះ រដ្ឋាភិបាលក្រុងហ្សាការតា បានយកចិត្តទុកដាក់ខ្លាំង ជាពិសេសលើបញ្ហាសន្តិសុខ ខណៈប្រទេសដែលមានប្រជាជនឥស្លាមច្រើនបំផុតមួយនេះ ជាញឹកញាប់រងការវាយប្រហារជាពីក្រុមភេរវករ។
កងកម្លាំងប្រដាប់អាវុធ ដែលរួមមានទាហាន និងប៉ូលិសចំនួន ៤ម៉ឺននាក់ នឹងត្រូវដាក់ពង្រាយសម្រាប់ធានាសុវតិ្ថភាពនៃព្រឹត្តិការណ៍កីឡា Asian Game ២០១៨។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានឥណ្ឌូណេស៊ី The Jakarta Globe។
តាមប្រភពព័ត៌មានដដែលនោះ បញ្ហាចម្បងអំឡុងពេលនៃព្រឹត្តិការណ៍កីឡានេះ រួមមានដូចជាបទល្មើសឆក់ប្លន់តាមដងផ្លូវ ភេរវកម្ម ការកកស្ទះចរាចរណ៍ និងបញ្ហាអ័ព្ទផ្សែងជាដើម។ Asian Games នឹងត្រូវចាប់ផ្តើមពីថ្ងៃ១៨ សីហាដល់ថ្ងៃទី២ កញ្ញា ហើយនឹងមានការចូលរួមប្រកួតប្រជែងពីអត្តពលិក ១៥០០០នាក់ ដែលមកពី៤៥ប្រទេស។
សូមជម្រាបថា រដ្ឋធានីហ្សាការតា គឺជារដ្ឋមួយ ដែលមានការកកស្ទះបំផុតលេខរៀងទី១២របស់ពិភពលោក។ នេះ គឺជាក្តីបារម្ភសម្រាប់ម្ចាស់ផ្ទះក្នុងការជួយសម្រួលចរាចរណ៍ដល់អ្នកចូលរួម។ សម្រាប់បញ្ហាអព្ទ័ផ្សេងវិញ ឥណ្ឌូណេស៊ី គឺជាប្រភពអ័ព្ទធំបំផុតប្រចាំតំបន់ហើយ។ រៀងរាល់អំឡុងខែនេះ ឥណ្ឌូណេស៊ីតែងតែមានអ័ព្ទដែលបង្កពីការឆេះព្រៃពាសពេញអាកាសដែលគេព្រួយបារម្ភថាអាចយារយីកម្មវិធីបាន។
រីឯបញ្ហាសន្តិសុខវិញ មួយរយៈពេលចុងក្រោយនេះ ឥណ្ឌូណេស៊ី បានប្រតិបត្តិការចំណាត់ការក្តៅដើម្បីតាមកម្ចាត់ក្រុមភេរវករ។ កងកម្លាំងឥណ្ឌូណេស៊ី បានចាប់ខ្លួនជនសង្ស័យប៉ុនប៉ុងប្រព្រឹត្តអំពើភេរវកម្មជាបន្តបន្ទាប់ ខណៈហេតុការណ៍នៃការវាយប្រហារគ្រាប់បែកអត្តឃាត និងសកម្មភាពពាក់ព័ន្ធនឹងភេរវកម្ម ក៏កើតមានជាបន្តបន្ទាប់ដូចគ្នាផងដែរនោះ៕
Tag:
Asian Games
ឥណ្ឌូណេស៊ី
អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com