កីឡាអន្តរជាតិ
អន្តរជាតិ
អង់គ្លេស​គ្រោង​ប្រជែង​ធ្វើ​ម្ចាស់ផ្ទះ World Cup 2030 ក្រោយ​ដេញថ្លៃ​ចាញ់​រុស្ស៊ី​
05, Aug 2018 , 9:59 pm        
រូបភាព
ក្រុមជម្រើសជាតិអង់គ្លេសកាលលើកពាន World Cup ឆ្នាំ១៩៦៦
ក្រុមជម្រើសជាតិអង់គ្លេសកាលលើកពាន World Cup ឆ្នាំ១៩៦៦
 សហព័ន្ធ​កីឡាបាល់ទាត់​អង់គ្លេស (FA) កំពុង​ពិចារណា​ដាក់​ដេញថ្លៃ​ដើម្បី​ឲ្យ​អង់គ្លេស​ធ្វើជា​ម្ចាស់ផ្ទះ​ពានរង្វាន់​កីឡាបាល់ទាត់​ពិភពលោក FIFA World Cup នៅ​ឆ្នាំ​២០៣០​។​


​ព្រឹត្តិការណ៍​ការប្រកួត​ដ៏​សំខាន់​ចុងក្រោយ​ដែល​ធ្វើឡើង​ក្នុងប្រទេស​អង់គ្លេស​គឺ​ពានរង្វាន់​ជើងឯក​អឺរ៉ុប UEFA Euro ឆ្នាំ​១៩៩៦ ដែលមាន​រយៈពេល ៣០ ឆ្នាំ​បន្ទាប់ពី​ប្រទេស​នេះ​បាន​សិទ្ធិ​ធ្វើ​ម្ចាស់ផ្ទះ​រៀបចំ​ការប្រកួត World Cup ជា​លើកដំបូង​នឹង​ជា​ជើងឯក​ផង ពោលគឺ​ក្នុង​ឆ្នាំ​១៩៦៦​។​
 
BBC ផ្សាយ​ដូច្នេះ​ថា ប្រធាន FA លោក Greg Clarke និយាយថា​ក្រុមប្រឹក្សាភិបាល​របស់​គណៈ​ក​ម្មា​ធិ​ការ​បាន​យល់ព្រម​ដើម្បី​ពិនិត្យមើល និង​ពិចារណា​ដាក់​ដេញថ្លៃ​នេះ ថា​តើ​អាចធ្វើ​ទៅបាន​ឬទេ​។ តែ​យ៉ាងណា លោក Clarke បាន​បន្ថែមថា​ការងារ​នេះ​នឹងត្រូវ​សម្រេចចិត្ត​ចុងក្រោយ​រហូតដល់​ឆ្នាំ​២០១៩ ។​
 
​អង់គ្លេស​បាន​បរាជ័យ​ក្នុងការ​ដេញថ្លៃ​កាលពី​ឆ្នាំ​២០១០ ដែល​កាលនោះ​មានការ​ចូលរួម​ពី​អតីត​ប្រធាន​ក្រុម David Beckham ព្រះអង្គម្ចាស់ William រួមទាំង​អតីត​នាយករដ្ឋមន្ត្រី David Cameron ដើម្បី​ប្រជែង​ធ្វើជា​ម្ចាស់ផ្ទះ World Cup ឆ្នាំ​២០១៨។​
 
​យ៉ាងណាក៏ដោយ រុស្ស៊ី​បានឈ្នះ​ការដេញថ្លៃ​នោះ ដោយមាន​ការប្រកាស​ពី​លោក Sepp Blatter អតីត​ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​អន្តរជាតិ FIFA ។ កាលនោះ​អង់គ្លេស​មាន​អារម្មណ៍​មិន​ពេញ​ចិ​ត្តិ​ចំពោះ​ដំណើរការ​ដេញថ្លៃ​នោះទេ ប៉ុន្តែ FA ត្រូវបាន​លើកទឹកចិត្ត​ដើម្បី​ប្រជែង​នៅ​ឆ្នាំ​២០៣០​វិញ​។​
 
​ដោយឡែក​អ្នកទទួលបាន​សិទ្ធិ​បន្ទាប់ពី​រុស្ស៊ី​ឆ្នាំ​២០១៨ រួមមាន​កាតា​នៅ​ឆ្នាំ​២០២២ ហើយ​អាមេរិក កាណាដា និង​ម៉ិ​ក​ស៊ិ​កបាន​សិទ្ធិ​រួម​នៅ​ឆ្នាំ​២០២៦៕
 

Tag:
 បាល់ទាត់​
  FIFA World Cup
  FA
© រក្សាសិទ្ធិដោយ thmeythmey.com