កំណាព្យ
ពីនេះ ពីនោះ
មនុស្សចាស់ស្រុកខ្ញុំ ចិញ្ចឹមកូនហើយ មើលចៅទៀត !
×
បទ ពាក្យ៦
យុគថ្មីល្បីខុសពីដើម កូនផើមម៉ែមានកូនង៉ា
កូនៗគេជាប់ធ្វើការ ទុកឲ្យយាយតាមើលថែ។
ផ្ទះស្កឹមស្កៃថ្ងៃយប់ស្ងាត់ កូនចេញទៅបាត់ឆ្ងាយស្រែ
ម៉ែខ្លះចាស់ណាស់ហើយដែរ ឪឈឺឥតល្ហែតែស៊ូ។
ឲ្យកូនចាកស្រែចម្ការ ប្រាថ្នាឃើញកូនបានធូរ
ខ្លួនឯងហត់អត់មុខជូរ នៅស៊ូមិនថ្ងូរមួយម៉ាត់។
ខ្លះហត់ត្រូវមាត់កូនទៀត ភ្លាត់ស្នៀតកូនគេឈឺថ្កាត់
កូនស្តីម្តេចមិនប្រយ័ត្ន ចែងចាត់ស្កាត់ជួបពេទ្យហ្ម។
អាងកូននៅនឹងឪម៉ែ ច្រើនខែអើតដោយកម្រ
ខ្លះគ្មានរបស់របរ អង្ករលុយកាក់លែងផ្ញើ។
ម៉ែឪមុននឿយខ្លាំងណាស់ ខ្លួនចាស់នៅតែកូនប្រើ
តើពេលណាទើបប្រសើរ បម្រើពីកូនដល់ចៅ?
© រក្សាសិទ្ធិដោយ thmeythmey.com