កីឡាអន្តរជាតិ
អន្តរជាតិ
ក្រោយ​ចាញ់ Man City គ្រូ Chelsea មើលឃើញ​ផលវិបាក ប្រសិន​បាត់បង់ Hazard និង Willaim
06, Aug 2018 , 10:59 pm        
រូបភាព
​ក្រុម Manchester City បានទទួល​ជ័យជម្នះ ២-០ លើ​ក្រុម Chelsea ក្នុងការ​ប្រកួត​ដណ្តើមពាន​រង្វាន់ Community Shield នៅឯ​កីឡដ្ឋាន Wembley នៅ​ថ្ងៃទី ៥ ខែសីហា​។ ក្រោយ​ទទួល​កា​របរ​ជ័យ​នេះ​អ្នកចាត់ការ​ទូទៅ​ថ្មី​លោក Maurizio Sarri បាន​មើលឃើញ​ពី​បញ្ហា​ធំៗ​មួយចំនួន​របស់​ក្រុម​តោ​ខៀវ​ដែល​នឹងត្រូវ​ប្រឈមមុខ​ក្នុងការ​ប្រជែង​ពាន​សម្រាប់​រដូវ​កាល​ថ្មី​។​



​ក្នុងនាម​ជា​អ្នកចាត់ការ​ថ្មី លោក Sarri បានដឹង​រួចទៅហើយ​ថា​លោក​អាច​នឹង​បាត់បង់​កីឡាករ​ល្អៗ ដូចជា​ខ្សែបម្រើ Eden Hazard, Willian និង​អ្នកចាំទី Thibaut Courtois ដែល​កំពុងមាន​ទំនាក់ទំនង​ទៅ​ការផ្ទេរ​ចេញពី​ទឹកដី Stamford Bridge អំឡុងពេល​ទីផ្សារ​ដោះដូរ​កីឡាករ​កំពុង​មមាញឹក​។​

​បើតាម​ការផ្សាយ​របស់ BBC បើទោះបី​ទើប​ដឹកនាំ​បាន​ប៉ុន្មាន​ប្រកួត​ក្តី ប៉ុន្តែ​អតីត​អ្នកចាត់ការ Napoli រូបនេះ មើលឃើញ​ពី​បញ្ហា​ប្រឈម​អំពី​ទម្រង់​លេង​របស់ Chelsea ហើយ​ជាពិសេស​គឺ​ក្នុងការ​ប្រកួត​ចុងក្រោយ​នៅ​ទឹកដី Wembley ដែល​បរាជ័យ​ក្រោម​ថ្វី​ជើង​របស់​ក្រុម Man City នោះ​។​



​ក្លិប Real Madrid កំពុង​ព្យាយាម​ទាក់ទង Hazard ខណៈ​ខ្សែបម្រើ​សញ្ជាតិ​បែលហ្ស៊ិក​រូបនេះ​មិនបាន​ចូលរួម​ហ្វឹកហាត់​ជាមួយ​ក្រុម​តាំងពី​បញ្ចប់​យុទ្ធនាការ World Cup មក​ម្លេះ​។ ដោយឡែក Willian ក៏​ត្រូវបាន​ចាប់អារម្មណ៍​ពី​ក្លិប​យក្ស​អេ​ស្ប៉ា​ញ Barcelona ផងដែរ តែ​សមាជិក​ក្រុម​ជម្រើសជាតិ​ប្រេ​ស៊ី​វ័យ​២៩​ឆ្នាំ​រូបនេះ​បានបង្ហាញ​ខ្លួន​ឲ្យ Chelsea ក្នុងការ​ប្រកួត​ពាន Community Shield​។​

​ជុំវិញ​បញ្ហា​នេះ អ្នកចាត់ការ​សញ្ជាតិ​អ៊ីតាលី វ័យ​៥៩​ឆ្នាំ លើកឡើងថា​ប្រសិនបើ​កីឡាករ​ពូកែ​ញាក់​ទាំងពីរ​នឹង​បន្ត​ស្នាក់នៅ​ទឹកដី​អង់​គ្លេ នោះ​ពួកគេ​គឺជា​អ្នក​នាំ​លេង​នៅក្នុង​ប្រព័ន្ធ ៤-៣-៣ ដែលជា​ទម្រង់​ល្អ​បំផុត​ក្រុម​។ តែបើ​មិន​ដូច្នោះ​ទេ ក្រុម​នឹង​ប្រឈមមុខ​ខ្លាំង​ដើម្បី​ប្រជែង​ពាន​ដោយ​ត្រូវ​រក​អ្នក​ជំនួស​ឲ្យ​ខាងតែបាន​នៅមុន​ពេល​ទីផ្សារ​បិទទ្វារ​។​



​យ៉ាងណាក៏ដោយ Sarri ក៏បាន​មើលឃើញ​កីឡាករ​វ័យក្មេង​មួយរូប​គឺ Callum Hudson-Odoi ដែល​បានបង្ហាញ​ភាព​ប៉ិនប្រសប់​របស់គេ​នៅ​តំបន់​ស្លាប​ឆ្វេង​នា​ការប្រកួត​ឲ្យ Chelsea ប៉ុន្មាន​ប្រកួត​ចុងក្រោយ​។ Hudson-Odoi មាន​វ័យ​ទើបតែ ១៧​ឆ្នាំ ក៏ត្រូវ​បាន​គេ​រំពឹងថា​នឹង​អាច​ជំនួស​តំណែង​របស់ Hazard ឬក៏ Willian នាពេល​អនាគត​៕


Tag:
 បាល់ទាត់​
  Maurizio Sarri
  Eden Hazard
  Community Shield
© រក្សាសិទ្ធិដោយ thmeythmey.com