ជាតិ
ឥណ្ឌា គ្រោង​បង្កើត​ភូមិ​ឌីជីថល​គំរូ​មួយ នៅ​ស្រុក​ទ្រាំង ខេត្តតាកែវ​
07, Aug 2018 , 8:59 pm        
រូបភាព
រូបពីហ្វេសប៊ុក៖ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជាលោកស្រី Manika Jain
រូបពីហ្វេសប៊ុក៖ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជាលោកស្រី Manika Jain
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ឥណ្ឌា គ្រោង​បង្កើត​ភូមិ​ឌីជីថល​គំរូ​មួយ នៅក្នុង​ស្រុក​ទាំង ខេត្តតាកែវ ដើម្បី​ជួយ​ដោះស្រាយ​បញ្ហា​កសិកម្ម​របស់​ប្រជាពលរដ្ឋ​។ ឯកអគ្គរដ្ឋទូត​ឥណ្ឌា​ប្រចាំ​កម្ពុជា​លោកស្រី Manika Jain បាន​លើកយក​គម្រោង​ភូមិ​ឌីជីថល​នេះ ពិភាក្សា​ជាមួយ​លោក ត្រាំ អ៊ីវតឹក រដ្ឋមន្ដ្រីក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ។​



​អ្នកជំនាញ​ឥណ្ឌា បាន​ចុះ​សិក្សា​ចំនួន​៣​ចំណុច លើ​ប្រព័ន្ធ​បច្ចេកវិទ្យា​គមនាគមន៍​ព័ត៌មាន (ICT) នៅតាម​ជនបទ ,​ការបង្កើត​ធនធានមនុស្ស​លើ​ផ្នែក​បច្ចេកវិទ្យា​គមនាគមន៍​ព័ត៌មាន និង​គម្រោង​បង្កើត​ភូមិ​ឌីជីថល​នៅ​កម្ពុជា ។ ក្រោយ​សិក្សា​រួច ឥណ្ឌា​ក៏មាន​គំនិត ចង់​បង្កើត​ភូមិ​ឌីជីថល​គំរូ​មួយ នៅក្នុង​ស្រុក​ទ្រាំង ដោយ​ផ្ដោតលើ​កិច្ចការងារ​កសិកម្ម​។​

​អ្នកនាំពាក្យ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ លោក អ៊ឹម វត្ថា បាន​និយាយថា គម្រោង​ឥណ្ឌា​នេះ នឹង​ជួយ​បង្កើន​លទ្ធភាព​កសិករ ក្នុង​ការផលិត និង​ទទួលបាន​ទិន្នផល​ច្រើន​ល្អ​ជាង​មុន ក្នុងការ​បំពេញតម្រូវកា​រ​។ ជាពិសេស​ការផ្សព្វផ្សាយ​យ៉ាង​ទូលំទូលាយ​ថែមទៀត តាមបែប​ឌីជីថល ក្នុង​វិស័យ​កសិកម្ម​នេះ​។

​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ លោក អ៊ឹម វត្ថា បានបញ្ជាក់​ដូច្នេះ​ថា​៖«​ក្រសួង​យើង​មាន​គោលនយោបាយ​លើកកម្ពស់​ប្រព័ន្ធ​ឌីជីថល ទៅតាម​ថ្នាក់មូលដ្ឋាន​ដែរ តែ​ទើប​ឥណ្ឌា​គ្រោង​មកជួយ យើង​ក៏​ត្រៀម​សហការគ្នា​តែម្ដងទៅ​។ ហើយ​បើ​គម្រោង​នេះ កើតឡើង​មែន វា​អាចជួយ​ដល់​វិស័យ​កសិកម្ម​តាមបែប​ប្រព័ន្ធ​ឌីជីថល ដែល​អាច​ឲ្យ​ពលរដ្ឋ​យល់ដឹង​ពី​ការប្រើប្រាស់​ជី​ឲ្យ​បាន​ត្រឹមត្រូវ​។ អាចជួយ​ណែនាំ​ឲ្យ​ពលរដ្ឋ​យល់​ពី​ដំណាំ​ត្រូវ​តាម​ទីផ្សារ កុំ​ឲ្យ​ពួកគេ​ចេះតែ​ដាំ​ដំណាំ​រួមគ្នា ដូចគ្នា ដែល​ពិបាក​លក់​ក្នុង​ទីផ្សារ​ជាដើម​។ ហើយ​បើ​បង្កើត​ភូមិ​គំរូ​មួយ​ហើយ​ជោគជ័យ យើង​បន្ត​បង្កើត​ទៅតាម​ខេត្ត​ផ្សេងៗ​ទៀត​»​។​

​តែ​យ៉ាងណា​គម្រោង​នេះ មិនទាន់​កំណត់ពេល​អនុវត្ត​នោះទេ ពោលគឺ​ត្រូវ​រង់ចាំ​ការសម្រេច​ផ្លូវការ ពី​រដ្ឋ​ភិ​បាល​ឥណ្ឌា​សិន ។ នេះ​បើតាម​អ្នកនាំពាក្យ​ក្រសួង​ប្រៃសណីយ៍​។​

​រដ្ឋមន្ដ្រីក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ លោក ត្រាំ អ៊ីវតឹក និង​លោកស្រី Manika Jain ឯកអគ្គរដ្ឋទូត​ឥណ្ឌា​ប្រចាំ​កម្ពុជា បាន​ជួប​ពិភាក្សាគ្នា លើ​កិច្ចសហប្រតិបត្តិកា​រវិ​ស័​យ​ប្រៃសណីយ៍ ទូរគមនាគមន៍ និង​វិស័យ​បច្ចេកវិទ្យា​គមនាគមន៍ និង​ព័ត៌មាន​។ តាមរយៈ​ជំនួប​ពិភាក្សា​នេះ ភាគី​ទាំងពីរ​ផ្ដោតលើ​គម្រោង Digital Village ដែល​នឹង​ជំរុញ​ការអភិវឌ្ឍ​វិស័យ​បច្ចេកវិទ្យា​គមនាគមន៍ និង​ព័ត៌មាន​សម្រាប់​ជនបទ ។

​រដ្ឋាភិបាល​ឥណ្ឌា បាន​ចាត់​ក្រុមហ៊ុន Telecommunications of Consultants India Limited (TCIL) ជា​តំណាង​ក្នុង​ការទទួល​រ៉ាប់រង​លើ ការអនុវត្ត​គម្រោង​សាកល្បង​ខាងលើ​នៅ​កម្ពុជា​។ កន្លងមក​ក្រុមហ៊ុន TCIL បាន​បញ្ជូន​ក្រុមការងារ និង​អ្នកជំនាញ​បច្ចេកទេស មក​ធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​កម្ពុជា​រយៈពេល​ពីរ​ថ្ងៃ គឺ​នៅ​ថ្ងៃទី​២៤-២៥ ខែកក្កដា ឆ្នាំ​២០១៨ ដើម្បី​សិក្សា​លើក​គម្រោង​នេះ​៕

Tag:
 ឥណ្ឌា​
 ​ឌីជីថល​
© រក្សាសិទ្ធិដោយ thmeythmey.com