ជាតិ
បោះឆ្នោត
បក្ស​កាន់អំណាច​ជប៉ុន សាទរ​ជ័យជម្នះ​របស់​សម្តេច ហ៊ុន សែន ហើយ​ប្រកាសថា នៅតែ​សហការគ្នា​
10, Aug 2018 , 9:59 pm        
រូបភាព
រូបថតពី AKP៖ ជំនួបរវាង​សម្តេច ហ៊ុន សែន ប្រធានគណបក្សកាន់អំណាចកម្ពុជា និង​លោក អាបេ ប្រធានគណបក្សអំណាចជប៉ុន ក្នុងកិច្ចប្រជុំអាស៊ីអឺរ៉ុប ​កាលពី​ខែ​កក្កដា​២០១៦ នៅប្រទេស​ម៉ុងហ្គោលី
រូបថតពី AKP៖ ជំនួបរវាង​សម្តេច ហ៊ុន សែន ប្រធានគណបក្សកាន់អំណាចកម្ពុជា និង​លោក អាបេ ប្រធានគណបក្សអំណាចជប៉ុន ក្នុងកិច្ចប្រជុំអាស៊ីអឺរ៉ុប ​កាលពី​ខែ​កក្កដា​២០១៦ នៅប្រទេស​ម៉ុងហ្គោលី
ដោយ: ថ្មីៗ
​លោក តូ​ស្សី​ហី​រ៉ូ នី​កៃ (Toshihiro Nikai) អគ្គលេខាធិការ​នៃ​គណបក្ស​ប្រជាធិបតេយ្យ​សេរី (LDP) ដែលជា​គណបក្ស​កាន់​ណា​ច​របស់​ជប៉ុន បាន​ផ្ញើលិខិត​មក​ជូន​សម្តេច ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​ចូលរួម​សាទរ​ចំពោះ​ការទទួលបាន​ជ័យជម្នះ​សាជាថ្មី លើ​ការបោះឆ្នោត​។ លិខិត​សាទរ​របស់លោក តូ​ស្សី​ហី​រ៉ូ នី​កៃ ដែល​ធ្វើឡើង​នៅ​ថ្ងៃទី​៨ ខែសីហា ឆ្នាំ​២០១៨ ត្រូវបាន​បកប្រែ​ជា​ភាសា​ខ្មែរ ហើយ​បង្ហោះ​លើ​គេហទំព័រ​របស់​ក្រសួងការបរទេស​កម្ពុ​ជា​។



​ក្រៅពី​អបអរសាទរ លោក តូ​ស្សី​ហី​រ៉ូ នី​កៃ ដែលជា​សមាជិក​រដ្ឋសភា​ជប៉ុន​ដែរនោះ បាន​កោតសរសើរ​សម្តេច ហ៊ុន សែន ថា​បានធ្វើ​ឲ្យ​ប្រទេស​កម្ពុជា រួច​ផុតពី​ភ្លើងសង្គ្រាម ហើយ​កសាង​ឡើងវិញ ឆ្ពោះទៅរក​វិបុលភាព​។ លោក បាន​ប្រាប់​សម្តេច ហ៊ុន សែន ក្នុង​លិខិត​សាទរ​របស់ខ្លួន បែបនេះ​ថា​៖«​ខ្ញុំ​សូម​បង្ហាញ​បំណង​ថា ខ្ញុំ​នឹងធ្វើ​ការ​ជាមួយ​សម្តេច ដើម្បី​កសាង​ទំនាក់ទំនង​រវាង​ប្រទេស​យើង​ទាំងពីរ ឲ្យ​កាន់តែ​រឹងមាំ​ថែមទៀត​»​។

​យ៉ាងណា កាលពី​ប៉ុន្មាន​ថ្ងៃមុន លោក តា​រ៉ូ កូ​ណូ (Taro Kono) រដ្ឋមន្ត្រីការបរទេស​ជប៉ុន បានបង្ហាញ​ការមិន​ពេញចិត្ត​លើ​ចំណុច​ខ្លះៗ អំពី​ការបោះឆ្នោត​នៅ​កម្ពុជា ដូចជា សន្លឹកឆ្នោត​អត់​បានការ មាន​ចំនួន​ច្រើន ជាដើម​។ លោក បានលើកឡើង​ពី​ចំណុច​អវិជ្ជមាន​អំពី​ការបោះឆ្នោត​នេះ នៅ​នឹង​មុខ​លោក ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស​កម្ពុជា ក្នុងឱកាស​ដែល​លោក​ទាំងពីរ បាន​ជួបគ្នា ពេល​ទៅ​ចូលរួម​ប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​លើក​ទី​៥១ នៅ​ប្រទេស​សិង្ហ​បុរី​។

អត្ថបទទាក់ទង


​នៅមាន​ប្រទេស​ផ្សេងៗ​ទៀត ជាពិសេស សហរដ្ឋអាមេរិក និង​សហភាព​អឺរ៉ុប ក៏​មិន​សាទរ​នឹង​ការបោះឆ្នោត​នៅ​កម្ពុជា​ដែរ​។ មូលហេតុ គឺ​ដោយសារតែ​ការបោះឆ្នោត​លើក​នេះ ពុំមាន​គណបក្សប្រឆាំង​។

​ទោះ​ប្រទេស​ខាង​បស្ចិម​លោក​ទាំងនោះ មិនសូវ​ឲ្យ​តម្លៃ​លើ​ការបោះឆ្នោត​នៅ​កម្ពុជា​ពិតមែន តែ​រដ្ឋាភិបាល​កម្ពុជា និង​គណបក្សកាន់អំណាច បានទទួល​ការលើកទឹកចិត្ត​ពី​បណ្តា​ប្រទេស​នានា នៅក្នុង​អាស៊ី​។ ក្រោយ​ការបោះឆ្នោត​ត្រូវបាន​បញ្ចប់ រហូតមកដល់​ពេលនេះ យ៉ាងហោចណាស់ មាន​ប្រទេស​៥​ក្នុង​អាស៊ី រួមមាន ចិន វៀតណាម ឡាវ ហ្វីលីពីន ថៃ និង​ចុង​ក្រោយនេះ គឺ​គណបក្សកាន់អំណាច​រប​ស់ជ​ប៉ុន ដែល​បាន​ផ្ញើលិខិត​មក​ចូលរួម​អបអរសាទរ ហើយ​ទំនងជា​នៅមាន​ប្រទេស​ផ្សេងៗ ក៏​ថា​បាន​។

​លទ្ធផល​បឋម ដែល​ប្រកាស​ដោយ​គណៈកម្មាធិការ​ធិ​ការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បាន​បង្ហាញថា គណបក្សកាន់អំណាចរ​បស់​សម្តេច ហ៊ុន សែន បានទទួល​សន្លឹកឆ្នោត​ដល់​ទៅ​ជាង ៤,៨​លាន​ឯណោះ ដែល​ស្មើ​ជាង ៧៦​ភាគរយ​។ តាម​ការ​គណនា​ក្រៅផ្លូវការ ប្រហែលជា​មានតែ​គណបក្ស​នេះ​ទេ ដែល​អាច​ទទួលបាន​អាសនៈ​ក្នុង​រដ្ឋសភា សម្រាប់​នីតិកាល​ទី​៦​។

​នៅ​ថ្ងៃទី​១១ ខែសីហា គ​.​ជ​.​ប នឹង​លទ្ធផល​បណ្តោះអាសន្ន​ស្តីពី​ការបោះឆ្នោត ហើយ​បើ​គ្មានអ្វី​ប្រែប្រួល លទ្ធផល​ផ្លូវការ នឹងត្រូវ​ប្រកាស​នៅ​ថ្ងៃទី​១៥ ខែសីហា ឆ្នាំ​២០១៨​។ ក្រោយ​ប្រកាស​លទ្ធផល​ផ្លូវការ រដ្ឋសភា​នីតិកាល​ទី​៦ នឹង​បើក​កិច្ចប្រជុំ​លើកដំបូង​នៅ​ថ្ងៃទី​៥ ខែកញ្ញា ហើយ​រដ្ឋាភិបាល​ថ្មី នឹងត្រូវ​បង្កើតឡើង នៅ​ថ្ងៃទី​៦ ខែកញ្ញា ឆ្នាំ​២០១៨៕   


Tag:
 បោះឆ្នោត​
  កម្ពុជា​
  ជប៉ុន​
  ហ៊ុន សែន
© រក្សាសិទ្ធិដោយ thmeythmey.com