ជាតិ
បទយកការណ៍ / បទសម្ភាសន៍
អ្នកស្រី ស៊ីថា ផលិត​ទឹកត្រី​របៀប​ខ្មែរ​បុរាណ ប្រកួត​ជាមួយ​សិប្បកម្ម​ធំៗ​
11, Aug 2018 , 10:59 pm        
រូបភាព
​សៀមរាប​៖ ទឹកត្រី​ជា​អាហារ​ប្រចាំថ្ងៃ​របស់​ពលរដ្ឋ​ខ្មែរ​ទូទៅ​។ ខ្មែរ​ពី​ដើម​ចូលចិត្ត​ធ្វើ​ទឹកត្រី ដោយ​រម្ងាស់​ដាក់​គ្រឿងផ្សំ​តាម​ចំណូល ទុក​បរិភោគ​ពេញ​មួយឆ្នាំ​ក៏មាន​។ អ្នកភូមិ​មួយ​គ្រួសារ​នៅ​ភូមិ​ពោធិ៍​ក្រោម សង្កាត់​ចុង​ឃ្នៀ​ស ជាប់​បឹង​ទន្លេសាប មាន​របរ​ធ្វើ​ទឹកត្រី​លក់​បែប​បុរាណ​។ អ្នកស្រី​បាន​ប្រកប​របរ​នេះ​ត​ពី​ម្តាយ​៣០​ឆ្នាំ​មកហើយ​។ ដ្បិត​មាន​ទីផ្សារ​ខ្លះៗ​ក៏ពិតមែន តែ​តម្លៃ​ទឹកត្រី​របស់​អ្នកស្រី ស៊ីថា នៅ​ទាប​បន្តិច​។​


​សូម​ស្ដាប់​បទ​យកការណ៍​ដែល​រៀបរៀង​ដោយ​អ្នកស្រី អ៊ី​សា រ៉​ហា​នី ដូចតទៅ​៖
 


 
​ទឹកត្រី​ជា​អាហារ​ដ៏​ពេញនិយម​សម្រាប់​ពលរដ្ឋ​ខ្មែរ តែង​ប្រើ​ស្ទើរ​ជាមួយ​គ្រប់​ម្ហូបអាហារ​ផ្សេងៗ​។ ទឹកត្រី​ដែល​ហូប​បាន គឺ​ត្រូវបាន​គេ​យក​ទឹកត្រី​ដែល​ត្រាំ​លាយ​អំបិល មក​រម្ងាស់​ច្រើន​ម៉ោង​ទើប​អាច​ហូប​បាន​។ 
 
​បច្ចុប្បន្ន គេ​កម្រ​ឃើញ​ទឹកត្រី​ខ្មែរ​ដែលមាន​ពណ៌​ក្រហម​ថ្លា​ចរាចរណ៍​លក់​នៅលើ​ទីផ្សារ​ណាស់​។ ទឹកត្រី​បច្ចុប្បន្ន​ដែល​ត្រូវបាន​ដាក់លក់​នៅក្នុង​ទីផ្សារ គឺជា​ទឹកត្រី​ដែល​គេ​ផលិត​ចេញពី​សិប្បកម្ម​ក្នុងស្រុក និង​ជា​ផលិតផល​នាំចូល​ពី​ប្រទេសជិតខាង ដោយមាន​ការ​វេច​ខ្ចប់​ជាមួយនឹង​ផ្លាក​យីហោ​ផ្សេងៗ​។ ទឹកត្រី​ទាំងនោះ​មាន​ពណ៌​លឿង​ថ្លា​។ ទឹកត្រី​ប្រភេទ​នេះ​ច្រើន​គេ​ប្រើ​ស្ករស​។​
 
​គ្រួសារ​មួយ មាន​អាជីព​ផលិត​ទឹកត្រី​ខ្មែរ​ដោយ​ប្រើ​បច្ចេកទេស​បុរាណ ដោយ​ការ​រម្ងាស់​ក្នុង​ខ្ទះ​ដែលមាន​ចំណុះ​ច្រើន​លីត្រ និង​ប្រើ​រយៈពេល​ច្រើន​ម៉ោង​។​
 
​អ្នកធ្វើដំណើរ​ដោយ​ម៉ូតូ ឬ​កង់​បី ច្បាស់​ជា​ធ្លាប់​ប៉ះ​នឹង​ក្លិនប្រហើរ​ម្យ៉ាង​នៅលើ​ផ្លូវ​ឆ្ពោះទៅ​ភ្នំ​ក្រោម​។ នៅក្រោម​ផ្ទះ​ឈើ​មួយ​ខ្នង ស្ថិតនៅ​ភូមិ​ពោធិ៍​ក្រោម សង្កាត់​ចុង​ឃ្នៀ​ស ខ្ញុំ​បាន​ឆៀង​ចូលទៅ​មើល​ក្នុង​ផ្ទះមួយ ដែលមាន​ក្លិន​ចម្លែក​នេះ  នៅ​ទីនោះ គឺមាន​ខ្ទះ​មួយ​ដ៏​ធំ ទឹក​ពណ៌​រៀង​ក្រហម​លាយ​ដោយ​ពពុះ​សរ​បន្តិច ហើយ​ដុត​ដោយ​ភ្លើង​ដ៏​សន្ធោសន្ធៅ​។ នៅទីនេះ ខ្ញុំ​បាន​ជួប​អ្នកស្រី ស៊ីថា ទើប​ដឹងថា នោះ​គឺជា​ខ្ទះ​ទឹកត្រី​។ អ្នកស្រី​ថា គ្រួសារ​អ្នកស្រី​បាន​ចាប់​មុខរបរ​នេះ​ច្រើន​ឆ្នាំ​មកហើយ គឺជារ​បរតពី​ម្ដាយ​។ «​របរ​នេះ រក​យូរហើយ ខ្ទង់​២០-៣០​ឆ្នាំ​ហើយ តាំងពី​ជំនាន់​ម្តាយ​។ គ្រឿងផ្សំ​ទឹកត្រី ដាក់​តែ​ស្ករត្នោត និង​ប៊ីចេង មួយ​មុខ​បន្តិចៗ យកតែ​ជាតិ​។ ដល់​គេ​យកទៅស្លរ គេ​ថែម​គ្រឿង​ទៀត​»​។ 
 
​នៅក្រោម​ផ្ទះ​អ្នកស្រី ស៊ីថា មាន​ពាង​ជាច្រើន​ដែល​អ្នកស្រី​ប្រើ​សម្រាប់​ត្រងទឹក​ត្រី និង​ទុកឱ្យ​ត្រជាក់​មុន​ច្រក​ដប ដាក់ឱ្យ​អតិថិជន​។  អ្នកស្រី​ថា ក្នុង​មួយថ្ងៃ​អ្នកស្រី​អាច​រម្ងាស់​ទឹកត្រី​បាន​ចំនួន ៣​ខ្ទះ ដែលមាន​ចំណុះ​ទឹក​ខ្ទង់​១០០​លីត្រ​។ ទឹកត្រី​របស់​អ្នកស្រី ស៊ីថា ត្រូវបាន​អតិថិជន​យកទៅលក់​បន្ត​នៅ​ទីផ្សារ​ក្នុង​ក្រុង ហើយ​ខ្លះទៀត​ក៏​ទិញ​បរិភោគ​នៅតាម​ផ្ទះ​ផងដែរ​។ «​មួយថ្ងៃ​រម្ងាស់​បាន​៣​ខ្ទះ ហើយ​រម្ងាស់​ម្តងៗ​៤​ម៉ោង​។ ខ្ញុំ​បោះ​ទៅតាម​ទីផ្សារ ទៅ​កន្លែង​គេ​លក់​ស៊ុប​»​។  
 
​ត្រី​ដែល​អ្នកស្រី ស៊ីថា យកមក​ផលិត​ជា​ទឹកត្រី គឺ​ប្រភេទ​ត្រី​កំភ្លាញ ដែលជា​ត្រី​លេខ​មួយ​សម្រាប់ធ្វើ​ទឹកប្រហុក​។ ត្រី​ទាំងនេះ ត្រូវបាន​ទិញ​ពី​ទន្លេសាប​ដែលជា​អាង​ស្ដុក​ត្រី​ដ៏​ធំ​របស់​កម្ពុជា ហើយ​ដែលមាន​ចម្ងាយ​ប្រមាណ​៥​គីឡូម៉ែត្រ​ប៉ុណ្ណោះ​ពី​ភូមិ​ពោធិ៍​ក្រោម សង្កាត់​ចុង​ឃ្នៀ​ស ភូមិ​របស់​អ្នកស្រី ស៊ីថា​។ ត្រី​ទាំងនោះ​ត្រូវបាន​អ្នកស្រី ស៊ីថា ទិញ​ស្ដុក​ទុក​ច្រើនៗ ដោយ​ផ្អាប់​យកតែ​ទឹក ហើយ​រុញ​ចូលក្នុង​អាងទឹក​ប្រហុក ដែល​អាច​យកមក​រម្ងាស់​ធ្វើ​ទឹកត្រី​បាន​ពេញ​មួយឆ្នាំ​ឯណោះ​។​«​ខ្ញុំ​លក់​ជាធម្មតា អត់​មាន​យីហោ​ទេ តែ​អ្នកទិញ គេ​ចេះ​ថា​ឆ្ងាញ់ៗ ហើយ​គេ​ក៏​ចេះ​នាំគ្នា​មក​ទិញ​ទៀត​»​។    
 
​ក្រោយ​រម្ងាស់​រយៈពេល​៤​ម៉ោង​រួចមក ទឹកត្រី​ដែលមាន​ពណ៌​ក្រហម​ថ្លា ត្រូវបាន​យក​ទុក​ក្នុង​ពាង​តម្រង ទុកឱ្យ​ត្រជាក់ ទើប​អាច​ច្រក​ក្នុង​ដប​បាន​។ អ្នកស្រី ស៊ីថា ថា​របរ​ទទួលទាន​ប្រចាំ​គ្រួសារ​មួយ​នេះ មិនសូវ​ចំណេញ​ច្រើន​ទេ គឺ​ចំណេញ​តិចតួច​បំផុត ហើយ​ជាការ​ងារ​ពិបាក និង​នឿយហត់​។ ក្នុង​មួយថ្ងៃ អ្នកស្រី​អាច​ផលិត​ទឹកត្រី​ពី​៤០០ ទៅ​៥០០​ដប និង​លក់​តាម​តម្លៃ​ទឹកត្រី​លេខ​មួយ និង​លេខ​ពីរ​។ «​វត្ថុ​ធាតុ​វា​ថ្លៃ​ដែរ​។ ឧស យើង​ទិញ​គេ ដប​ក៏​ទិញ​គេ មិន​ចំណេញ​ច្រើន​ទេ ប៉ុន្តែ​អាច​ទប់ទល់​បាន​»​។ 
 
​ដោយសារ​ជារ​បរតពី​ម្ដាយ ដូច្នេះ​អ្នកស្រី ស៊ីថា ដែល​មានកូន​ក្នុងបន្ទុក​ចំនួន​៣​នាក់ ចង់​បន្តធ្វើ​ទឹកត្រី​ខ្មែរ​នេះ​ទៅ​ថ្ងៃក្រោយ​ទៀត​។ អ្នកស្រី​ថា ដរាបណា​ត្រី​នៅតែមាន អ្នកស្រី​នៅតែ​ធ្វើ និង​សុំឱ្យ​អតិថិជន​ទាំងអស់ ជួយ​គាំទ្រ​ហូប​ទឹកត្រី​ដែល​ផលិត​ក្នុងស្រុក ដោយ​គ្មាន​សារធាតុ​ប៉ះពាល់​សុខភាព​អ្វី​ឡើយ​។ «​បើ​នៅតែមាន​ត្រី យើង​នៅតែ​អា​ចរក​អាជីព​ហ្នឹង​ដដែល​។ ផលិតផល​ខ្មែរ​យើង អត់​មាន​លាយ​ជាតិគីមី​អី​ទេ​។ យើង​អាច​ញ៉ាំ​បាន​ដោយ​ជិតស្និទ្ធ​។ ឥឡូវ​គេ​ប្រើ​ទឹកត្រី​នេះ​ច្រើន គេ​ឈប់​ទិញ​ទឹកត្រី​ពី​ថៃ​អី​មកហើយ​»៕

Tag:
 ទឹកត្រី​
 ​ បុរាណ​
  ​ភ្នំ​ក្រោម​
  ​សិប្បកម្ម​
 ​ ចុង​ឃ្នៀ​ស​
© រក្សាសិទ្ធិដោយ thmeythmey.com