ជាតិ
ដើម​គ្រញូង​មួយ​ដើម​ក្នុងព្រៃ​ឧទ្យាន​អង្គរ​ត្រូវ​ជន​មិន​ស្គាល់មុខ​លួច​កាប់​
12, Aug 2018 , 12:43 pm        
រូបភាព
រូប​​ភាព​​​ទាំងអស់ពី អាជ្ញាធរ​​​ជាតិ​​​​អប្សរា
រូប​​ភាព​​​ទាំងអស់ពី អាជ្ញាធរ​​​ជាតិ​​​​អប្សរា
​សៀមរាប​៖ ដើម​គ្រញូង​មួយ​ដើម ស្ថិត​ក្នុងព្រៃ​ឧទ្យាន​អង្គរ ក្នុងភូមិ​គោក​តា​ចាន់ សង្កាត់​គោកចក ត្រូវ​ជន​មិន​ស្គាល់​មួយក្រុម​លួច​កាប់ កាលពី​យប់​ថ្ងៃទី ៨ សីហា​។ ក្រោយ​ទទួលដំណឹង​ពី​អាជ្ញាធរ​មូលដ្ឋាន អាជ្ញាធរ​ជាតិ​អប្សរា សហការ​ជាមួយ​មន្ទីរ​បរិស្ថាន​ខេត្តសៀមរាប សម្រេច​ដកហូត និង​ដឹកជញ្ជូន​ឈើ​ដែល​គេ​លួច​កាប់​នោះ ទៅ​រក្សាទុក​នៅ​ទី​មាន​សុវត្ថិភាព​។​

 
​ដើម​គ្រញូង ដែល​ជន​មិន​ស្គាល់មុខ​លួច​កាប់​នេះ មានមុខ​កាត់​ជិត ៤​តឹក និង​បណ្តោយ​ជាង ២​ម៉ែត្រ​។ ប្រជាពលរដ្ឋ​ដែល​ដឹង​ហេតុការណ៍​នេះ បានផ្តល់​ដំណឹង​ភ្លាមៗ​ទៅ​អាជ្ញាធរ​ជាតិ​អប្សរា ដើម្បី​អន្តរាគមន៍ និង​ទប់ស្កាត់​មិនឱ្យ​មានការ​ដឹកជញ្ជូន​ចេញ​។ 
 
​លោក ស៊ិន ពិសី បុគ្គលិក​នាយកដ្ឋាន​គ្រប់គ្រង​ព្រៃឈើ ទេសភាព​វប្បធម៌ និង​បរិស្ថាន នៃ​អាជ្ញាធរ​ជាតិ​អប្សរា បានឱ្យដឹងថា បន្ទាប់ពី​មានការ​សម្របសម្រួល​ពី​ភាគី​ពាក់ព័ន្ធ គ្រញូង​ដែល​គេ​លួច​កាប់​នោះ បាន​យកទៅ​រក្សាទុក​នៅ​ស្នាក់ការ​តំបន់​ការពារ​ឧទ្យាន​អង្គរ នៅ​ថ្ងៃទី​១០ ខែសីហា​។ លោក​រម្លឹកថា ក្រោយ​ដឹង​ហេតុការណ៍ ភាគី​ពាក់ព័ន្ធ​បាន​សហការ​យ៉ាង​យកចិត្តទុកដាក់ ដោយ​ប្រើ​កម្លាំង​យាមល្បាត​ជាប់​រហូត ព្រោះ​បារម្ភ​ខ្លាច​ក្រុម​ជនខិលខូច​ចូលមក​ដឹកជញ្ជូន​ឈើ​ដែល​កាប់​រួច​។​
 
​បើតាម​លោក ស៊ិន ពិសី ភូមិសាស្ដ្រ​ដែល​ជន​មិន​ស្គាល់មុខ​លួច​កាប់​នោះ គឺ​ចុះ​ពី​ផ្លូវ​កៅស៊ូ​ប្រមាណ ១០​ម៉ែត្រ​ប៉ុណ្ណោះ តែ​នៅ​ដាច់​ឆ្ងាយ​ពី​ផ្ទះ​អ្នកភូមិ​បន្ដិច​។ ម្យ៉ាងទៀត យប់​ដែល​លួច​កាប់​នោះ មាន​ភ្លៀង​ធ្លាក់​ពេញ​មួយ​យប់​ផងដែរ ជា​ឱកាស​សម្រាប់​ក្រុម​អ្នករកស៊ី​គ្រញូង​។ នេះ​បើតាម​លោក ស៊ិន ពិសី ដដែល​៕





Tag:
 ដើម​គ្រញូង​
 ​ អង្គរ​
© រក្សាសិទ្ធិដោយ thmeythmey.com