អន្តរជាតិ
នយោបាយអន្តរជាតិ
អស់ជំនឿលើបក្សលោកស្រី ស៊ូជី អ្នកនយោបាយមីយ៉ាន់ម៉ាខ្លះ រួមគ្នាបង្កើតបក្សថ្មីប្រជែងការបោះឆ្នោតអាណត្តិក្រោយ
× អតីតបេក្ខភាពតំណាងរាស្ត្រមួយក្រុមរបស់មីយ៉ាន់ម៉ា បានបង្ហាញមុខជាថ្មីក្នុងឆាកនយោបាយជាមួយនឹងគោលបំណងរួបរួមគ្នាដើម្បីបង្កើតបក្សនយោបាយថ្មីមួយ សម្រាប់ប្រកួតប្រជែងក្នុងការបោះឆ្នោតអាណត្តិក្រោយ។ ផែនការនេះ ត្រូវបានក្រុមអតីតបេក្ខភាពតំណាងរាស្ត្រ ថា ធ្វើឡើងដើម្បីបើកផ្លូវឲ្យពួកគេអាចមានលទ្ធភាពកែប្រែរដ្ឋធម្មនុញ្ញប្រជាធិបតេយ្យពិតប្រាកដមួយ។
អតីតបេក្ខភាពតំណាងរាស្ត្រធា្លប់ឈ្នះការបោះឆ្នោតក្នុងឆ្នាំ១៩៩០ របស់មីយ៉ាន់ម៉ា នៅថ្ងៃ០៨ សីហា បានចេញសេចក្តីប្រកាសផ្លូវការមួយស្តីពីផែនការបង្កើតបក្សនយោបាយថ្មី នាឱកាសនៃការប្រារព្ធខួបលើកទី៣០នៃការងើបឡើងនៃការគាំទ្រលទ្ធិប្រជាធិបតេយ្យដែលចាប់ផ្តើមពីឆ្នាំ១៩៨៨មក។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានមីយ៉ាន់ម៉ា The Irrawaddy។
តាមការអះអាងរបស់អគ្គលេខារបស់អង្គការរួបរួមដើម្បីប្រជាធិបតេយ្យមីយ៉ាន់ម៉ា(UNDO) លោក Aung Thura ក្រុមអ្នកតំណាងរាស្ត្រឆ្នាំ១៩៩០ មិនទាន់បានកំណត់ឈ្មោះបក្សថ្មីនៅឡើយនោះទេ ក៏ប៉ុន្តែពួកគេ នឹងចាត់វិធានបន្ទាន់មួយដើម្បីពន្លឿនការចុះបញ្ជីគណបក្សនៅក្នុងគណៈកម្មាធិការរៀបចំការបោះឆ្នោតមីយ៉ាន់ម៉ានាពេលឆាប់ៗនេះ។
អគ្គលេខាធិការរូបនេះ អះអាងថា ប្រជាជនបានទទូចឲ្យក្រុមលោកក្រោកឈរឡើងជាមួយនឹងពួកគេជាមួយនឹងសមត្ថភាពផ្លូវការ។ សមត្ថភាពផ្លូវការនោះ សំដៅលើការតតាំងនៅក្នុងសភាដើម្បីការពារផលប្រយោជន៍របស់ប្រជាជន។ កន្លងមក អង្គការដែលបង្កើតឡើងដោយអតីតបេក្ខភាពតំណាងរបស់បក្សកាន់អំណាចបច្ចុប្បន្ន ពិបាកក្នុងការបំពេញបេសកកម្មរបស់ពួកគេក្នុងការការពារ និងលើកកម្ពស់សិទ្ធិមនុស្ស ដែលរាប់បញ្ចូលទាំងកសិករផងនោះ។
តាមប្រភពព័ត៌មានដដែលនោះ លោកអគ្គលេខាធិការនៃអង្គការប្រជាធិបតេយ្យ បានអះអាងផងដែរថា គោលដៅចម្បមួយនៃការបង្កើតបក្សថ្មី គឺដើម្បីកែប្រែរដ្ឋធម្មនុញ្ញឆ្នាំ២០០៨ ដែលជារដ្ឋធម្មនុញ្ញប្រជាធិបតេយ្យក្លែងក្លាយ និងធ្វើដោយយោធា។ លោក ថា ក្រុមអ្នកនយោបាយទសវត្សរ៍៩០ មិនពេញចិត្តនឹងការដឹកនាំរបស់បក្សកាន់អំណាចបច្ចុប្បន្នរបស់លោកស្រីអ៊ុងសាន ស៊ូជី ដែលអសមត្ថភាពក្នុងការរក្សាសន្យាកែប្រែរដ្ឋធម្មនុញ្ញ។
សូមជម្រាបផងដែរថា មីយ៉ាន់ម៉ាបច្ចុប្បន្ន កំពុងតែដឹកនាំដោយបក្សកាន់អំណាចសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យរបស់លោកស្រី អ៊ុងសាន ស៊ូជី។ មុនពេលនៃការដឹកនាំរដ្ឋាភិបាលជាលើកដំបូងរបស់ខ្លួន ប្រមុខបក្សកាន់អំណាចលោកស្រី ស៊ូជី បានសន្យា ថា នឹងកែរដ្ឋធម្មនុញ្ញដើម្បីលុបបំបាត់ឥទ្ធិពលយោធាក្នុងប្រព័ន្ធនយោបាយ ដែលវត្តមានរបស់ពួកគេ មិនឆ្លុះបញ្ចាំងពីឆន្ទៈពិតប្រាកដរបស់រាស្ត្រ និងគោលការណ៍ប្រជាធិបតេយ្យ។ តែមកទល់ពេលនេះ សូម្បីតែសំណើកែរដ្ឋធម្មនុញ្ញ ក៏បក្សកាន់អំណាចមិនបានដាក់ទៅកាន់សភាអនុម័តផង៕
Tag:
មីយ៉ាន់ម៉ា
នយោបាយ
អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com