អន្តរជាតិ
នយោបាយអន្តរជាតិ
អតីតនាយករដ្ឋមន្ត្រីថៃ ថាក់ស៊ីន អាចងើបតស៊ូក្នុងនយោបាយថៃជាថ្មី
× ក្រោយរក្សាភាពស្ងប់ស្ងាត់ដោយមិនតបតនឹងការធ្វើទុក្ខបុកម្នេញពីរបបសឹកថៃ អតីតនាយករដ្ឋមន្ត្រីថៃលោក ថាក់ស៊ីន ស៊ីណាវ៉ាត់ បានផ្ញើសារពីចេតនាក្នុងការចូលប្រឡូកក្នុងនយោបាយជាថ្មី។ លោក ចង់ឃើញប្រជាជនថៃទទួលបាននូវសេចក្តីថ្លែថ្នូរ និងរបបដឹកនាំនយោបាយដែលដឹកនាំតាមបែបប្រជាធិបតេយ្យពិតប្រាកដឡើងវិញ។
តាមការចុះផ្សាយរបស់សារព័ត៌មានថៃ The Nation នៅថ្ងៃ០៩ សីហា លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ នៅថ្ងៃខួបកំណើតលើកទី៦៩របស់លោក បានថ្លែងអរគុណដល់ប្រជាជនដែលនៅតែគាំទ្រលោករូប។ លោកក៏បានភ្ជាប់សារនយោបាយពីចេតនាក្នុងការតស៊ូនាំភាពល្អប្រសើរទាំងផ្នែកប្រជាធិបតេយ្យ និងសេដ្ឋកិច្ចក្នុងរាជាណាចក្រថៃឡើងវិញ។
តាមប្រភពព័ត៌មានដដែលនេះ អតីតនាយករដ្ឋមន្ត្រី ដែលកំពុងតែរស់នៅនិរទេសខ្លួនក្រៅប្រទេសរូបនេះ បានលើកពីឡើងជំនឿចិត្តក្នុងការប្រកួតប្រជែងរបស់បក្សភឿថៃនាការបោះឆ្នោតខាងមុខនេះយ៉ាងដូច្នេះថា៖«ការណ៍ដែលបក្សអាចចាញ់មានប្រភពពីរ គឺដោយសារការស្លាប់ និងការបោះបង់»។
លោកថ្លែងបែបនេះរួចហើយបន្តទៀតថា៖« យើង នឹងមិនចាញ់ឡើយ ប្រសិនបើនៅបន្តតស៊ូ។ វាមិនមែនជាសង្គ្រាមនោះទេ ពោលគឺគ្រាន់តែសមរភូមិ [នយោបាយ] ប៉ុណ្ណោះ។ សង្គ្រាម នឹងត្រូវបញ្ចប់នៅពេលគ្រប់យ៉ាងរលាយអស់ហើយនោះ ក៏ប៉ុន្តែសមរភូមិ គឺជាការប្រយុទ្ធប្រឆាំងដោយមិនចុះចាញ់។ចំណែកសង្គ្រាមដែលសំខាន់នៅពេលនេះគឺ សង្គ្រាមដើម្បីប្រជាធិបតេយ្យ»។
នាឱកាសនៃថ្ងៃកំណើតរបស់ខ្លួនដដែលនោះ លោកថាក់ស៊ីន ក៏បានសង្កត់ធ្ងន់ផងដែរថា៖«ខ្ញុំ អាយុ៦៩ឆ្នាំទៅហើយ។ ខ្ញុំពិតជាចង់ឃើញថៃត្រឡប់ទៅរកភាពល្អប្រសើរឡើងវិញ។ ជាពិសេសនោះ ខ្ញុំ ចង់ឃើញកិត្យានុភាពត្រលប់ទៅកាន់ប្រជាជនទាំងអស់ជាថ្មី។ យើងធ្លាប់រស់នៅជាមួយតម្លៃស្មើគ្នា សិទ្ធិស្មើគ្នា និងសេរីភាពក្រោមការដឹកនាំរបស់រដ្ឋាភិបាលប្រជាធិបតេយ្យ»។
អ្វីដែលគួរឲ្យកត់សម្គាល់នោះ នៅដើមឆ្នាំកន្លងទៅ លោកថាក់ស៊ីន ធ្លាប់ប្រាប់សារព័ត៌មានក្នុងឱកាសលោកចូលរួមកម្មវិធីពាក់ធុរកិច្ចមួយក្នុងក្រុងតូក្យូនៃជប៉ុន ថា លោកមិនប្រឡូកក្នុងនយោបាយឡើយ ព្ររោះលោកជឿជាក់ថា អតីតបក្សដែលលោកធ្លាប់គ្រប់គ្រងដោយផ្ទាល់(បក្សភឿថៃ) នឹងទទួលការគាំទ្រភ្លូកទឹកភ្លូកដីពីប្រជាពលរដ្ឋក្នុងការបោះឆ្នោតខាងមុខ។ ប៉ុន្តែពេលនេះ លោក បែរជាចេញសារនយោបាយថ្មី ក្នុងការតស៊ូជាមួយនឹងរបបសឹក ទាំងលោកកំពុងតែរស់នៅក្រៅប្រទេស។
សូមជម្រាបផងដែរថា លោកថាក់ស៊ីន ស៊ីណាវ៉ាត់ ត្រូវបានអស់តំណែងដឹកនាំរដ្ឋាភិបាលថៃដោយសាររដ្ឋប្រហារយោធាឆ្នាំ២០០៦។ ក្រោយអស់តំណែងហើយ លោកត្រូវបានតុលាការថៃចោទប្រកាន់ពាក់ព័ន្ធបទពុករលួយ។ ថ្មីៗនេះ តុលាការថៃ ក៏បានចេញដីកាឃាត់ខ្លួនលោកជាបន្តបន្ទាប់ ក្រោយពីលោក អវត្តមានក្នុងការជំនុំជម្រះ៕
Tag:
ថៃ
អាស៊ាន
ថាក់ស៊ីន ស៊ីណាវ៉ាត់
© រក្សាសិទ្ធិដោយ thmeythmey.com