ជាតិ
បទយកការណ៍ / បទសម្ភាសន៍
សេដ្ឋកិច្ច
រ៉ឺម៉ក​វែង មិន​ទំនើប តែ​ពេញនិយម​ខ្លាំង​សម្រាប់​អ្នកដំណើរ​ ព្រែក​ព្នៅ​-​ផ្សារ​តូច​
14, Aug 2018 , 10:46 am        
រូបភាព
​ភ្នំពេញ​៖ ទោះបី​មធ្យោបាយ​ធ្វើដំណើរ​នាពេល​បច្ចុប្បន្ន​កាន់តែ​ទំនើប​ក្ដី ប៉ុន្តែ​រ៉ឺម៉ក​ខ្នាត​វែង នៅតែមាន​តម្លៃ​ធូរ​ថ្លៃ​សម្រាប់​អ្នកដំណើរ​។ នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ ត្រង់ចំណុច​ផ្សារ​តូច ទៅដល់​ព្រែក​ព្នៅ ចម្ងាយ​ផ្លូវ​ប្រមាណ​ជាង​១០​គឺ​ឡូ​ម៉ែត្រ ថ្លៃ​ធ្វើដំណើរ​តែ​២​ពាន់​រៀល​តែប៉ុណ្ណោះ សម្រាប់​មនុស្ស​ម្នាក់​។ មានន័យថា ចម្ងាយ​មួយ​គីឡូម៉ែត្រ ពួ​គាត់​ចំណាយ​មិន​ដល់​២០០​រៀល​ផង​។ ដូច្នេះហើយ​ទើប​រ៉ឺម៉ក​ខ្នាត​វែង​នេះ នៅតែ​ពេញនិយម សម្រាប់​អ្នកដំណើរ​នៅ​កំណាត់​ផ្លូវជាតិ​លេខ​៥ ចំណុច​ផ្សារ​ព្រែក​ព្នៅ និង​ផ្សារ​តូច ពិសេស​សម្រាប់​កម្មករ​រោងចក្រ បើ​ទោះ​វា​មិនសូវ​ជា​ទំនើប​ក៏ដោយ​។​



​តទៅ​នេះ​សូម​នាង​កញ្ញា លោក លោកស្រី អញ្ជើញ​ស្ដាប់​បទ​យកការណ៍​ដែល​រៀបរៀង​ដោយ​កញ្ញា ប៉ូ សា​គុន ដូចតទៅ​៖




​បើ​គេ​ធ្វើដំណើរ​ទៅ​ផ្សារ​តូច​ក្បែរ​រង្វង់​មូល​ស្ពាន​ជ្រោយចង្វារ គេ​នឹង​ឃើញ​មាន​រ៉ឺម៉ក​ប្រភេទ​វែង​ជាច្រើន​គ្រឿង ដាក់​តម្រៀប​គ្នា​ជា​ជួរ​។ រ៉ឺម៉ក​ទាំងនោះ នៅ​រង់ចាំ​ដឹក​ភ្ញៀវ​ពី​ផ្សារ​តូច ឆ្ពោះទៅ​ព្រែក​ព្នៅ​។ ភ្ញៀវ​ដែល​ជិះ​រឺ​ម៉ក​វែង​នេះ ភាគច្រើន​ជា​កម្មករ​រោងចក្រ ក្រៅពីនោះ​មាន​សិស្ស និង​អ្នកដំណើរ​ទូទៅ​។ បើទោះបីជា​បច្ចុប្បន្ន មាន​មធ្យោបាយ​ដឹកជញ្ជូន​សាធារណៈ​កាន់តែច្រើន និង​ទំនើប​យ៉ាងណាក្ដី ប៉ុន្តែ​រ៉ឺម៉ក​វែង នៅតែ​ជា​ជម្រើស​ដ៏​ល្អ​សម្រាប់​អ្នកដំណើរ​នៅតាម​កំណាត់​ផ្លូវជាតិ​លេខ​៥ ព្រោះ​វា​មានតម្លៃ​ទាប និង​ងាយស្រួល​ធ្វើដំណើរ​។

​ម៉ោង​ជិត​១២​ថ្ងៃត្រង់​ជា​ពេលដែល​មិនសូវមាន​ភ្ញៀវ​ធ្វើដំណើរ លោក សយ ថា ដែលជា​អ្នករត់​រ៉ឺម៉ក​ប្រភេទ​វែង​មួយ​រូបនោះ កំពុងតែ​ឈរ​ជជែក​គ្នា​ជាមួយ​អ្នករត់​រ៉ឺម៉ក​ផ្សេងទៀត នៅក្បែរ​ជាង​ផ្សា​ដែក​។ ប្រកប​របរ​រត់​រ៉ឺម៉ក​វែង​ជាង​១០​ឆ្នាំ លោក សយ ថា បញ្ជាក់ថា តម្លៃ​ដឹង​ភ្ញៀវ​ពី​១០​ឆ្នាំមុន មកទល់​ពេលបច្ចុប្បន្ន​មិន​ខុសគ្នា​ឡើយ គឺ​ពី​ព្រែក​ព្នៅ​មក​ផ្សារ​តូច ដែលមាន​ចម្ងាយ​ប្រមាណ​១៣​គីឡូម៉ែត្រ តម្លៃ​តែ​២​ពាន់​រៀល​ប៉ុណ្ណោះ​។ មើលមុខ​ខ្ញុំ​បណ្ដើរ ងាក​ទៅ​មើល​រ៉ឺម៉ក​របស់ខ្លួន ដែលមាន​សភាព​ថ្មី​ក្រោយពី​ការជួសជុល​ជាច្រើនលើក​បណ្ដើរ លោក សយ ថា ពោលថា ខ្លួន​មិនដែល​ដាក់​តម្លៃ​ទៅកាន់​ភ្ញៀវ​ឡើយ ព្រោះ​អ្នកជិះ​ដឹង​ពី​ចម្ងាយ​ផ្លូវ និង​តម្លៃ​រៀងៗ​ខ្លួន​។ តម្លៃ​ចាប់ពី​៥​រយ​រៀល​ដល់​២​ពាន់​រៀល អាស្រ័យ​លើ​ចម្ងាយ​ផ្លូវ​ជិត​ឬ​ឆ្ងាយ ក្នុង​មួយថ្ងៃ​អ្នករត់​រ៉ឺម៉ក​វ័យ​៥៨​ឆ្នាំ មកពី​ខេត្តកំពង់ចាម​រូបនេះ អាច​រកប្រាក់​បាន​ប្រមាណ​៥​ម៉ឺន​រៀល​ក្នុង​មួយថ្ងៃ​ក្រោយពី​ផាត់​ថ្ងៃ​សាំង​។ លោក សយ ថា បញ្ជាក់​៖«​ចម្ងាយ​ផ្លូវ​១៣​គីឡូ​យក​គេ​តែ​១៥០០​ទៅ​២០០០ សិស្ស​និង​កម្មករ​គ្នា​មិនសូវមាន​លុយ​។ ខ្ញុំ​មិន​កំណត់​ថ្លៃ​គេ​ទេ គេ​ដឹង​តម្លៃ​ខ្លួនគេ​ហើយ ថា​គេ​ជិះ​ត្រឹមណា​ដល់​ត្រឹមណា​»​។

​ងាក​មក​លោក ឆេង លី ដែលជា​អ្នករត់​រ៉ឺម៉ក​ប្រភេទ​វែង​មួយរូប​ទៀត កំពុង​ឈរ​រង់ចាំ​ភ្ញៀវ​ក្បែរ​ស្តុ​ប​ផ្សារ​តូច​។ ប្រកប​របរ​នេះ​ក្នុង​ឆ្នាំ​២០១២ លោក ឆេង លី មាន​ភ្ញៀវ​ប្រចាំ​ជា​កម្មករ​រោងចក្រ ដោយ​ពួកគេ​ត្រូវ​បង់ប្រាក់​ឱ្យ​លោក​គិត​ជា​ខែ​។ ត្រូវ​ចេញពីផ្ទះ​ម៉ោង​៦​ព្រឹក រហូតដល់​ម៉ោង​៦​ល្ងាច​វិញ ក្រៅពី​ដឹក​កម្ម លោក​ក៏​ឆ្លៀតពេល​ដឹក​ភ្ញៀវ​ទូទៅ​បន្ថែម​ដែរ ដែល​លោក លី អះអាងថា លោក​អាច​រកចំណូលបាន​គួរសម ព្រោះ​រ៉ឺម៉ក​ប្រភេទ​វែង​នេះ អាច​ទទួលភ្ញៀវ​តាមផ្លូវ​ជា​ហូរហែ​មិន​ដាច់​។ «​យើង​ទៅយក​គេ​ពី​ព្រឹក​ម៉ោង​៦ ដល់​ល្ងាច​ម៉ោង​៥​ទៅ​៦​។ ផ្សេង​ពី​ដឹក​កម្មករ​យើង​ដឹក​មនុស្ស​ពី​ផ្សារ ហើយ​បើក​តាមផ្លូវ​អាច​បាន​ភ្ញៀវ​ខ្លះទៀត​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក ឆេង លី​។



​ឈរ​មើល​ជាង​ផ្សា​ដែក កំពុង​ជួសជុល​រ៉ឺម៉ក​របស់ខ្លួន ដែល​ខូ​ត​ដោយ​អន្លើ លោក សើ ម៉ាត់ ជា​ខ្មែរឥស្លាម​មួយរូប ដែល​ប្រកប​របរ​រត់​រ៉ឺម៉ក​ប្រភេទ​វែង តាំងពី​ឆ្នាំ​១៩៨៥​មក​។ ត្រូវ​ដូរ​រ៉ឺម៉ក​អស់ ៣​គ្រឿង​ចាប់ពីរ​ករបរ​នេះ​ដំបូង​រហូតដល់​បច្ចុប្បន្ន លោក ម៉ាត់ បញ្ជាក់ថា​ដ្បិត​រ៉ឺម៉ក​ខ្នាត​វែង​នេះ​មិន​ទំនើប តែ​នៅតែមាន​អ្នករត់​ច្រើន និង​ពេញនិយម​សម្រាប់​អ្នកជិះ ព្រោះ​វា​មានតម្លៃ​ធូរ​ថ្លៃ​។ បុរស​វ័យ​៦០​ឆ្នាំ ដែល​រស់នៅ​គីឡូម៉ែត្រ​លេខ​៧​រូបនេះ​ថា សព្វថ្ងៃនេះ​មុខរបរ​របស់លោក ពឹង​ស្ទើរតែ​ទាំងស្រុង​លើក​ម្មករ​រោងចក្រ​។ លោក ម៉ាត់ បន្ថែម​៖«​វា​មិន​មានបាន​នឹង​រ៉ឺម៉ក​នេះ​ទេ ត្រឹម​ចិញ្ចឹម​ឆ្នាំ ចាយវាយ​បាន​មិន​អត់​ទេ បើ​ធ្វើ​អ្នកមាន​មិនបាន​ទេ​។ ឥឡូវ​រ៉ឺម៉ក​មាន​អ្នករត់​ច្រើនណាស់ មកពី​ខេត្ត​មកពី​ខេត្ត​មក​ប្រមូល​ផ្ដុំគ្នា​នៅ​ហ្នឹង​។ រាល់ថ្ងៃ​រ៉ឺម៉ក​សង្ឃឹម​តែ​អ្នក​រោងចក្រ​មួយ​ទេ​»​។



​ជា​អ្នកដំណើរ​ម្នាក់​ដែល​កំពុង​អង្គុយ​លើ​រ៉ឺម៉ក​ខ្នាត​វែង​នេះ គឺ​អ្នកស្រី ហៃ សុខន ឲ្យ​ដឹងថា អ្នកស្រី​ចូលចិត្ត​ជិះ​រ៉ឺម៉ក​ប្រភេទ​នេះ ព្រោះ​វា​មានតម្លៃ​ធូរ​ថ្លៃ​ជាង មធ្យោបាយ​ធ្វើដំណើរ​ផ្សេងទៀត ដែល​អ្នកស្រី​ធ្លាប់​ជិះ​។ អ្នកស្រី​សុខន ដែល​ត្រូវ​ធ្វើដំណើរ​ពី​ផ្សារ​តូច ទៅ​ព្រែក​ព្នៅ​វិញ ចំណាយ​អស់​ត្រឹមតែ​២​ពាន់​រៀល​តែប៉ុណ្ណោះ ក្នុង​ចម្ងាយ​ផ្លូវ​ជាង​១០​គីឡូម៉ែត្រ​។ «​ខ្ញុំ​មកពី​ព្រែក​ព្នៅ​មក​ផ្សារ​តូច​លេង​កូន​។ រ៉ឺម៉ក​នេះ​តម្លៃ​ធូរ​ថ្លៃ ខ្ញុំ​ជិះ​ចម្ងាយ​ជាង​១០​គីឡូ​អស់​តែ​២​ពាន់​រៀល​»​។ នេះ​ជាការ​បន្ថែម​របស់​អ្នក ហៃ សុខន​។



​ក្នុង​ដំណើរ​មួយៗ​ដើរ​តម្រង់​មករក​រ៉ឺម៉ក ដែល​កំពុង​ចត​ចាំ​ដឹក​កម្មករ​រោងចក្រ​នៅ​ជិត​កា​រ៉ា​ស​សាំង លើ​ចិញ្ចើមផ្លូវ​ជិត​ផ្សារ​តូច អ្នកស្រី សុខ ចន្ទ វ័យ​៤៨​ឆ្នាំ ជា​កម្មការិនី​រោងចក្រ​ទើបតែ​ចេញពី​ធ្វើការ បាន​ដើរ​មកដល់​រ៉ឺម៉ក​មុនគេ​។ រ៉ឺម៉ក​ដែលមាន​ទំហំ​អាចដាក់​មនុស្ស​បាន​ជិត​៣០​នាក់ ដែលមាន​សភាព​រាង​ចាស់​បន្តិច​ទៅហើយនោះ បាន​នាំយក អ្នកស្រី សុខ ចន្ទ ពី​គីឡូម៉ែត្រ​លេខ​៦ មកដល់​រោងចក្រ​ជិត​ផ្សារ​តូច អស់​ជាច្រើន​ឆ្នាំ​មកហើយ ពោល​តាំងពី​អ្នកស្រី​ចូលធ្វើការ​ដំបូង​។ ចម្ងាយ​ប្រមាណ​១២​គីឡូម៉ែត្រ ធ្វើដំណើរ​ទៅ​និង​មក​រៀងរាល់ថ្ងៃ​ធ្វើការ អ្នកស្រី សុខ ចន្ទ ចំណាយ​ប្រាក់​ត្រឹមតែ​១​ពាន់​រៀល​តែប៉ុណ្ណោះ សម្រាប់​មធ្យោបាយ​ធ្វើដំណើរ​ដ៏​សាមញ្ញ​និង​ពេញនិយម​នេះ​។​

​រាង​ស្គម​សម្បុរ​ស្រអែម អ្នកស្រី ចន្ទ ពោលថា តាំងពី​អ្នកស្រី​ជិះ​រ៉ឺម៉ក​ប្រភេទ​វែង​នេះ​ដំបូង​រហូតដល់​បច្ចុប្បន្ន តម្លៃ​នៅតែ​រក្សា​ដដែល បើ​ប្រៀបធៀប​ជាមួយ​មធ្យោបាយ​ធ្វើដំណើរ​ផ្សេងៗ​ទៀត មាន​ភាពខុសគ្នា​ឆ្ងាយ​។ អ្នកស្រី សុខ ចន្ទ នៅតែ​ចង់ឱ្យ​រ៉ឺម៉ក​ប្រភេទ​វែង​នេះ​បន្ត​ដឹង​កម្មករ​រោងចក្រ​យូរអង្វែង​ទៅមុខទៀត ព្រោះ​វា​បាន​ជួយ​សម្រួល​ដល់​ជីវភាព​ពួកគាត់​។ អ្នកស្រី សុខ ចន្ទ បញ្ជាក់​៖«​ខ្ញុំ​ជិះ​រ៉ឺម៉ក​នេះ​យូរ​ឆ្នាំ​ហើយ តាំងពី​ខ្ញុំ​ចូលធ្វើការ​ដំបូង​។ តម្លៃ​វា​ថោក​សមរម្យ​អស់​តែ​១​ពាន់​រៀល បើ​ជិះ​ម៉ូតូឌុប​ឬ​មធ្យោបាយ​ផ្សេងៗ​ថ្ងៃ យើង​ថែម​ម៉ោង​ដល់​៧​យប់ អស់​៥​ទៅ​៦​ពាន់​ឯណោះ ពីនេះ​ដល់​គីឡូម៉ែត្រ​លេខ​៦»៕




Tag:
 រ៉ឺម៉ក​
 ​យានយន្ត​
 ​យានជំនិះ​
© រក្សាសិទ្ធិដោយ thmeythmey.com