ជាតិ
បោះឆ្នោត
មន្ត្រី​គ​.​ជ​.​ប បញ្ជាក់​ឡើងវិញ​ថា លទ្ធផល​ផ្លូវការ​នៃ​ការបោះឆ្នោត នឹង​ប្រកាស​តាម​កាលកំណត់​
14, Aug 2018 , 11:59 am        
រូបភាព
លោក សោម សូរីដា អគ្គ​លេខាធិការរង គ.ជ.ប
លោក សោម សូរីដា អគ្គ​លេខាធិការរង គ.ជ.ប
ដោយ: ថ្មីៗ
​ដើមឡើយ ការប្រកាស​លទ្ធផល​ផ្លូវការ​នៃ​ការបោះឆ្នោត ត្រូវបាន​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) អះអាងថា អាច​នឹង​ផ្អាក ព្រោះ​តែមាន​បណ្តឹង​ពី​គណបក្សនយោបាយ​។ ប៉ុន្តែ មន្ត្រីជាន់ខ្ពស់​របស់​គ​.​ជ​.​ប បានបញ្ជាក់​ឡើងវិញ​ថា លទ្ធផល​ផ្លូវការ​នេះ នឹងត្រូវ​ប្រកាស​តាម​កាលកំណត់ គឺ​នៅ​ថ្ងៃទី​១៥ ខែសីហា ឆ្នាំ​២០១៨ ដោយ​គ្មាន​ការផ្អាក ឬ​ការប្រែប្រួល​អ្វី​ឡើយ​។



​មូលហេតុ ដែល​នាំ​ឲ្យ​ការប្រកាស​លទ្ធផល​ផ្លូវការ មិនត្រូវ​បាន​ផ្អាក គឺ​ដោយសារតែ​បណ្តឹង​របស់​គណបក្សនយោបាយ ត្រូវបាន​ដោះស្រាយ​ចប់សព្វគ្រប់ មុន​ថ្ងៃទី​១៥ ខែសីហា​។  មាន​គណបក្ស​តែមួយគត់ គឺ​គណបក្ស​យុវជន​កម្ពុជា​របស់លោក ពេជ្រ ស្រស់ ដែល​បាន​យក​បណ្តឹង​ទៅ​ដាក់​នៅ​គ​.​ជ​.​ប នៅ​ថ្ងៃទី​១៣ ខែសីហា ឆ្នាំ​២០១៨ ដើម្បី​សុំ​ឲ្យ​រាប់​សន្លឹកឆ្នោត​ឡើងវិញ​។

អត្ថបទទាក់ទង


​តាមពិតទៅ បណ្តឹង​របស់លោក ពេជ្រ ស្រស់ មិនត្រូវ​បានគ​.​ជ​.​ប យកទៅ​ដោះស្រាយ​អ្វី​នោះទេ​។ ប៉ុន្តែ លោក ពេជ្រ ស្រស់ បាន​សុំ​ដក​បណ្តឹង​វិញ​ដោយ​ខ្លួនឯង នៅ​ថ្ងៃ ដែល​លោក ប្តឹងទៅ​គ​.​ជ​.​ប​តែម្តង ដោយសារតែ​បណ្តឹង​នោះ មិនមាន​លក្ខណ​គ្រប់គ្រាន់​តាម​នីតិវិធី​។

​ក្រៅពី​គណបក្ស​យុវជន​កម្ពុជា ពុំមាន​គណបក្ស​ណា​ផ្សេង ដែល​ដាក់​បណ្តឹង​ទៅ​គ​.​ជ​.​ប ឡើយ​។ ម្យ៉ាងទៀត វា ហួសពេល​ទៅហើយ សម្រាប់​ការដាក់​បណ្តឹង​ទៅ​គ​.​ជ​.​ប​។
​លោក សោម សូ​រី​ដា អគ្គលេខាធិការរង​គ​.​ជ​.​ប ប្រាប់​សារព័ត៌មាន​ថ្មីៗ​តាម​ទូរ​សព្ទ​ថា ចាប់ពី​ម៉ោង​៧​ព្រឹក ថ្ងៃទី​១៤ ខែសីហា​នេះ​ទៅ គឺ​ផុតកំណត់​សម្រាប់​ការដាក់​បណ្តឹង​ហើយ​។ លោក សង្កត់ធ្ងន់ថា ពេលនេះ ទោះ​ជាមាន​គណបក្ស​ណា យក​បណ្តឹង​ទៅ​ដាក់ ក៏​គ​.​ជ​.​ប និង​ក្រុមប្រឹក្សាធម្មនុញ្ញ មិន​ទទួល​ដែរ​។

​មន្ត្រីជាន់ខ្ពស់​របស់​គ​.​ជ​.​ប រូបនេះ បញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖«​ក្រោយ​គ​.​ជ​.​ប ប្រកាស​លទ្ធផល​បណ្តោះអាសន្ន គ្រប់​គណបក្ស មាន​ពេល​៧២​ម៉ោង ដើម្បី​ប្តឹងតវ៉ា​។ ឥឡូវ​ផុត​រយៈពេល​៧២​ម៉ោង​ហើយ​»​។

​ការប្រកាស​លទ្ធផល​នៃ​ការបោះឆ្នោត មាន​បី​ដំណាក់កាល គឺ​បឋម បណ្តោះអាសន្ន និង​ផ្លូវការ​។ លទ្ធផល​បឋម​និង​បណ្តោះអាសន្ន ត្រូវបាន​ប្រកាស​រួចរាល់​ហើយ​។

​តួលេខ​នៃ​លទ្ធផល​បឋម និង​បណ្តោះអាសន្ន ស្ទើរតែ​ដូចគ្នា​ទាំងស្រុង​។ ការប្រកាស​លទ្ធផល​ទាំងពីរ​លើក​នេះ បង្ហាញថា គណបក្ស​ប្រជាជន​កម្ពុជា ទទួលបាន​ការគាំទ្រ​ខ្លាំងជាងគេ រហូតដល់​ទទួលបាន​សន្លឹកឆ្នោត​ជាង ៤,៨​លាន​ឯណោះ ដែល​ស្មើ​ជាង ៧៦​ភាគរយ​។ គេ សន្និដ្ឋាន ថា ប្រហែលជា​មានតែ​គណបក្ស​នេះ​ប៉ុណ្ណោះ ដែល​ទទួលបាន​អាសនៈ​ក្នុង​រដ្ឋសភា សម្រាប់​នីតិកាល​ទី​៦​។

​ពេល​ប្រកាស​លទ្ធផល​ផ្លូវការ​នៃ​ការបោះឆ្នោត​រួចហើយ ដំណាក់កាល​បន្ទាប់ គឺ​ការប្រជុំ​រដ្ឋសភា និង​ការបង្កើត​រដ្ឋាភិបាល​។ តាម​ការគ្រោងទុក ការប្រជុំ​លើកដំបូង​របស់​រដ្ឋសភា​នីតិកាល​ទី​៦ នឹងត្រូវ​ធ្វើឡើង​នៅ​ថ្ងៃទី​៥ ខែកញ្ញា ឆ្នាំ​២០១៨ ហើយ​ក្រោយមក​មួយថ្ងៃ រដ្ឋាភិបាល​ថ្មី នឹងត្រូវ​បង្កើតឡើង​៕


Tag:
 ​បោះឆ្នោត​
  សោម សូ​រី​ដា​
  លទ្ធផល​ផ្លូវការ
© រក្សាសិទ្ធិដោយ thmeythmey.com