ជាតិ
បោះឆ្នោត
លទ្ធផលផ្លូវការនៃការបោះឆ្នោត ត្រូវប្រកាសនៅល្ងាចថ្ងៃនេះ លោក ស៊ិក ប៊ុនហុក ប្រធានគ.ជ.ប (កណ្តាល) ដឹកនាំកិច្ចប្រជុំនាពេលកន្លងមក
× ជាព័ត៌មានចុងក្រោយ ហើយក៏គ្មានការប្រែប្រួលអ្វីទៀតដែរ ដែលលទ្ធផលផ្លូវការនៃការបោះឆ្នោត នឹងត្រូវប្រកាសនៅថ្ងៃទី១៥ ខែសីហានេះ ចាប់ពីម៉ោង៥ និង៣០នាទីល្ងាចទៅ។
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបញ្ជាក់ក្នុងសេចក្តីប្រកាសព័ត៌មានរបស់ខ្លួនថា លទ្ធផលផ្លូវការនេះ គឺប្រកាសពីឈ្មោះបេក្ខជនជាប់ឆ្នោតជាតំណាងរាស្ត្រ និងបែងចែកអាសនៈ ឲ្យគណបក្សនយោបាយ។
លទ្ធផលបឋម និងលទ្ធផលបណ្តោះអាសន្ន ដែលគ.ជ.ប ប្រកាសកន្លងមក គឺបង្ហាញតែចំនួននៃអ្នកចេញទៅបោះឆ្នោត និងសន្លឹកឆ្នោត ដែលគណបក្សនីមួយៗ ទទួលបានប៉ុណ្ណោះ។
ការប្រកាសទាំងពីរលើកនេះ បង្ហាញថា គណបក្សប្រជាជនកម្ពុជា ឈ្នះដាច់គេឆ្ងាយណាស់ រហូតដល់ទទួលបានសន្លឹកឆ្នោតដល់ទៅជាង ៤,៨លានឯណោះ ដែលស្មើជាង៧៦ភាគរយ។ ប្រហែលជាមានតែគណបក្សនេះទេ ដែលអាចទទួលបានអាសនៈក្នុងរដ្ឋសភា សម្រាប់នីតិកាលទី៦។
ក្រោយប្រកាសលទ្ធផលផ្លូវការហើយ រដ្ឋសភានីតិកាលទី៦ នឹងចាប់ផ្តើមប្រជុំជាលើកដំបូងនៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៨ ហើយមួយថ្ងៃក្រោយមក រដ្ឋាភិបាលថ្មី នឹងត្រូវបង្កើតឡើង៕
Tag:
បោះឆ្នោត
គជប
លទ្ធផលផ្លូវការ
© រក្សាសិទ្ធិដោយ thmeythmey.com