ជាតិ
សេដ្ឋកិច្ច
រដ្ឋាភិបាល ចំណាយ​ប្រាក់​២២​លាន​ដុល្លារ ដើម្បី​ដោះស្រាយ​បញ្ហា​កម្មករ​រោងចក្រ ដែល​ថៅកែ​រត់ចោល​
16, Aug 2018 , 9:39 am        
រូបភាព
​ភ្នំពេញ​៖ មកដល់ពេលនេះ រដ្ឋាភិបាល​បាន​ចំណាយ​ថវិកា​បុរេប្រទាន​ប្រមាណ​២២​លាន​ដុល្លារ ក្នុង​ការបើក​ប្រាក់ខែ​ឲ្យ​កម្មករ​រោងចក្រ ក្រោយ​ថៅកែ​បាន​រត់ចោល​។ នេះ​បើតាម​សម្ដេច ហ៊ុន សែន ដែល​ថ្លែង​ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​កម្មករ​ចំនួន ១៥៣៦៨​នាក់ នៅ​រោងចក្រ​តំបន់​ភូមិ​អន្លង់​ក្ងាន សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី​១៥ ខែសីហា​។​



​ថវិកា​ដែល​រដ្ឋាភិបាល​បានផ្តល់​សំណង​ដល់​កម្មករ​ជំនួស​ថៅកែ​រោងចក្រ​កន្លងមក បានផ្តល់​ទៅលើ​ករណី​រោងចក្រ​ក្ស័យធន និង​ករណី​ថៅកែ​រោងចក្រ​មួយចំនួន បាន​រត់ចោល​កម្មករ ដោយ​មិនដឹង​មូលហេតុ​ច្បាស់លាស់​។

​សម្ដេច ហ៊ុន សែន មានប្រសាសន៍​ដូច្នេះ​ថា​៖ « រដ្ឋាភិបាល​នឹងធ្វើ​កំណែទម្រង់​ថ្មី ដែល​តម្រូវ​ឲ្យ​ថៅកែ​រោងចក្រ​ចាប់ផ្តើម​អនុវត្ត​ទូទាត់​ប្រាក់​អត្ថប្រយោជន​ដល់ក​ម្មករ​ក្នុង​រយៈពេល​៦​ខែម្តង ដើម្បី​ចៀសវាង​ថៅកែ​បិទ​រោងចក្រ ឬ​រត់ចោល​កម្មករ ដែល​បន្ទុក​ត្រូវបាន​ធ្លាក់​មកលើ​រដ្ឋាភិបាល ជា​អ្នក​ចេញសង់​បែបនេះ​»​។​

​តាមរយៈ​គោលនយោបាយ​ដោះស្រាយ​បញ្ហា​កម្មករ​នេះ រដ្ឋាភិបាល ក៏​នឹង​រៀបចំ​ប្រាក់​សោធ​និវត្ត​សម្រាប់​ពួកគេ នៅពេល​ឈប់​បម្រើ​ការងារ​រោងចក្រ​ផងដែរ​។ គោលនយោបាយ​នេះ រដ្ឋាភិបាល នឹង​ចាប់ផ្ដើម​អនុវត្ត​នៅ​ឆ្នាំ​២០១៩​ខាងមុខ​។​


Tag:
 ​ហ៊ុន សែន​
  កម្មករ
© រក្សាសិទ្ធិដោយ thmeythmey.com