ជាតិ
បោះឆ្នោត
លោក សុខ ឥ​សាន៖ CPP មិន​ចែក​អាសនៈ ទៅ​គណបក្ស​ផ្សេង​ឡើយ​
16, Aug 2018 , 1:57 pm        
រូបភាព
ដោយ:
ភ្នំពេញ​៖ គ្មាន​ឡើយ ការបែងចែក​អាសនៈ​រដ្ឋសភា ឲ្យ​ទៅ​គណបក្ស​ដទៃ​អង្គុយ​។ នេះ​ជាការ​ឆ្លើយតប​របស់​គ​ណ​បក្ស​ប្រជាជន ទៅនឹង​ដំណឹង​តៗ​គ្នា ពី​មជ្ឈដ្ឋាន​ទូទៅ​ថា គណបក្ស​ឈ្នះ​កៅអី​ទាំង​១២៥​នេះ នឹង​ចែក​អាសនៈ​ពី​៤​ទៅ​៥ ឲ្យ​បក្សនយោបាយ ដែល​ចូលរួម​បោះឆ្នោត​អាណត្តិ​ទី​៦ ដើម្បី​បញ្ចៀស​ពាក្យ​រិះគន់ថា «​សភា​ឯក​បក្ស​»​។


​ទោះជា​រដ្ឋសភាជាតិ ក្នុង​អាណត្តិ​ទី​៦ ដែល​មានតែ​សមាជិក​គណបក្ស​ប្រជា​ជននេះ ក៏​វា​គ្មាន​បញ្ហា​អ្វី​ឡើយ​។ នោះ​ក៏​ព្រោះតែ​កៅអី​ទាំង​១២៥ ដែល​គណបក្ស​ប្រជាជន​ឈ្នះ​នេះ កើតចេញពី​ការបោះឆ្នោត​តាមច្បាប់​ត្រឹមត្រូវ​។ វា​ជា​ហេតុផល​មួយ ដែល​គណបក្ស​ប្រជាជន យល់ថា សមស្រប ដើម្បី​ឆ្លើយតប​នឹង​អ្នក​ប្រើពាក្យ​រិះគន់ «​សភា​ឯក​បក្ស​»​។
 
​មិន​ត្រឹមតែ​មិន​ខ្លាច​ពាក្យរិះគន់​ហើយ គណបក្ស​ដែល​ឈ្នះឆ្នោត​ភ្លូកទឹកភ្លូកដី​នេះ ថែមទាំង​ប្រកាសថា មិន​បែងចែក​អាសនៈ​រដ្ឋសភា ឲ្យ​ទៅ​គណបក្ស​ដទៃ​អង្គុយ​នោះទេ​។ ត្រង់ចំណុច​នេះ​លោក សុខ ឥ​សាន បាន​លើក​មូលហេតុ​មក​បកស្រាយ​ថា ឆន្ទៈ​របស់​រាស្ត្រ​ដែល​គាំទ្រ​គណបក្ស​ខ្លួន មិនមែនជា​ដី​សម្បទាន​សង្គមកិច្ច ដែល​អាច​ចែក​ឲ្យ​ទៅ​អ្នកផ្សេង​បានឡើយ​។ 
 
​ថ្លែង​នៅក្នុង​កម្មវិធី​សន្និសីទ​សារព័ត៌មាន បង្ហាញ​ពី «​លទ្ធផល​ជា​ផ្លូវការ​នៃ​ការបោះឆ្នោត នីតិកាល​ទី​៦ » នៅ​ព្រឹក​ថ្ងៃទី​១៦ សីហា អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​រូបនេះ បាន​បន្ថែម​ដូច្នេះ​ថា​៖« ការបែងចែក​អាសនៈ​ដែលជា​ឆន្ទៈ​របស់​រាស្ត្រ ហាក់ដូច​ជាការ​មើលងាយ​ដល់​ការសម្រេចចិត្ត​របស់​ប្រជារាស្ត្រ​ផងដែរ​។ គណបក្ស​ប្រជាជន​បើក​ចិត្ត​ទទួល​អ្នកមានចំណេះដឹង និង​សមត្ថភាព​ពិតប្រាកដ ដើម្បី​ចូលរួម​អភិវឌ្ឍន៍​ប្រទេស​កម្ពុជា​»​។​
 
​កាលពី​ថ្មីៗ​នេះ ហ្វេ​ស​ប៊ុ​ក​របស់​សម្ដេច ហ៊ុន សែន ដែល​ត្រូវបាន​ជនអនាមិក Hack បាន​សរសេរ​បង្ហោះ​ថា គណបក្ស​ប្រជាជន នឹង​ចែក​កៅអី​រដ្ឋសភា​ចំនួន​២​ឲ្យ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច និង​កៅអី​២​ទៀត ឲ្យ​ទៅ​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ​។ ដ្បិត​ហ្វេ​ស​ប៊ុ​ក​ប្រមុខ​រដ្ឋាភិបាល ត្រូវបាន​គេ Hack មែន តែ​សារ​បង្ហោះ​នេះ នៅតែ​ដក​ជាប់ចិត្ត​មជ្ឈដ្ឋាន​ទូទៅ​ថា វា​អាចជា​សេនារីយោ​មួយ របស់​គណបក្ស​ប្រជាជន នាពេល​អនាគត​។​
 
អត្ថបទទាក់ទង
 
 
​តែ​យ៉ាងណា​ការសន្និដ្ឋាន ត្រូវបាន​សម្ដេច ហ៊ុន សែន ច្រានចោល​ព័ត៌មាន​នេះ​។ នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​បកស្រាយ​ថា ជនអនាមិក ដែល Hack ហ្វេ​ស​ប៊ុ​ក​សម្ដេច ហើយ​សរសេរ​បង្ហោះ​ពី​ការបែងចែក​អាសនៈ​នេះ គឺមាន​បំណង​យក​បញ្ហា​នេះ មក​វាយប្រហារ​រដ្ឋាភិបាល​ប៉ុណ្ណោះ ។ ដើម្បី​ឆ្លើយតប​នឹង​ពាក្យ​ចចាមអារ៉ាម​នេះ ប្រមុខ​រដ្ឋាភិបាល បាន​និយាយ​ដូច្នេះ​ថា​៖«​សភា​បក្ស​តិច សង្គម​ពហុបក្ស​»​។​
 
​ក្នុងន័យនេះ​សម្ដេច ហ៊ុន សែន បានបញ្ជាក់​ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​កម្មករ​កាលពី​ថ្ងៃ​ទី​១៥ សីហា ថា រដ្ឋាភិបាល​លោក មានបំណង​បង្កើត​វេទិកា​ពិភាក្សា​ជាមួយ​បណ្ដា​ភាគី​គណបក្សនយោបាយ ដែល​មិន​ជាប់ឆ្នោត​ទាំងនោះ ដើម្បី​ទទួលយក​គំនិតល្អៗ​របស់​ពួកគេ ក្នុងការ​ដោះស្រាយ​បញ្ហា​ពលរដ្ឋ និង​ប្រទេសជាតិ​ផង ដ្បិត​ពួកគេ​មិនអាច​អង្គុយ​នៅក្នុង​រដ្ឋសភា​។ បើតាម​ប្រមុខ​រដ្ឋាភិបាល ការរៀបចំ​វេទិកា​នេះ វា​ជា​ឱកាស​ឲ្យ​គណបក្សនយោបាយ ដែល​មិន​ជាប់ឆ្នោត​នេះ កសាង​កិត្តិយស​ខ្លួន សម្រាប់​ការបោះឆ្នោត​នៅ​អាណត្តិ​ខាងមុខ​ទៀតផង​ដែរ​៕

Tag:
 ​សុខ ឥសាន​
 CPP
 ​បោះឆ្នោត​
© រក្សាសិទ្ធិដោយ thmeythmey.com