ជាតិ
បោះឆ្នោត
លោក លី សៀន​ឡុង សាទរ​សម្តេច ហ៊ុន សែន ដែល​បន្ត​ឈ្នះឆ្នោត​
16, Aug 2018 , 8:19 pm        
រូបភាព
លោក លី សៀនឡុង ថត Selfie ជាមួយសម្តេចហ៊ុន សែន នា​កិច្ចប្រជុំនៅអាមេរិកកាលពី២០១៦
លោក លី សៀនឡុង ថត Selfie ជាមួយសម្តេចហ៊ុន សែន នា​កិច្ចប្រជុំនៅអាមេរិកកាលពី២០១៦
ដោយ:
​ភ្នំពេញ​៖ នាយករដ្ឋមន្ត្រី​សិង្ហ​បុរី លោក លី សៀន​ឡុង (Lee Hsien Loong) បាន​ផ្ញើលិខិត​អបអរសាទរ ដល់​គណបក្ស​ប្រជាជន​កម្ពុជា ក៏ដូចជា​សម្ដេច ហ៊ុន សែន ដែល​ទទួលបាន​ការគាំទ្រ​ដ៏​ច្រើន​លើសលប់ ពី​ប្រជាជន តាមរយៈ​ការបោះឆ្នោត​។ នេះ​បើតាម​លិខិត​សាទរ​របស់លោក លី សៀន​ឡុង​។



​លិខិត​សាទរ​របស់លោក លី សៀន​ឡុង ធ្វើឡើង​តាំងពី​ថ្ងៃទី​៣០ ថ្ងៃ​កក្កដា ឆ្នាំ​២០១៨ មកម្ល៉េះ ពោលគឺ​ក្រោយ​មួយថ្ងៃ​នៃ​ការបោះឆ្នោត ប៉ុន្តែ​ស្ថានទូត​សិង្ហ​បុរី​ប្រចាំ​កម្ពុជា ទើបនឹង​បញ្ចេញ​។ ស្ថានទូត​សិង្ហ​បុរី បាន​បញ្ចេញ​លិខិត​សាទរ​របស់​នាយករដ្ឋមន្ត្រី​ខ្លួន ក្រោយ​លទ្ធផល​ផ្លូវការ​នៃ​ការបោះឆ្នោត​នៅ​កម្ពុជា ត្រូវបាន​ប្រកា​សរួច កាលពី​យប់​ថ្ងៃទី​១៥ ខែសីហា ឆ្នាំ​២០១៨​។

​តាមរយៈ​លិខិត​សាទរ លោក លី សៀន​ឡុង បាន​បញ្ជាក់ថា ជោគជ័យ​ក្នុងការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦​នេះ បង្ហាញ​ពី​សក្ខីភាព​នៃ​ការដឹកនាំ និង​ឆន្ទៈ​របស់​សម្ដេច ហ៊ុន សែន ក្នុងការ​ធានា​ឲ្យ​បាន​នូវ​វិបុលភាព និង​វឌ្ឍនភាព សម្រាប់​ប្រជាជន​កម្ពុជា​។ មិនតែប៉ុណ្ណោះ នាយករដ្ឋមន្ត្រី​សិង្ហ​បុរី​រូបនេះ បាន​អះអាងថា លោក ទន្ទឹងរង់ចាំ​ធ្វើ​ការងារ​ជាមួយ​សម្ដេច ហ៊ុន សែន ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី លើ​គ្រប់​វិស័យ​ថែមទៀត រវាង​ប្រទេស​ទាំងពីរ​។

​ទន្ទឹមនេះ លោក លី សៀនឡុង ក៏​រង់ចាំ​ជួប​សម្ដេច ហ៊ុន សែន ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៣៣ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ នៅ​ខែវិច្ឆិកា ឆ្នាំ​២០១៨ ខាងមុខ​ផងដែរ ដើម្បី​លើកកម្ពស់​អាស៊ាន ប្រកបដោយ​ភាព​ច្នៃប្រឌិត និង​ភាពរឹងមាំ​៕



Tag:
 នយោបាយ​
  បោះឆ្នោត​
  CPP
© រក្សាសិទ្ធិដោយ thmeythmey.com