ជាតិ
បោះឆ្នោត
ក្រោយឈ្នះឆ្នោត បក្សប្រជាជន បានអំពាវនាវឲ្យពលរដ្ឋគ្រប់និន្នាការ រួមគ្នាអភិវឌ្ឍប្រទេស សម្ដេច ហ៊ុន សែន ឈរថ្លែងសារនយោបាយ នៅថ្ងៃបិទយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ ឆ្នាំ២០១៨
× ភ្នំពេញ៖ គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាប្រធាន បានអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់រូប ទោះមាននិន្នាការនយោបាយផ្សេងៗគ្នា និងបានបោះឆ្នោត ឬមិនបានបោះឆ្នោតក្ដី ឲ្យរួបរួមគ្នាជាធ្លុងមួយ ដើម្បីចូលរួមអភិវឌ្ឍប្រទេសជាតិ។ ការអំពាវនាវនេះ ធ្វើឡើងក្រោយ គណៈកម្មាការជាតិរៀបចំការបោះឆ្នោត បានប្រកាសលទ្ធផលផ្លូវការនៃការបោះឆ្នោត នៅយប់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨។
ក្រោយប្រកាសពីជ័យជម្នះទាំងស្រុង ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ គណបក្សប្រជាជនកម្ពុជា បានអំពាវនាវឲ្យប្រជាពលរដ្ឋកម្ពុជាគ្រប់និន្នាការនយោបាយទាំងអស់ រួបរួមគ្នា ក្រោមដំបូលនៃរដ្ឋធម្មនុញ និងព្រះមហាក្សត្រតែមួយ ដើម្បីចូលរួមអភិវឌ្ឍប្រទេស។
ក្រៅពីអំពាវនាវឲ្យមានការរួបរួម គណបក្សប្រជាជនកម្ពុជា តាមរយៈសេចក្ដីថ្លែងការណ៍របស់ខ្លួន ក៏បានប្ដេជ្ញាអភិវឌ្ឍប្រទេសកម្ពុជា ដោយផ្ដោតសំខាន់ទៅលើកំណែទម្រង់អភិបាលកិច្ច, វិនិយោគលើធនធានមនុស្ស, លើកកម្ពស់ការគាំពារសង្គមសម្រាប់ប្រជាជនគ្រប់រូប និងបង្កើតបរិយាកាសល្អដល់អ្នកវិនិយោគ។
ជ័យជម្នះលើការបោះឆ្នោតដ៏ច្រើនលើសលប់មិនធ្លាប់មាននេះ ត្រូវបានគណបក្សប្រជាជនកម្ពុជា ចាត់ទុកថាជាជ័យជម្នះរបស់ប្រជាជនខ្មែរទាំងមូល ដែលស្រឡាញ់សន្តិភាព និងការអភិវឌ្ឍ។ មិនតែប៉ុណ្ណោះ សេចក្ដីថ្លែងការណ៍ដដែល បានឲ្យដឹងថា ជ័យជម្នះនេះ គឺជាបរាជ័យនៃគណបក្សប្រឆាំង ដែលព្យាយាមបំផ្លាញលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។
ទន្ទឹមនេះ គណបក្សប្រជាជនកម្ពុជា ក៏បង្ហាញការសោកស្ដាយចំពោះបរទេសមួយចំនួន ដែលមិនបានចូលរួមសង្កេតការបោះឆ្នោតដោយផ្ទាល់ តែបែរជាវាយតម្លៃលើការបោះឆ្នោតថា គ្មានលក្ខណៈសេរី និងយុត្តិធម៌។ គណបក្សប្រជាជន បានហៅឥរិយាបថបែបនេះរបស់បរទេស ថាជាការប្រមាថដល់ឆន្ទៈប្រជាជនកម្ពុជាជាង ៦លាននាក់ ដែលបានទៅបោះឆ្នោត កាលពីថ្ងៃអាទិត្យ ទី២៩ ខែកក្កដា ឆ្នាំ២០១៨៕
Tag:
នយោបាយ
បោះឆ្នោត
គណបក្សប្រជាជនកម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com