ជាតិ
បោះឆ្នោត
​​​ន​យោ​បាយ​ជាតិ​
សម្ដេច ហ៊ុន សែន នឹង​ជួបពិភាក្សា​ជាមួយ​មេបក្ស​ទាំង​១៩ នៅ​ថ្ងៃទី​២១ សីហា​
17, Aug 2018 , 12:13 pm        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញ​៖ ដូច​ការគ្រោងទុក សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នឹង​ជួប​ជាមួយ​ប្រធាន និង​ថ្នាក់ដឹកនាំ​គណបក្សនយោបាយ​ទាំង​១៩ ដែល​ចូលរួម​បោះឆ្នោត​អាណត្តិ​ទី​៦​នេះ នៅ​ថ្ងៃទី​២១ សីហា ដើម្បី​ពិភាក្សា​យកគំនិត​ល្អៗ ក្នុងការ​រួមចំណែក​ដោះស្រាយ​បញ្ហា​ប្រទេសជាតិ​។

 
​អ្នកនាំពាក្យ​ទីស្តីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ី​ផាន បាន​និយាយថា រដ្ឋាភិបាល បាន​បញ្ជូន​លិខិត​ទៅ​ប្រធាន​គណបក្ស​ទាំង​១៩​នោះ​ហើយ ដើម្បី​ឲ្យ​ពួកគេ​ត្រៀម​លើកយក​បញ្ហា និង​គំនិត​ថ្មីៗ មក​ពិភាក្សាគ្នា​ជាមួយ​ប្រមុខ​រដ្ឋាភិបាល​។​
​វេទិកា​ពិភាក្សាគ្នា​នេះ រដ្ឋាភិបាល នឹង​បើកចំហ​ឲ្យ​គណបក្សនយោបាយ ដែល​មិន​ជាប់ឆ្នោត​ទាំងនោះ មាន​សិទ្ធិ​រិះគន់​លើ​គោលនយោបាយ​របស់​រដ្ឋា​ភិ​បាល ដែល​អនុវត្ត​ការងារ​មិនល្អ និង​ជួយ​ដោះស្រាយ​ចំណុច​ខ្វះខាត​នានា តាមរយៈ​ការពិនិត្យ​លើ​យន្តការ​ក្នុង​សេចក្តីព្រាងច្បាប់​ជាដើម​។ ការរៀបចំ​បែបនេះ វា​នឹង​ជួយ​រំឭក​ដល់​ការងារ​រដ្ឋាភិបាល ឲ្យ​អនុវត្ត​ការងារ​ត្រឹមត្រូវ​តាម​ការសន្យា​ខ្លួន ពោលគឺ​កុំ​ឲ្យ​រដ្ឋាភិបាល ជិះសេះ​លែងដៃ ហើយ​ទុក​ពលរដ្ឋ​រង​ទុក្ខលំបាក​។ បើតាម​សម្ដេច ហ៊ុន សែន ការរៀបចំ​វេទិកា​នេះ វា​ជា​ឱកាស​ឲ្យ​គណបក្សនយោបាយ ដែល​មិន​ជាប់ឆ្នោត​នេះ កសាង​កិត្តិយស​ខ្លួន សម្រាប់​ការបោះឆ្នោត​នៅ​អាណត្តិ​ខាងមុខ​ទៀតផង​ដែរ​។​
 
​ការលើកឡើង​របស់​ប្រមុខ​រដ្ឋាភិបាល​នេះ គឺជា​គំនិត​មួយ​ល្អ ដែល​ទទួលបាន​ការគាំទ្រ​ពី​ថ្នាក់ដឹកនាំ​គណបក្ស ដែល​ចូលរួម​បោះឆ្នោត​អាណត្តិ​ទី​៦​នេះ​។ ពួកគេ​ទាំងនោះ ចាត់ទុក​ការរៀបចំ​វេទិកា​នេះ គឺជា​របត់​នយោបាយ​មួយ ក្នុង​ដំណើរ​រួមគ្នា​អភិវឌ្ឍ​ជាតិ រវាង​គណបក្សកាន់អំណាច និង​គណបក្ស​ក្រៅ​រដ្ឋាភិបាល​៕

Tag:
 ​ហ៊ុន សែន​
  នយោបាយ​
  បោះឆ្នោត​
© រក្សាសិទ្ធិដោយ thmeythmey.com