អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន អ៊ី​ដ​ត​ខូ ផ្តើម​សិក្សា​លទ្ធភាព​សង់​បង្គោល​អង់​តែ​ន​ទូរស័ព្ទ ច្នៃ​ពី​ដើម​ឫស្សី​ដំបូង​គេ​នៅ​កម្ពុជា​
17, Aug 2018 , 2:29 pm        
រូបភាព
​ក្រុមហ៊ុន អ៊ី​ដ​ត​ខូ គ្រុប​,​ក្រុមហ៊ុន អ៊ី​ដ​ត​ខូ ខេ​ម​បូ​ឌា​,​វិទ្យាស្ថាន​បច្ចេកវិទ្យា​ក​ម្ពុ​ជា (ITC)  និង​ក្រុមហ៊ុន​Atelier Cole បាន​ចុះ​កិច្ចព្រមព្រៀង​មួយ ដើម្បី​សិក្សា​ស្រាវជ្រាវ​ពី​លទ្ធភាព នៃ​ការប្រើប្រាស់​ដើម​ឫស្សី​ដែលមាន​នៅក្នុង​ស្រុក យកមក​ធ្វើជា​សម្ភារ​សម្រាប់​ការសាងសង់​បង្គោល អង់​តែ​ន​ទូរគមនាគមន៍​។ ក្រោម​កិច្ចព្រមព្រៀង​នេះ Atelier Cole នឹង​ទទួលខុសត្រូវ​លើ​ការ ស្ថាបនា​រចនាសម្ព័ន្ធ​បង្គោល​អង់​តែ​ន ធ្វើ​ពី​ដើម​ឫស្សី​នេះ ក្រោយ​ក្រុមហ៊ុន អ៊ី​ដ​ត​ខូ និង​ITC បញ្ចប់​ការសិក្សា​។ ក្រុមហ៊ុន អ៊ី​ដ​ត​ខូ មាន​មហិច្ឆតា បង្កើត​ឲ្យ​មាន​បង្គោល​អង់​តែ​ន   ទូរគមនាគមន៍​ធ្វើ​ពី​ឫស្សី​ដំបូង​គេ​បង្អស់​នៅ​កម្ពុជា ឲ្យ​បាន​រួចរាល់​ជាស្រេច​សម្រាប់​ការប្រើប្រាស់​ក្នុង​គោលដៅ​ពាណិជ្ជកម្ម នៅត្រឹម​ចុងឆ្នាំ​២០១៨​នេះ​។​

​លោក Phillip Wong  នាយក​ប្រចាំ​តំបន់​ផ្នែក​ពង្រីក​ទីផ្សារ នៃ​ក្រុមហ៊ុន edocto Group បាន​ថ្លែងថា ក្រុមហ៊ុន អ៊ី​ដ​ត​ខូ តែងតែ​ធ្វើ​ពិសោធ​ជាមួយ​ស​មា្ភ​រ និង​ការច្នៃប្រឌិត​ថ្មី ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម នៃ​ឧស្សាហកម្ម​ហេដ្ឋារចនាសម្ព័ន្ធ​ទូរគមនាគមន៍​។ លោក Phillip Wong    បញ្ជាក់ថា​៖«​បង្គោល​អង់​តែ​ន​ទូរស័ព្ទ ធ្វើ​ពី​ដើម​ឫស្សី​គឺជា​ការច្នៃប្រឌិត​ថ្មី​ចុងក្រោយ​បំផុត ដែល​យើង​ផ្តើមគំនិត​ប្រើប្រាស់​សម្បត្តិ​ធម្មជាតិ ធនធាន​កើតឡើង​វិញ ក្នុងការ​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ទូរគមនាគមន៍ ដើម្បី​កាត់បន្ថយ​ផលប៉ះពាល់​បរិស្ថាន​»​។

​នៅពេលដែល​អង់​តែ​ន​នេះ​ត្រូវបាន​សាងសង់ឡើង​ដោយ​ប្រើប្រាស់​ធនធានធម្មជាតិ ការបញ្ចេញ​កាបូន ក៏​ត្រូវបាន​កាត់បន្ថយ​ដែរ​។ នេះ​បើតាម​លោក Phillip Wong ដដែល ដោយ​លោក​បាន​បន្តថា បង្គោល​អង់​តែ​ន​ប្រភេទ​នេះ សង់​លើកដំបូង​នៅ​ប្រទេស​បង់​ក្លា​ដែ​ស ហើយ​ការបញ្ចេញ​កាបូន​ទៅក្នុង​បរិយាកាស​ត្រូវបាន​កាត់​បន្ថយ​ដល់​ទៅ​ជាង​៧០% ឯណោះ ក្នុង​មួយ​បង្គោល​អង់​តែ​ន​។ ជាមួយគ្នានេះ វា​មាន​ទម្ងន់​ស្រាល​ជាង​បង្គោល​អង់​តែ​ន​ធ្វើ​អំពី​ដែក ដល់​ទៅ​៨៨% ភាពងាយស្រួល​សាងសង់ និង​កាត់បន្ថយ​ទម្ងន់​ផ្ទុក ទៅលើ​អគារ​ទៀតផង​។

​វិទ្យាស្ថាន​បច្ចេកវិទ្យា​ក​ម្ពុ​ជា (ITC) ជឿជាក់​យ៉ាង​មុតមាំ​ថា ធនធាន​កកើតឡើង​វិញ​បាន​ដើរតួនាទី​យ៉ាងសំខាន់ ក្នុងការ​ច្នៃប្រឌិត និង​បង្កើត​នូវ​អ្វី​ថ្មីៗ​ជាច្រើន​ទៀត​។ សាស្ត្រាចារ្យ ជ្រា រ៉ា​ដា ព្រឹទ្ធបុរស​មហាវិទ្យាល័យ​វិស្វកម្ម​សំណង់​ស៊ីវិល នៃ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា បញ្ជាក់​ដូច្នេះ​៖« យើង​ពិតជា​រីករាយ​ដែល​បាន​ធ្វើជា​ដៃគូ​ដ៏​ល្អ ជាមួយ​ក្រុមហ៊ុន អ៊ី​ដ​ត​ខូ ចំពោះ​គម្រោង​ត្រួសត្រាយ​ផ្លូវ​ដែល​មិន​ធ្លាប់​មាននៅ​កម្ពុជា​នេះ​។ ប្រទេស​របស់​យើង​សម្បូរ​ធនធានធម្មជាតិ​ជាច្រើន ហើយ​វា​ជា​វឌ្ឍនភាព​ថ្មី​មួយទៀត​របស់​កម្ពុជា ក្នុងការ​ប្រើប្រាស់​ធនធាន​ធម្មជាតិ​របស់ខ្លួន​ប្រកបដោយ​ចីរភាព ដើម្បី​រួមចំណែក​ដល់​ការអភិវឌ្ឍ​ប្រទេសជាតិ​»​។

​យោងតាម​ការសិក្សា ដើម​ឫស្សី​មិនទាន់​កែច្នៃ មាន​សមត្ថភាព​ទ្រ​ទម្ងន់​បេតុង​ពេលធ្វើ​រន្ទា និង​ចាក់គ្រឹះ ដែល​ធ្វើឱ្យ​វា​ក្លាយជា​សម្ភារ​ចាំបាច់​មួយ សម្រាប់​វិស័យ​សំណង់​ទូរគមនាគមន៍​។ វា​អាច​ទប់ទល់ នឹង​កម្លាំង​សន្ទុះ​ខ្យល់ បាន​ដល់​ទៅ ២១០​គីឡូម៉ែត្រ ក្នុង​មួយ​ម៉ោង និង​មាន​អាយុកាល​ប្រមាណ​១០​ឆ្នាំ បើ​ថែទាំ​បាន​ត្រឹមត្រូវ​។ បង្គោល​អង់​តែ​ន​ឫស្សី ត្រូវ​ចំណាយពេល​សាងសង់​ប្រហែល​១២​ថ្ងៃ និង​ប្រើប្រាស់​ថាមពល​តិច​ដើម្បី​ផលិត បើ​ធៀប​នឹង​បង្គោល​អង់​តែ​ន​ធ្វើ​ពី​ដែក​។ សំណង់​នេះ មាន​សមត្ថភាព​ដាក់​អង់​តែ​ន​បាន​រហូតដល់​ទៅ​៨ ដោយ​អនុញ្ញាតឱ្យ​បំពាក់​នៅលើ​ទីតាំង​តែមួយ​បាន​។​

​ក្រុមហ៊ុន អ៊ី​ដ​ត​ខូ បាន​ផ្គត់ផ្គង់​បង្គោល​អង់​តែ​ន​ទូរស័ព្ទ ច្នៃ​ពី​ដើម​ឫស្សី​ដំបូង​គេ​នៅលើ​ពិភពលោក​ក្នុង​ទីក្រុង​ដា​កា ប្រទេស​បង់​ក្លា​ដែ​ស កាលពី​ឆ្នាំ​២០១៧​។ ចាប់ពីពេលនោះ​មក ក្រុមហ៊ុន​បានដាក់​ពង្រាយ​អង់​តែ​ន​ប្រភេទ​នេះ បាន​ចំនួន​៩ ទៀត ខណៈ​បង្គោល​អង់​តែ​ន​ឫស្សី ៦ ផ្សេងទៀត​កំពុង​សាងសង់​។ ក្រុមហ៊ុន អ៊ី​ដ​ត​ខូ នៅតែ​បន្ត​ជំរុញ​ការប្តេជ្ញាចិត្ត​របស់ខ្លួន ឲ្យ​កាន់តែ​ស៊ីជម្រៅ​បន្ថែមទៀត ក្នុងការ​កាត់បន្ថយ​ផលប៉ះពាល់​បរិស្ថាន តាមរយៈ​ការធ្វើជា​ដៃគូ ជាមួយ​ក្រុមហ៊ុន​ក្នុងស្រុក​ដែល​កំពុងមាន​ការរីក​ចម្រើន​ខ្លាំង ដើម្បី​នាំយក​បង្គោល​អង់​តែ​ន​ទូរស័ព្ទ ច្នៃ​ពី​ដើម​ឫស្សី​នេះ ទៅកាន់​ទីផ្សារ​ជាច្រើន​ទៀត ដែល​ក្រុមហ៊ុន​កំពុង​ធ្វើ​ប្រតិបត្តិការ​៕

( អត្ថបទ​ពាណិជ្ជកម្ម )


© រក្សាសិទ្ធិដោយ thmeythmey.com