ជាតិ
បោះឆ្នោត
ក្រោយ​ចេញពី​ពន្ធនាគារ លោក គឹម សុខ ប្តេជ្ញា​ថា នៅតែ​អត្ថាធិប្បាយ​រឿង​នយោបាយ
17, Aug 2018 , 9:07 pm        
រូបភាព
លោក គឹម សុខ ផ្តល់បទសម្ភាស់ដល់អ្នកកាសែត នៅក្នុងវត្តចាស់ ក្រោយពីលោក ចេញពីពន្ធនាគារព្រៃស នៅព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៨
លោក គឹម សុខ ផ្តល់បទសម្ភាស់ដល់អ្នកកាសែត នៅក្នុងវត្តចាស់ ក្រោយពីលោក ចេញពីពន្ធនាគារព្រៃស នៅព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៨
ភ្នំពេញ៖ អ្វី ដែល​លោក គឹម សុខ ធ្លាប់ធ្វើ​​កន្លងមក ជាពិសេសការបើកបង្ហាញការពិតពីបញ្ហានយោបាយនិងសង្គម គឺលោក នៅតែបន្ត ដោយមិន​បោះបង់ និងមិន​រាថយ​ជាដាច់ខាត។ កុំថាឡើយ​បំភិតបំភ័យ ទោះជា​ត្រូវ​ជាប់ពន្ធនាគារ​ម្តងទៀត ក៏​អ្នកវិភាគ​រូបនេះ មិន​តក់ស្លុត ឬ​ចាញ់​ច្រាប​ដែរ​។



 
​រយៈពេល​១៨​ខែ​ក្នុង​ពន្ធនាគារ បានធ្វើ​ឲ្យ​លោក គឹម សុខ ស្រកទម្ងន់​មិនតិច​ទេ ហើយ​សាច់ឈាម​វិញ ក៏​មើលទៅ ដូចជា​ស្លេកស្លាំង​ដែរ​។ ប៉ុន្តែ ស្មារតី និង​ភាពក្លាហាន​របស់​អ្នកវិភាគ​ដ៏​មាន​ប្រជាប្រិយភាព​រូបនេះ នៅតែមាន​ដដែល​។ 
 
​បើ​និយាយ​ទៅ គុក​-​ច្រវាក់ ប្រហែលជា​មិនអាច​មាន​ឥទ្ធិពល ដើម្បី​បន្សាប​ការប្តេជ្ញា​របស់លោក គឹម សុខ ឡើយ​។ ទោះជា​ធ្លាប់ជាប់​ពន្ធនាគារ​ ដោយសារតែ​ពាក្យសម្តី​នេះ​ក៏ដោយ ក៏​លោក នៅតែ​មិន​បាក់ស្បាត​។ 
 
​គ្រាន់តែ​រួចផុត​ពី​ពន្ធនាគារ​ភ្លាម លោក គឹម សុខ ក៏បាន​ប្រាប់​ពី​ឆន្ទៈ​និង​បំណង​របស់លោក ក្នុង​ការបន្ត​អត្ថាធិប្បាយ​ពី​បញ្ហានយោបាយ និង​ការធ្វើ​កិច្ចការ​សង្គម​។ លោក ហ៊ាន​អះអាង​យ៉ាង​ម៉ឺងម៉ាត់​បែបនេះ ដោយសារតែ​លោក ជឿ​លើ​ភាព​ស្អាតស្អំ​របស់លោក​។ លោក លើកឡើងថា អ្វីដែល​លោក​ធ្វើ គឺ​ស្របច្បាប់ និង​ដើម្បី​ប្រយោជន៍​ប្រទេសជាតិ​។ 
 
​ចោមរោម​ដោយ​ព្រះសង្ឃ ប្រជាពលរដ្ឋ និង​អ្នកកាសែត នៅក្នុង​​វត្ត​ពោធិ​យា​រាម​ហៅ​វត្ត​ចាស់ លោក គឹម សុខ ដែល​គេ​ចាត់ទុកជា​អ្នក​រិះគន់​រដ្ឋា​ភិ​បាល​ឥត​សំចៃមាត់ បាន​និយាយ​ទាំង​ទឹកមុខ​មាំទាំ យ៉ាង​ដូច្នេះ​ថា​៖«​ខ្ញុំ និយាយ​ប៉ុណ្ណឹង គេ​ចាប់​ខ្ញុំ​ដាក់គុក​។ ចេញពី​គុក ខ្ញុំ​នឹងធ្វើ​លើស​ដើម ពីព្រោះ​ខ្ញុំ មិនមែនជា​ភេរ​វក ឬក៏​ចង់​ផ្តួលរំលំ​រដ្ឋាភិបាល​ទេ​។ ខ្ញុំ ធ្វើ​ក្នុង​ផ្លូវ​មួយ ដើម្បី​លើក​តម្លើង​ប្រជាធិបតេយ្យ និង​យុត្តិធម៌ ដែលជា​គោល​នៃ​នីតិរដ្ឋ​»​។
  
​លើសពីនេះ លោក គឹម សុខ បានបង្ហាញ​ជំហរ​ថា លោក នឹង​បន្តធ្វើ​កិច្ចការ​របស់លោក ដែល​ធ្លាប់ធ្វើ​ពីមុន​។ កិច្ចការងារ ដែល​លោក នឹង​បន្តធ្វើ គឺ​ការស្រាវជ្រាវ និង​ការ​ចងក្រង​គំនិត ដើម្បី​បណ្តុះបណ្តាល និង​ផ្សព្វផ្សាយ​ទៅកាន់​ប្រជាពលរដ្ឋ​ទូទៅ ឲ្យ​ចូលរួម​ឲ្យ​បាន​កាន់តែ​ផុសផុល ក្នុង​កិច្ចការ​សង្គម និង​ការលើកកម្ពស់​ប្រជាធិបតេយ្យ​។  លោក ចាត់ទុក​កិច្ចការ​ទាំងនេះ ថា​ជា​កាតព្វកិច្ច ដែល​លោក ត្រូវតែ​ធ្វើ ជាពិសេស​ស្ថិតក្នុង​ស្ថានភាព​បច្ចុប្បន្ន​។ 
 
​អ្នកវិភាគ ដែល​ជាប់ពន្ធនាគារ​ព្រោះតែ​បណ្តឹង​របស់​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់​បែបនេះ​ថា​៖«​ខ្ញុំ​នឹង​ចែករំលែក​គំនិត​របស់ខ្ញុំ​។ វា អត់​មាន​អី្វ​ដែល​ខុសច្បាប់​ទេ​។ បើ​អត់​ខុសច្បាប់ យើង ត្រូវតែ​បន្ត តែ​ធ្វើ​ដោយ​អហិង្សា​។ បើ​អត់​ហ៊ាន​បន្ត មានន័យថា អ្នក​ខុសច្បាប់ នឹង​កាន់តែ​មានទឹក​មាត់​លេប [បានចិត្ត] ហើយ​យកឈ្នះ​យើង យកឈ្នះ​ជាតិ​យើង​»​។ 
 
«​តើ​លោក បារម្ភ ឬក៏​មាន​កង្វល់​ទេ បើ​លោក បន្តធ្វើ​កិច្ចការ​ដូច​មុន​?» នេះ​ជា​សំណួរ ដែល​អ្នកកាសែត​សួរ​ទៅ​លោក គឹម សុខ​។ អ្នកវិភាគ ដែល​អ្នកខ្លះ​ចាត់ទុកជា​លោក​បណ្ឌិត កែម ឡី​ទី​ពីរ បាន​ឆ្លើយ​ដោយ​ឥត​រារែក​ថា បារម្ភ ប្រាកដ​ជាមាន ហើយ​កង្វល់ ក៏​មិន​អត់​ដែរ​។ ប៉ុន្តែ លោក បន្ថែមថា ក្តីបារម្ភ​និង​ក្តីកង្វល់​ទាំងនេះ មិនមែនជា​ឧបសគ្គ ដែល​រុញ​លោក ឲ្យ​ចាក​ចេញពី​ការងារ ដែល​លោក​ចង់​ធ្វើ​ឡើយ​។  លោក បន្តថា កង្វល់​របស់​ជាតិ គឺ​ធំ​ជាង​កង្វល់​បុគ្គល​ផ្ទាល់​ខ្លួ​លោក​ទៅទៀត ដែលជា​មូលហេតុ ធ្វើ​ឲ្យ​លោក មិនអាច​បិទមាត់​និង​ធ្មេចភ្នែក​ពី​រឿង​នយោបាយ​និង​កិច្ចការ​សង្គម​។ 
 
​លោក គឹម សុខ ដែល​អះអាងថា​លោក​មិន​តក់ស្លុត​នឹង​ការបំភិតបំភ័យ បាន​សង្កត់ធ្ងន់ យ៉ាង​ដូច្នេះ ៖«​ជាប់គុក​មួយឆ្នាំ​-​ពីរ​ឆ្នាំ ហើយ​យើង​នាំគ្នា​ចុះចាញ់​គេ អ៊ីចឹង​យូរៗ​ទៅ យើង​នឹង​ចុះចាញ់​គេ​ដោយ​ខ្លួនឯង​។ ពេល​យើង​ចុះចាញ់​គេ មិនមែន​បុគ្គល​ជា​អ្នកចាញ់​ទេ គឺ​ជាតិ​យើង​ជា​អ្នកចាញ់​។ បើ​យើង ត្រៀមខ្លួន​រួចហើយ ថា​ចូល​គុក កុំ​ខ្លាច ។ បើ​ថ្ងៃ​ណា​គេ​ចាប់​ដាក់គុក ជាប់គុក​ទៀត​ទៅ​»​។ 
 
​នៅពេល​សួរ​ពី​ឆន្ទៈ​ក្នុង​ការធ្វើ​នយោបាយ លោក គឹម សុខ ឆ្លើយថា វា ជា​រឿង​បន្ទាប់​ទេ ហើយ​លោក ក៏​មិនទាន់​សម្រេចចិត្ត​ដែរ​។ យ៉ាងណា លោក បានស្នើ​ឲ្យប្រជាពលរដ្ឋ​គ្រប់​និន្នាការ ជម្រុះ​ចោល​នូវ​ការប្រកាន់​ក្រុម​នេះ ឬ​ក្រុម​នោះ​ ទើបសង្គមមានការរួបរួម។​
 
​ចប់​ពី​សួរ​រឿង​បន្ត​អត្ថាធិប្បាយ​​បញ្ហានយោបាយ​និង​សង្គម អ្នកកាសែត ក៏​ចង់ដឹង​ពី​ជីវិត​របស់​លោ គឹម សុខ នៅក្នុង​ពន្ធនាគារ​រយៈពេល​១៨​ខែ​វិញ​ម្តង​។ លោក គឹម សុខ មិន​រាយរាប់​វែងឆ្ងាយ​ឡើយ ដោយ​លោក និយាយ​យ៉ាងខ្លី​ថា ជីវិត​ក្នុង​ពន្ធនាគារ គឺ​លំបាក​ហួស​ពី​បរិយាយ​។ 
 
​លោក គឹម សុខ ប្រាប់​គេឯង​ថា សូម្បីតែ​សរសេរ អាន​សៀវភៅ ឬ​កាសែត ក៏​លោក មិនត្រូវ​បាន​គេ​អនុញ្ញាត​ដែរ ខណៈ​បទបញ្ជាផ្ទៃក្នុង​របស់​ព​ន្ធ​នាគារ​មិនបាន​ហាមឃាត់​។ លោក បន្ថែមថា រហូត​ទាល់តែ​លោក ជាប់ពន្ធនាគារ​ជិត​១៥​ខែ​ទៅហើយ ទើប​គេ ប​ន្ធូរ​ចំពោះ​លោក​បន្តិច ដោយ​បើក​សិទ្ធិ​ឲ្យ​អាន​កាសែត​។ លោក លាត​ត្រ​ដា​ង​ថា​៖«​គេ​មិន​ឲ្យ​ខ្ញុំ អាន មិន​ឲ្យ​ខ្ញុំ សរសេរ​អ្វី​ទាំងអស់​។ គេ​ធ្វើ​តែ​លើ​ខ្ញុំ តែ​អ្នកផ្សេងៗ អាន​បាន​»​។​
 
​ក្រោយ​ចេញពី​ពន្ធនាគារ លោក គឹម សុខ បាន​នឹកឃើញ​ស្តា​ម៉ា​ត​ស្តុំ​បូកគោ​មុនគេ ដែលជា​កន្លែង​ឃាតក បាញ់សម្លាប់​លោក​បណ្ឌិត កែម ឡី កាលពី​ជាង​ពីរ​ឆ្នាំមុន​។ លោក បាន​ទៅ​ទីនោះ ដើម្បី​អុច​ធូប​និង​គោរព​វិញ្ញាណក្ខន្ធ​លោក​បណ្ឌិត កែម ឡី ដែល​លោក លើកតម្កើង​ជា​អ្នកស្នេហាជាតិ​។ 
 
​បន្ទាប់មក លោក គឹម សុខ ក៏​ធ្វើដំណើរ​ទៅកាន់​វត្ត​​ចាស់ ដែល​ជាទី​តម្កល់សព​លោក​បណ្ឌិត កែម ឡី រយៈពេល​ក​ន្លែ​ខែ មុននឹង​បញ្ជូនទៅ​បញ្ចុះ​នៅ​ស្រុកកំណើត ក្នុង​ខេត្តតាកែវ​។ ដល់​វត្ត​ចាស់ លោក គឹម សុខ បាន​និមន្ត​ព្រះសង្ឃ ឲ្យ​ស្រោច​ទឹក ដើម្បី​លាងជម្រះ​អពមង្គល​ទាំង​អម្បាលម៉ាន ចេញពី​ជីវិត​របស់លោក​។
 
​ការទទួលបាន​សេរី​ភាពឡើងវិញ​នាពេលនេះ អាច​និយាយបានថា ភាព​ខ្មៅ​ងងឹត បាន​រសាត់​ផុតពី​ជីវិត​របស់លោក គឹម សុខ ហើយ​។ ប៉ុន្តែ លោក មិនទាន់​ស្រឡះ​ចិត្ត​ទាំងស្រុង​ឡើយ ដ្បិត​លោក នៅជាប់​បណ្តឹង​ផ្សេងទៀត​។ លោក បាន​រង​បណ្តឹង​ដល់​ទៅ​ពីរ​ឯណោះ ពី​សំណាក់​លោក គី តិច មេធាវី​តំណាង​ឲ្យ​សម្តេច ហ៊ុន សែន​។ 
 
​លោក គឹម សុខ រង​បណ្តឹង​ទីមួយ ដោយសារតែ​លោក ចោទ​សម្តេច ហ៊ុន សែន ថា​នៅ​ពីក្រោយ​ខ្នង​នៃ​អំពើ​ឃាតកម្ម​លើ​លោក​បណ្ឌិត កែម ឡី​។ បណ្តឹង​ទីមួយ ធ្វើ​ឲ្យ​លោក គឹម សុខ ត្រូវបាន​ជាប់​ព​ន្ធ​នាគារ​រយៈពេល​១៨​ខែ គឺ​ចាប់ពី​ថ្ងៃទី​១៧ ខែកុម្ភៈ ឆ្នាំ​២០១៧ ដល់​ថ្ងៃទី​១៧ សីហា ឆ្នាំ​២០១៨​។ ឥឡូវ បណ្តឹង​ទីមួយ ចប់សព្វគ្រប់​ហើយ បន្ទាប់ពី​លោក បាន​អនុវត្ត​ទោស​គ្រប់​តាម​កាលកំណត់​។ 
 
​ប៉ុន្តែ បណ្តឹង​ទី​ពីរ កំពុងស្ថិត​ក្នុង​ដៃ​ព្រះរាជអាជ្ញា​នៅឡើយ ដោយ​មិនទាន់​ជំនុំជម្រះ ឬ​សម្រេចសេចក្តី​នោះទេ​។ ដូច្នេះ តាម​នីតិវិធី ព្រះរាជអាជ្ញា អាច​កោះហៅ​លោក គឹម សុខ ទៅ​សួរ​បាន​គ្រប់ពេល​។ មូលហេតុ ដែល​ធ្វើ​ឲ្យ​លោក រង​បណ្តឹង​ទី​ពីរ​នេះ គឺ​ដោយសារតែ​លោក និយាយថា​ប្រព័ន្ធ​មួយ ដែល​ស្ថិតនៅក្រោម​ការគ្រប់គ្រង​របស់​រដ្ឋាភិបាល​បច្ចុប្បន្ន មានការ​សម្លាប់​មនុស្ស ហើយ​រក​ឃាតក​មិនឃើញ​។ 
 
​លោក គឹម សុខ បានប្រកាសប្រាប់មហាជនថា លោក នឹងរស់នៅក្នុងប្រទេសកម្ពុជា ដោយមិន​គេចខ្លួន​ទៅ​ក្រៅប្រទេស ព្រោះតែ​បារម្ភ​នឹង​បណ្តឹង​ចុងក្រោយ​នេះ​ទេ​៕ 

Tag:
 គឹម សុខ​
© រក្សាសិទ្ធិដោយ thmeythmey.com