ជាតិ
ងៀត​សាច់​ពស់ៈ ទិញ​ពស់​ស្រស់​ចូល​តម្លៃ ៤.០០០ រៀល ធ្វើ​ងៀត​ពស់​លក់​ចេញ​វិញ តម្លៃ ៥៥.០០០ ទៅ ១០០.០០០ រៀល ក្នុង​មួយ​គីឡូក្រាម​
18, Aug 2018 , 1:59 pm        
រូបភាព
​នេះ​ជា​ប្រភេទ​ពស់​គ្មាន​ពិស ដែល​គេ​និយម​យកទៅ​ធ្វើជា​ងៀត​សាច់​ពស់ ដួច​ជា​ពស់​ព្រលិត​ដែរ​។ រូបភាព​៖ ឈុត ឈា​ណា​
​នេះ​ជា​ប្រភេទ​ពស់​គ្មាន​ពិស ដែល​គេ​និយម​យកទៅ​ធ្វើជា​ងៀត​សាច់​ពស់ ដួច​ជា​ពស់​ព្រលិត​ដែរ​។ រូបភាព​៖ ឈុត ឈា​ណា​
ដោយ:
​ពោធិសាត់​៖ អ្នកស្រី ឌិន យឹម អាយុ ៤៨​ឆ្នាំ ជា​អាជីវករ​ធ្វើ​ងៀត​សាច់​ពស់ ដោយ​អ្នកស្រី​ទិញ​ពស់​ស្រស់​ពី​អ្នកនេសាទ​ផង ព្រមទាំង​បី្ត និង​កូនប្រុស​របស់​អ្នកស្រី ទៅ​នេសាទ​ដោយ​ខ្លួនឯង​ផង​។ ស្ថិតនៅក្នុង​បឹង​ទន្លេសាប ក្នុងភូមិ​កំពង់​ឡ ឃុំ​កំពង់​ពោធិ ស្រុក​ក្រគរ ខេត្តពោធិសាត់ អ្នកស្រី​ទិញ​ពស់​ស្រស់​ចម្រុះ​ពី​អ្នកនេសាទ មានដូចជា ពស់​ព្រលិត​ដូង ពស់​ព្រលិត​ខ្មៅ ពស់​ចាន់​ល្មម ពស់សម្លាប់កង្កែប ពស់​ឈើ ពស់​ដែក​ទឹក​ជាដើម​។​ល​។ ពស់​ងាប់ អ្នកស្រី​ទិញ​ក្នុងតម្លៃ​មួយ​គីឡូ ៣០០០ (​បី​ពាន់​) រៀល ឯព​ស់រស់​ពី ៣.៥០០ ទៅ ៤.០០០ (​បី​ពាន់​ប្រាំ​រយ ទៅ​បួន​ពាន់​) រៀល​។ បន្ទាប់មក អ្នកស្រី​យក​វា​ទៅ​ព្រ​លាត់​ស្បែក រូ​ច​លាងជម្រះ​ឈាម បន្ទាប់មក លើ​យ​ព្រលះ​សាច់ យកទៅ​ប្រឡាក់​គ្រឿង​ទុក​មួយ​យប់ ព្រឹក​ឡើង​ចាប់​ជា​រាង​ដូច​ចង្វាយ​នំ​បញ្ចុក ដូច​មាន​បង្ហាញ​ក្នុង​រូបភាព​ខាងក្រោម រួច​ដាក់​ហាលថ្ងៃ​ជាការ​ស្រេច​។ ចំពោះ​ស្បែ​កពស់ អ្នកស្រី​យក​វា​ទៅ​ស្ងោរ​ឲ្យ​ឆ្អិន សម្រាប់​ធ្វើជា​ចំណី​ត្រី​។




 
​អ្នកស្រី ឌិន យឹម លើក​បង្ហាញ​ងៀត​សាច់​ពស់​ដែល​ហាល​ស្ងួត​។ រូបភាព​៖ បណ្ឌិត ហ្សេ​ប ហូ​ហ្គេ​ន​
 
​អ្នកស្រី ឌិន យឹម មានប្រសាសន៍ថា​៖ «​ខ្ញុំ​ប្រមូល​ទិញ​ពស់​ស្រស់​ពី​អ្នកនេសាទ ដោយ​ដាក់មង​។  ចំពោះ​ពស់​ងាប់ ខ្ញុំ​ទិញ​ក្នុងតម្លៃ ៣.០០០ (​បី​ពាន់​) រៀល ឯព​ស់រស់ តម្លៃ​ពី ៣.៥០០ ទៅ ៤.០០០ (​បី​ពាន់​ប្រាំ​រយ ទៅ​បួន​ពាន់​) រៀល ក្នុង​មួយ​គីឡូក្រាម​។ ក្នុងនោះ ប្តី​ព្រមទាំង​កូនប្រុស​របស់ខ្ញុំ​ពីរ​នាក់ ក៏​ចេញទៅ​នេសាទ​ដោយ​ខ្លួនឯង​ផងដែរ ពីរ​បី​ថ្ងៃ ទើប​ត្រឡប់មកផ្ទះ​ម្តង​។

ពេលធ្វើ​វា​ឲ្យ​ក្លាយជា​សាច់​ពស់​ងៀត​ហើយ ខ្ញុំ​យកទៅ​បោះ​ដុំ​ឲ្យ​ម៉ូយ​លក់​បន្ត​នៅ​ផ្សារ​ក្រគរ ខេត្តពោធិសាត់ បាន​តម្លៃ ៥៥.០០០ (​ប្រាំ​ម៉ឺន​ប្រាំ​ពាន់​) រៀល​ក្នុង​មួយ​គីឡូក្រាម​។ តែបើ​ខ្ញុំ​ដាក់​ទៅ​លក់​ឲ្យ​អ្នកដំណើរ​នៅលើ​ផ្លូវជាតិ​លេខ​៥ គឺ​បាន​តម្លៃ​រហូតដល់ ១០០.០០០ (​ដប់​ម៉ឺន​រៀល​) ក្នុង​មួយ​គីឡូក្រាម »​។ 
 
​អ្នកស្រី​មានប្រសាសន៍​បន្តទៀតថា​៖ «​ក្នុង​ពស់​ស្រស់​ជាង ១០០​ក្បាល ដាក់​ថ្លឹង បាន​តែមួយ​គីឡូក្រាម​ប៉ុណ្ណោះ​។ បើ​ពស់​ធំៗ ជាពិសេស​ក្នុង​ខែវស្សា​សម្បូរ​ចំណី អាច​បាន​មួយ​គីឡូក្រាម កន្លះ (១.៥០)​។ ក្នុង​មួយថ្ងៃ អ្នកនេសាទ​អាច​ចាប់​ពស់​បាន​ពី ១០០ ទៅ ២០០​ក្បាល​។ នៅក្នុង​ខែ​សម្បូរ​ពស់ ពួកគាត់​អាច​ចាប់បាន ២០០ ទៅ ៥០០​ក្បាល​។ ក្នុង​ពស់​ស្រស់​ចំនួន ១០ ទៅ ១២ គីឡូក្រាម ក្រោយ​ធ្វើជា​ងៀត​សាច់​ពស់​សម្រេច បាន​តែមួយ​គីឡូក្រាម​ប៉ុណ្ណោះ​»​។​
 
​ក្នុងឆ្នាំនេះ ដោយសារ​មាន​ភ្លើង​ឆេះ​ព្រៃ​លិច​ទឹក បណ្តាល​ឲ្យ​ជីវចម្រុះ​ជាច្រើន​ប្រភេទ ត្រូវបាន​បាត់បង់​។ ក្នុងនោះ ពស់​គ្រប់​ប្រភេទ ក៏មាន​ចំនួន​ធ្លាក់ចុះ​គួរ​ឲ្យ​កត់សម្គាល់​ផងដែរ​។ អ្នកស្រី ឌិន យឹម បាន​ឲ្យ​ដឹង​ទៀតថា​៖ «​បើ​ប្រៀបធៀប​កាលពី​ម្ភៃ​ឆ្នាំមុន ពស់​គ្រប់​ប្រភេទ​មាន​និន្នាការ​ធ្លាក់ចុះ​ជា​លំដាប់​។ ក្នុងឆ្នាំនេះ ពស់​គ្រប់​ប្រភេទ​បាន​ធ្លាក់ចុះ​យ៉ាងគំហុក​ជាង​ឆ្នាំមុនៗ ដោយសារ​ភ្លើង​ឆេះ​ព្រៃ​លិច​ទឹក​កាលពី​រដូវប្រាំង​កន្លង​ទៅនេះ​»​។​
 
​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ ការប្រែប្រួល​អាកាសធាតុ ការទន្ទ្រាន​កាប់ឆ្ការ ដុតបំផ្លាញ​ព្រៃ​លិច​ទឹក ដើម្បី​យក​ធ្វើជា​ដី​កសិកម្ម ការនេសាទ​ហួស​កម្រិត ការប្រើប្រាស់​ឧបករណ៍​ខុសច្បាប់​គ្រប់​ប្រភេទ​នៅក្នុង​បឹង​ទន្លេសាប ពិសេស​ក្នុង​រដូវ​ត្រី​ពង​-​កូន និង​ធំធាត់ បានធ្វើ​ឲ្យ​មច្ឆជាតិ​គ្រប់​ប្រភេទ មាន​និន្នាការ​ធ្លាក់​យ៉ាងខ្លាំង និង​មាន​ប្រភេទ​ខ្លះ ឈានទៅ​ផុត​ពូជ​តែម្តង​។​

© រក្សាសិទ្ធិដោយ thmeythmey.com