កីឡាជាតិ
ជាតិ
​បឹងកេត និង​ណាហ្គា ប្រជែង​កំពូល​តារាង មុន​ជំនួប​វិសាខា​-​សូល​ទី​ឡូ និង​ភ្នំពេញ​ក្រោ​ន​-​អង្គ​រថា​យ​ហ្គឺ​រ​
18, Aug 2018 , 11:36 am        
រូបភាព
ដោយ: ថ្មីៗ
​ការប្រកួត​បាល់ទាត់​ដណ្តើមពាន​រង្វាន់​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​គ​ឈានដល់​សប្តាហ៍​ទី​១៨ ដោយនៅ​ថ្ងៃ​សៅរ៍ ទី​១៨ ខែសីហា​នេះ មានការ​ប្រកួត​ចំនួន​៣​គូ​។ ក្នុងនោះ​ណាហ្គា​វើ​ល​ប៉ះ​បឹងកេត​នៅ​ម៉ោង​៣​រសៀល​នា​កីឡដ្ឋាន​ស្តា​ត​ចាស់ មុន​វិសាខា​ជួប​សូល​ទី​ឡូ​អង្គរ​នៅ​ម៉ោង​៦​ល្ងាច និង​ភ្នំពេញ​ក្រោ​ន​ស្វាគមន៍​អង្គ​រថា​យ​ហ្គឺ​រ នៅ​ម៉ោង​៦​ល្ងាច​នៅ​កីឡដ្ឋាន RSN​។

 
​ខ្សែប្រយុទ្ធ​ឆ្នើម ចាន់ វឌ្ឍនាកា និង Samuel Gbenga Ajayi ដែល​កំពុង​ញាំញី​ដោយ​របួស នឹង​គ្មាន​វត្តមាន​ក្នុងជំនួប​រវាង​បឹងកេត​ជាមួយ​ណាហ្គា​វើ​ល​ឡើយ​។ វឌ្ឍនាកា បាន​រងរបួស​ក្បាលជង្គង់​ពេល​ប្រកួត​មិត្តភាព​អន្តរជាតិ​ជាមួយ​ក្រុម​ជម្រើស​លី​គ​ទី​៤​ជប៉ុន ដែល​ក្រុម​ទាំងពីរ​បានបញ្ចប់​ក្នុង​លទ្ធផល​ស្មើ ២-២​។ ចំណែក Gbenga រងរបួស​ក្បាលជង្គង់​ក្នុងជំនួប​ជាមួយ​វិសាខា​។ 
 
​ការ​អវត្តមាន​របស់​ខ្សែប្រយុទ្ធ​ទាំងពីរ បាន​បង្កើតជា​ក្តីកង្វល់​ចំពោះ​លោក ហៅ សុជាតិ គ្រូបង្វឹក​បឹងកេត ដែល​ត្រូវ​តទល់​ជាមួយ​ជើង​ខ្លាំង​ណាហ្គា​វើ​ល​។ កង្វល់ ដោយសារ​ការ​អវត្តមាន​របស់​ពួកគេ នឹងធ្វើ​ឲ្យ​គុណភាព​តំបន់​ប្រយុទ្ធ​បឹងកេត​មានការ​ធ្លាក់ចុះ​។ តែ​យ៉ាងណា​គ្រូបង្វឹក​រូបនេះ​អះអាងថា លោក​មាន​កីឡាករ​គ្រប់គ្រាន់​ក្នុងការ​ជំនួស​ទីតាំង​របស់​កីឡាករ​ទាំងពីរ​នេះ​។ 
 
​ទោះបី​អះអាង​ពី​ការ​រៀបចំខ្លួន​បានល្អ​ក៏ដោយ តែ​លោក ហៅ សុជាតិ យល់ថា ការ​ប៉ះ​ណាហ្គា​វើ​ល​ក្នុង​ជើង​ទី​២ អាច​នឹងមាន​ការលំបាក​ជាង​ជើង​ទី​១​។ គ្រូបង្វឹក​រូបនេះ​បានបង្ហាញ​ក្តីកង្វល់​យ៉ាង​ដូច្នេះ​ថា​៖«​វា​ជាការ​ពិបាក​សម្រាប់​យើង​ក្នុងការ​យកឈ្នះ ព្រោះ​ណាហ្គា​វើ​ល​ជា​ក្រុម​ល្អ​នៅ​ឆ្នាំនេះ ហើយ​កីឡា​ករទាំង​ខ្មែរ​និង​បរទេស​មាន​បទពិសោធ​ច្រើន​ក្នុង​ការលេង ពិសេស​កីឡាករ​កម្ពុជា​តែម្តង​។ តែ​អ្វីៗ​យើង​នឹង​រៀបចំ​ឲ្យ​បានល្អ​ដូច​ជើង​ទី​១»​។​
 
​ការប្រកួត​ដែល​រៀបចំ​នៅ​កីឡដ្ឋាន​ស្តា​ត​ចាស់ នា​ម៉ោង​៣​រសៀល​នេះ នឹង​ក្លាយជា​ជំនួប​ដ៏​តានតឹង​និង​ស្វិតស្វាញ​បំផុត ព្រោះ​ទាំង​បឹងកេត​និង​ណាហ្គា​វើ​ល​សុទ្ធតែ​ទាមទារ​ឈ្នះ​ដូចគ្នា ដើម្បី​គ្រង​កំពូល​តារាង​។ បច្ចុប្បន្ន​បឹងកេត​ស្ថិតនៅ​កំពូល​តារាង​មាន​៤២​ពិន្ទុ រីឯ​ណាហ្គា​វើ​ល​ស្ថិតនៅ​លេខ​២​ក្នុង​តារាង​មាន​៤១​ពិន្ទុ​។ សម្រាប់​ការប្រកួត​ជើង​ទី​១​បឹងកេត​យកឈ្នះ​ណាហ្គា​វើ​ល ៣-២ ក្រោយ​អាជ្ញាកណ្តាល​សម្រេច​ឲ្យ​បាល់​ពិន័យ​១១​ម៉ែត្រ​ដល់​បឹងកេត​នៅ​ចុង​តង់​ទី​២ ដ៏​ចម្រូងចម្រាស​។​
 
​នៅ​ថ្ងៃ​សៅរ៍​នេះដែរ ក្រុម​វិសាខា​ស្ថិតនៅ​លេខ​៣​ក្នុង​តារាង​មាន​៣៨​ពិន្ទុ ត្រូវ​បើកទ្វារ​កីឡដ្ឋាន​ស្តា​ត​ចាស់ ស្វាគមន៍​ក្រុម​ឈរ​លេខ​១០​ជាមួយ​១៦​ពិន្ទុ​សូល​ទី​ឡូ​អង្គរ​។ វិសាខា​ត្រូវការ​ឈ្នះ​ក្នុងជំនួប​នៅ​ម៉ោង​៦​ល្ងាច​នេះ ដើម្បី​បង្កើន​ឱកាស​ក្នុងការ​ប្រជែង​ដណ្តើម​កំ​ពូ​ង​តារាង​។ ខណៈ​សូល​ទី​ឡូ​អង្គរ ក៏ត្រូវ​ការ​ឈ្នះ​ដើម្បី​រក្សា​គម្លាត​ពី​តំបន់​កាត់ចោល​ផងដែរ​។ កាលពី​ជើង​ទី​១​វិសាខា​យកឈ្នះ​សូល​ទី​ឡូ​អង្គរ​ក្នុង​លទ្ធផល ២-០​។ 
 
​នៅ​ម៉ោង​៦​ល្ងាច​នេះ​ផងដែរ ភ្នំពេញ​ក្រោ​ន ត្រូវ​បើកទ្វារ​កីឡដ្ឋាន RSN ស្វាគមន៍​ក្រុម​ភ្ញៀវ ដែល​ទើប​ទម្លាក់ខ្លួន​ចេញពី​ពានរង្វាន់​សម្តេច ហ៊ុន សែន អង្គ​រថា​យ​ហ្គឺ​រ​។ កាលពី​ជើង​ទី​១​ភ្នំពេញ​ក្រោ​ន​យកឈ្នះ​អង្គ​រថា​យ​ហ្គឺ​រ​ក្នុង​លទ្ធផល ៥-២​។ បច្ចុប្បន្ន​ភ្នំពេញ​ក្រោ​ន​ស្ថិតនៅ​លេខ​៥​ក្នុង​តារាង​មាន​២៧​ពិន្ទុ ខណៈ​អង្គ​រថា​យ​ហ្គឺ​រ​ស្ថិតនៅ​លេខ​៩​មាន​១៩​ពិន្ទុ​។ សម្រាប់​៤​ប្រកួត​ចុងក្រោយ អង្គ​រថា​យ​ហ្គឺ​រ​មានកំណត់​ត្រា​ល្អ​ជាង​ភ្នំពេញ​ក្រោ​ន ដោយ​អង្គ​រថា​យ​ហ្គឺ​រ​ឈ្នះ​២​ស្មើ​២ ខណៈ​ភ្នំពេញ​ក្រោ​ន​ឈ្នះ​២​ចាញ់​២៕   
 

Tag:
 Cambodian League 2018
© រក្សាសិទ្ធិដោយ thmeythmey.com