ជាតិ
បទយកការណ៍ / បទសម្ភាសន៍
អ្នកភូមិ​ក្បែរ​គល់ស្ពាន​អ្នក​លឿង សុខចិត្ត​ប្រក​បរបរ​ត្បាញ​បបុស ដែលមាន​តម្លៃថោក តែ​មិន​ចាកចោល​គ្រួសារ​
18, Aug 2018 , 12:11 pm        
រូបភាព
​កណ្ដាល​៖ ពី​ដើមឡើយ​ដើម​បបុស​ដែល​គេ​ត្បាញ​ធ្វើជា​កន្ទេល ដើម្បី​បាន​យកទៅ​ប្រើប្រាស់​ជា​ជញ្ជាំង​ផ្ទះ​សម្រាប់​ប្រជាជន​នៅតាម​ទីជនបទ​។ ប៉ុន្តែ​បច្ចុប្បន្ននេះ បបុស​ត្បាញ ឬ​ហៅ​ម្យ៉ាង​ទៀតថា​ជា​ស្លឹក​លាប​នោះ ពេញនិយម​សម្រាប់​យកទៅ​ធ្វើជា​រោង​សម្រាកលំហែ នៅតាម​តំបន់​រមណីយដ្ឋាន​។ មាន​ទីផ្សារ​សម្រាប់​លក់ តែ​អ្នក​ប្រកប​របរ​នេះ ថា​តម្លៃ​នៅ​ថោក ហើយ​ដើម​បបុស​កាន់តែ​ខ្សត់​។ ទោះយ៉ាងណា អ្នកភូមិ​៣​នៃ​ស្រុក​លើកដែក ក្បែរ​គល់ស្ពាន​អ្នក​លឿង​ត្រើយ​ខាងលិច បាន​សុខចិត្ត​នៅ​ប្រកបរ​បរកាប់ និង​ត្បាញ​ដើម​បបុស​នេះ ដោយ​មិន​ព្រម​ចាក​ចេញពី​ភូមិ​ទៅធ្វើ​ការ​ក្នុង​រាជធានី ឬ​ទីកន្លែង​ផ្សេង​ឡើយ​។ អ្នកភូមិ​នេះ ចង់​នៅ​ថែរក្សា​គ្រួសារ​ជាង​។​


 
​ដើម្បី​បាន​ជ្រាប​ច្បាស់​ពី​ការប្រកបមុខរបរ​ត្បាញ​បបុស​នេះ សូម​នាង​កញ្ញា លោក លោកស្រី អញ្ជើញ​ស្ដាប់​បទ​យកការណ៍​ដែល​រៀបរៀង​ដោយ​កញ្ញា ប៉ូ សា​គុន ដូចតទៅ​៖
 

 

 
​បើ​គេ​ធ្វើដំណើរ​ពី​រាជធានី​ភ្នំពេញ​តាមផ្លូវ​ជាតិ​លេខ​១ ប្រមាណ​ជាង​៦០​គីឡូម៉ែត្រ ដោយ​ឆ្លងកាត់​គល់ស្ពាន​អ្នក​លឿង​ត្រើយ​ខាងលិច​ប្រហែល​តែ​១០០​ម៉ែត្រ​តែប៉ុណ្ណោះ គេ​នឹង​ឃើញ​មាន​ដើម​បបុស ដែល​អ្នកភូមិ​ហាល​នៅ​កណ្ដាល​ថ្នល់​ដើម្បីឱ្យ​ឡាន និង​ម៉ូតូ​កិនបំបែក​។ ដើម​បបុស​ខ្លះ ត្រូវបាន​ដាក់​ហាល​នៅក្បែរ​ចិញ្ចើមផ្លូវ ខ្លះទៀត​ត្រូវ​ចង​បញ្ឈរ​ផ្អោប​ជាប់​និង​ដើមឈើ​ធំ​ល្មម​។ នៅទីនេះ​គឺ​ភូមិ​៣ ឃុំ​អំបិល​ទឹក ស្រុក​លើកដែក​ខេត្តកណ្ដាល ដែលមាន​អ្នក​ប្រកបរ​បរកាប់​និង​ត្បាញ​បបុស​នេះ​ប្រមាណ​ជា​៤​គ្រួសារ​ដែល​សុទ្ធតែ​ជាប់​ខ្សែស្រឡាយ​នឹង​គ្នា​។​
 
​ជា​អ្នក​កាប់​បបុស​មួយរូប គឺ​លោក ហ៊ុ​ង ខ្មៅ បាន​ប្រក​បរបរ​នេះ​រយៈពេល​៥​ឆ្នាំ​មកហើយ​។ ត្រូវ​ក្រោក​ពី​ម៉ោង​៣​ទៀបភ្លឺ ដើម្បី​ដើរទៅ​កាប់​បបុស​ជាមួយ​ប្រពន្ធ ក្នុងព្រៃ​មួយ​ដែល​ស្ថិតនៅ​ចំងាយ​២​គីឡូម៉ែត្រ​ពី​ភូមិ លោក ខ្មៅ ត្រូវ​នៅក្នុង​ព្រៃ​នោះ​ពី​ម៉ោង​៥​ព្រឹក​រហូតដល់​ម៉ោង​២​រសៀល ដើម្បី​លោក​អាច​កាប់​ដើម​បបុស​បាន​ប្រមាណ​៥​បាច់ ដែល​មួយ​បាច់​អាច​ត្បាញ​បាន​២​សន្លឹក​។ 
​ក្នុង​មួយថ្ងៃ លោក ហុង ខ្មៅ និង​ភរិយា ត្រូវ​ចំណាយពេល​៤​ម៉ោង ដើម្បី​ដើរ​ពី​ផ្ទះ​ទៅ​ព្រៃ និង​ត្រឡប់មក វិញ នៅលើ​ផ្លូវ​ដ៏​ពិបាក​ដោយ​អន្លើ​។ ធ្វើដំណើរ​ឆ្ងាយ​ជា​រឿង​មួយ ប៉ុន្ដែ​អ្វី​ដែលជា​បញ្ហា​នោះ គឺ​ការ​ដើររក​ដើម​បបុស​តែម្ដង ព្រោះ​វា​កាន់តែ​ខ្យ​ត់​។ ទោះយ៉ាងណា​ក៏ដោយ ដោយសារតែ​គ្មាន​មធ្យោបាយ​ដឹកជញ្ជូន​ផ្ទាល់ខ្លួន លោក ខ្មៅ ត្រូវ​ទុក​ដើម​បបុស​គរ​គ្នា​នៅក្នុង​ព្រៃ​រហូតដល់​ដល់​បាន​ច្រើន ទើប​លោក​ជួល​គោយន្ត​អ្នកជិតខាង​ទៅ​ដឹកជញ្ជូន​មក​ផ្ទះ​ម្តង​។​
 
​ធ្លាប់​ទៅធ្វើ​សំណង់​ច្រើនលើក តែ​ជួបតែ​មេការ​មិន​បើក​ប្រាក់ខែ​ឱ្យ លោក ខ្មៅ ស៊ូ​នៅរ​ករ​បរកាប់​ដើម​បបុស​នេះ បើ​ទោះ​តែ​វា​មិនបាន​ប្រាក់​ច្រើន​ក៏ដោយចុះ ក៏​លោក​អាច​នៅ​មើលថែ​គ្រួ​សារបាន​។ លោក ហ៊ុ​ង ខ្មៅ បញ្ជាក់​៖«​ពិបាក​ផ្លូវ​ដើរ ហើយ​វា​ឆ្ងាយ​។ ពិបាក​ដើររក​កាប់​ណាស់​ទម្រាំ​រកបាន ពីមុន​នៅតែ​ក្រោយ​ផ្ទះ​ក៏​រក​បានដែរ ដល់​ឥឡូវ​គេ​កាប់​ព្រៃ​អស់វា​ស្បើយ​»​។


 
​អង្គុយ​លើ​គ្រែ​ដែលមាន​ដាក់​ចានឆ្នាំង​ផង​នោះ អ្នកស្រី យឹ​ន ធីតា អាយុ​២៩​ឆ្នាំ ជា​អ្នក​ប្រកបរ​បរកាប់​បបុស​ត្បាញ​ធ្វើ​កន្ទេល ឬ​ហៅ​ម្យ៉ាង​ទៀតថា ត្បាញ​ស្លឹក​លាប ត​ពី​ឪពុកម្ដាយ​តាំងពីក្មេង​មក​។ ពាក់អាវ​ដៃខ្លី ដៃស្ដាំ​ចេះតែ​អេះ​ដៃ​ឆ្វេង​ត្រង់​សាច់​ដំ​ដៃ​មិន​ឈប់ ក្នុងពេល​កំពុង​ឆ្លើយឆ្លង​ជាមួយ​ខ្ញុំ អ្នកស្រី ធីតា ពោលថា ក្នុង​មួយថ្ងៃ អ្នកស្រី​អាច​ត្បាញ​បបុស​បាន​១០​សន្លឹក ដែល​ក្នុង​មួយ​សន្លឹក​ទំហំ​១​ម៉ែត្រ​៦​តឹក​។ បបុស​មួយ​សន្លឹក​មានតម្លៃ​២៥០០​រៀល​។ ម្រាម​ដៃខ្លីៗ​ដែលមាន​សភាព​ក្រិន​គ្រប់​ម្រាម​និង​ពេញ​ផ្ទៃ​ប្រអប់ដៃ អ្នកស្រី ធីតា និយាយថា ទម្រាំ​ត្បាញ​បាន​មួយ​សន្លឹកៗ អ្នកស្រី​ត្រូវ​មុត​ដៃ ពេលខ្លះ រសក បបុស​ចាក់​ចូលក្នុង​ក្រចកដៃ​ក៏មានដែរ ទោះបី​តែ​គាត់​ពាក់​ស្រោមដៃ​ហើយក៏​ដោយ​។ «​ជួយ​កាល​រយះ​ដៃ ថ្ងៃមុន​រសក​បបុស​ចូល​ក្រចកដៃ​មិនទាន់​យកចេញ​បាន​ផង​។ ពិបាក​ណាស់ មានតែ​មុខរបរ​ហ្នឹង បើ​យើង​មិន​រកបាន​អី​ឱ្យ​កូន​ហូប​»​។ នេះ​ជាការ​បញ្ជាក់​របស់ អ្នកស្រី ធីតា​។


 
​គេ​ត្រូវ​ចំណាយពេល​ហាលថ្ងៃ​ប្រមាណ​ជាង​១​សប្ដាហ៍ បន្ទាប់មក​ត្រូវយក​ឱ្យ​ឡាន ឬ​ម៉ូតូ​ដែល​បើក​តាមផ្លូវ​ជាតិ​លេខ​១ កិន​ឱ្យ​បែក​សិន និង​យកទៅ​ឆូត​ឱ្យ​ក្លាយជា​បន្ទះ​ដើម្បី​ងាយស្រួល​ត្បាញ ទើប​យកមក​ត្បាញ​បាន​។ និយាយ​បណ្តើរ ងាក​ទៅ​មើល​ទីតាំង​ទុក​បបុស​ដែល​នៅ​ឆ្ងាយ​ពី​ខ្លួន​បណ្ដើរ អ្នកស្រី ធីតា គេ​ត្រូវ​ហាល​បបុស​ឱ្យ​ស្ងួត ពោលគឺ​ត្រូវតែ​ឱ្យ​ប្រាកដថា វា​បាន​ដូរ​ពី​ពណ៌​ខៀវ​ទៅ​ពណ៌​ស បើ​ពុំ​នោះទេ ឈ្មួញ​នឹងមិន​ទិញ​ស្លឹក​លាប​នេះឡើយ​។ រស់នៅ​ខាងក្រោម​ផ្ទះ​របស់​ម្ដាយបង្កើត​ខ្លួន ដែលមាន​សភាព​ចាស់​ជិត​ទ្រុឌទ្រោម​ទៅហើយនោះ គ្រួសារ​របស់​អ្នកស្រី ធីតា មានតែ​ក្ដារ​កង់​ផ្លា​កេ​ពណ៌​ខ្មៅ​មួយ​បន្ទះ គ្មាន​ជញ្ជាំង​បិទបាំង ដែល​ក្រាល​លើដី​ដើម្បី​អាស្រ័យ​សម្រាប់​សមាជិក​ប្រាំ​នាក់​។ មុខរ​បរតពី​ឪពុកម្ដាយ​មួយ​នេះ មិនអាច​ធ្វើឱ្យ​គ្រួសារ​របស់​អ្នកស្រី ធីតា មាន​ជីវភាព​ធូរធារ​ឡើយ​។ អ្នកស្រី​ថា វា​គ្រាន់តែ​ជួយ​ដោះ​ទាល់​បាន​មួយគ្រាៗ​តែប៉ុណ្ណោះ ព្រោះ​តម្លៃ​នៅ​ថោក ហើយ​ទម្រាំ​ត្បាញ​បាន​មួយ​សន្លឹក​ត្រូវ​ចំណាយពេល​យូរ​និង​កម្លាំង​ច្រើន​។ អ្នកស្រី ធីតា បន្ថែម​៖«​ពេល​ខ្លះទៅ​ខ្ចី​អ្នកទិញ​ស្លឹក​លាប​៥​ពាន់​មក​ទិញ​អង្ករ​ឱ្យ​កូន​ចាយ​សិន អត់​ហ៊ាន​ខ្ចី​គេ​ច្រើន​ទេ​។ ពេលខ្លះ​គេ​អត់លុយ​ដែរ ដល់ពេល​គេ​យក​ស្លឹក​លាប​ទៅ​លក់ បាន​គេ​បានឱ្យ​ដែរ​។ តម្លៃ​នៅ​ថោក តែ​មិនដឹង​ទៅរក​អី​។ បើ​លក់​ឱ្យ​អ្នកដំណើរ​បាន​មួយ​សន្លឹក​៤​ពាន់​ដែរ​»​។


 
​កំពុង​អង្គុយ​ឆូត​ដើម​បបុស ក្រោយពី​យក​ឱ្យ​ឡាន​ឬ​ម៉ូតូ​កិនបំបែក​ហើយ​នោះ អ្នកស្រី ឃឹម សាន វ័យ​៦៧​ឆ្នាំ រាង​ស្គម ថ្ពាល់ផត ត្រូវជា​ម្ដាយ​របស់ អ្នកស្រី ធីតា បាន​ប្រក​បរបរ​ត្បាញ​ដើម​បបុស​នេះ​អស់​រយៈពេល​ប្រមាណ​២០​ឆ្នាំ​មកហើយ​។ ដោយសារតែ​កម្លាំង​ធ្លាក់ចុះ សព្វថ្ងៃនេះ អ្នកស្រី សាន បានត្រឹមតែ​អង្គុយ​ឆូត​ដើម​បបុស​តែប៉ុណ្ណោះ ដោយ​ក្នុង​មួយថ្ងៃ​អាច​អ្នកស្រី​ឆូត​បាន​២​បាច់​។​
 
​មុន​បាន​បបុស​ឆូត គេ​ត្រូវយក​វា​ទៅឱ្យ​ឡាន​ដែល​បើក​លើ​ថ្នល់ កិន​ឱ្យ​បែក​សិន ការណ៍​នេះ​បានធ្វើឱ្យ​អ្នកដំណើរ​មួយចំនួន​មិន​ពេញចិត្ត​។ មិន​ពេញចិត្ត​ក៏​ព្រោះតែ​ពួកគេ​ទាំងនោះ ភ័យខ្លាច​មាន​គ្រោះថ្នាក់​ដោយ​ប្រការ​ណាមួយ ដែល​កើត​ពី​ដើម​បបុស​នេះ​។ មិន​ត្រឹមតែ​អ្នកដំណើរ​ឡើយ សូម្បី​អាជ្ញាធរ​នៅក្នុង​មូលដ្ឋាន​នោះ ក៏បាន​ហាមឃាត់ ដោយ​ធ្លាប់​ប្រមូល​បបុស​ដែល​អ្នកភូមិ​ហាល​កណ្ដាល​ផ្លូវជាតិ​លេខ​១​នេះ យកទៅ​ដុតចោល​ដែរ​។ ប៉ុន្ដែ​មកដល់​ពេល​បច្ចុប្បន្ននេះ ដោយ​ឃើញ​ការ​អង្គុយ​ដំ​ត្រូវ​ចំណាយពេល​យូរ និង​ហត់​ផង អាជ្ញាធរ​ក្នុង​តំបន់​នេះ បានអនុញ្ញាត​ឱ្យ​ក្រុម​អ្នក​ប្រក​បរបរ​ត្បាញ​បបុស​នេះ​ហាល​ឡើងវិញ ដោយ​គ្រាន់តែ​ឱ្យ​បោស​សំរាម​ឱ្យ​ស្អាត​តែប៉ុណ្ណោះ​។ នេះ​បើតាម​ការបញ្ជាក់​របស់​អ្នកស្រី ឃឹម សាន​។ «​ដោយសារ​កូន​ទេ ជួយ​ឆូត​កូន​ទៅហើយ​គេ​ឱ្យប្រាក់​ខ្លះទៅ​។ ពី​មុនគេ​មិនឱ្យ​ហាល​លើ​ថ្នល់​ទេ គេ​ថា​ខ្លាច​ប៉ះពាល់​ដល់​អ្នកដំណើរ តែ​ឥឡូវ​គេ​ឱ្យ​ហាល​កិន​វិញ​ហើយ ព្រោះ​គេ​ឃើញ​យើង​ដំ​ពិបាក​ពេក​ទម្រាំ​បាន​១​ៗ ហើយ​បាន​គេ​ធ្វើ​ស្ពាន​នៅ​ទីនោះ​ផង​លែង​អី​ហើយ​»​។ នេះ​ជាការ​បញ្ជាក់បន្ថែម​រប​ស់​អ្នកស្រី ឃឹម សាន​។


 
​ងាក​មក​អ្នក​ត្បាញ​បបុស​មួយរូប​ទៀត គឺ​អ្នកស្រី ភឹម សារ៉ន​។ អ្នកស្រី​ក៏ត្រូវ​ទៅ​កាប់​ផង​និង​ត្បាញ​ផងដែរ​។ ដៃ​លើកដាក់​ដើម​បបុស​ត្បាញ​នៅជាប់​នឹង​ច​ញ្ចើ​ម​ផ្លូវជាតិ​លេខ​១ ក្រោម​រោង​ដែល​គេ​ធ្វើ​សម្រាប់​ដាក់​ដើម​បបុស អ្នកស្រី សារ៉ន អាច​ត្បាញ​មួយ​ល្ងាច​បានតែ​៣​បន្ទះ​តែប៉ុណ្ណោះ​។ ក្រោយពី​រៀន​ជិះ​ម៉ូតូ​មិនបាន​ជោគជ័យ ស្ត្រី​វ័យ​៣៦​ឆ្នាំ​រូបនេះ ត្រូវ​ដើរទៅ​កាប់​ដើម​បបុស​នៅ​ព្រៃ​ឆ្ងាយ ដែល​ត្រូវ​ធ្វើដំណើរ​ពី​ម៉ោង​៥​ព្រឹក​ជាមួយ​អ្នកភូមិ​ឯទៀត ដោយ​ក្នុង​មួយថ្ងៃ​បានតែ​២​បាច់​តែប៉ុណ្ណោះ​។ ទោះបីជា​មុខរបរ​ត្បាញ​បបុស មិនសូវ​រកចំណូលបាន​ច្រើន ហើយ​ត្រូវ​ចំណាយ​កម្លាំង​ច្រើនក្ដី តែ​អ្នកស្រី សារ៉ន មិនអាច​ប្ដូរ​របរ​នេះ ទៅ​ធ្វើការ​រោងចក្រ​ឡើយ ព្រោះ​អ្នកស្រី​យល់ថា​ខ្លួន​មិនអាច​ធ្វើការ​នៅ​ទីនោះ​បាន​។ អ្នកស្រី សារ៉ន បញ្ជាក់​៖ «​ពិបាក​យើង​ទៅ​កាប់​ផង​មកវិញ​ក្រង​ទៀត ឱ្យ​ម៉ែ​ឆូត​ឱ្យទៅ​។ ទម្រាំ​ដល់​ល្ងាច​បាន​៣​ទៅ​៤​អីចឹង​ទៅ​៕
 

  








Tag:
 សេដ្ឋកិច្ច​
 ​ដើម​បបុស​
 ​ស្លឹក​លាប​
© រក្សាសិទ្ធិដោយ thmeythmey.com