ភ្នំពេញ៖ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA) មន្ទីរពេទ្យកាល់ម៉ែត និងក្រុមហ៊ុនអាកាសចរណ៍ថៃ អ៊ែរ អេស៊ា បានរៀបចំសន្និសីទសារព័ត៌មាន ស្តីពីគម្រោងសប្បុរសធម៌ ព្យាបាលជំងឺបេះដូងនៅកម្ពុជា។ គម្រោងសប្បុរសធម៌ ត្រូវបានបង្កើតឡើងក្នុងបំណងប្រើប្រាស់ជំនាញឯកទេស និងធនធានផ្ទាល់របស់មន្ទីរពេទ្យ បំរ៉ុងរ៉ាត់ ដើម្បីផ្តល់ការវះកាត់ព្យាបាលជំងឺបេះដូងពីកំណើតដោយឥតគិតថ្លៃជូនដល់កុមារក្នុងប្រទេសជិតខាង។
កម្មវិធីដ៏មានអត្ថន័យនេះ រៀបចំឡើងនាមន្ទីរពេទ្យកាល់ម៉ែត ក្រោមអធិបតីភាពឯកឧត្តម ហ៊ុន ម៉ានី ប្រធានសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) និងវត្តមានរបស់ឯកឧត្តម Panyarak Poolthup ឯកអគ្គរាជទូតថៃ ប្រចាំកម្ពុជា លោកស្រី Napas Paorohitaya តំណាងមូលនិធិមន្ទីរពេទ្យ បំរ៉ុងរ៉ាត់ និងជានាយកផ្នែកទីផ្សារនៃមន្ទីរពេទ្យអន្តរជាតិ បំរ៉ុងរ៉ាត់ និងភ្ញៀវកិត្តិយសជាច្រើនផ្សេងទៀត។
កុមារកម្ពុជាចំនួន៧នាក់ បានទទួលការវះកាត់ព្យាបាលជំងឺបេះដូងពីកំណើត ដោយឥតគិតថ្លៃតាមរយៈគម្រោងសប្បុរសធម៌ព្យាបាលជំងឺបេះដូងនៅកម្ពុជា។ ការវះកាត់ព្យាបាល ជំងឺបេះដូងដោយឥតគិតថ្លៃនេះដែរ ទទួលបានពីមូលនិធិមន្ទីរពេទ្យ បំរ៉ុងរ៉ាត់ និងមន្ទីរពេទ្យអន្តរជាតិ បំរ៉ុងរ៉ាត់ រួមជាមួយនឹងស្ថានទូតព្រះរាជាណាចក្រថៃប្រចាំនៅព្រះរាជាណាកម្ពុជា។
គួររំលឹកថា ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ មូលនិធិមន្ទីរពេទ្យ បំរ៉ុងរ៉ាត់ និងមន្ទីរពេទ្យអន្តរជាតិ បំរ៉ុងរ៉ាត់ បានពង្រីកគម្រោងសប្បុរសធម៌មួយនេះ ដើម្បីជួយដល់កុមារនៅតាមបណ្តាប្រទេសជិតខាងជាច្រើនដូចជា ប្រទេសមីយ៉ាន់ម៉ា និងវៀតណាមជាដើម។ ឆ្នាំនេះ គឺធ្វើឡើងនៅក្នុងប្រទេសកម្ពុជា។ តាំងពីឆ្នាំ២០០៣ គម្រោងមួយនេះបានជួយដល់អ្នកជំងឺបានជាង ៧៧៥នាក់ មកហើយនៅប្រទេសថៃ ដើម្បីឲ្យពួកគេទទួលបានការព្យាបាល ហើយធ្វើឲ្យពួកគេមានជីវិតស្រស់បំព្រង ពោរពេញទៅដោយក្តីសង្ឃឹមសារជាថ្មីឡើងវិញ។
លោកស្រី Napas Paorohitaya តំណាងមូលនិធិមន្ទីរពេទ្យ បំរ៉ុងរ៉ាត់ និងជានាយកផ្នែកទីផ្សារនៃមន្ទីរពេទ្យអន្តរជាតិ បំរ៉ុងរ៉ាត់ បានលើកឡើងថា គម្រោងដែលផ្តល់ការវះកាត់បេះដូងសម្រាប់កុមារ ដែលមានជំងឺសរសៃឈាមបេះដូងពីកំណើត ត្រូវបានផ្តួចផ្តើមឡើងដើម្បីជួយកុមារដែលត្រូវការការវះកាត់បេះដូងពិតប្រាកដ និងឲ្យពួកគេគេចផុតពីការស្លាប់មុនអាយុ ឬការលូតលាស់មិនប្រក្រតី។
បើតាម លោកស្រី Napas Paorohitaya ការវះកាត់បេះដូង គឺជាការងារដ៏ចាំបាច់ និងស្មុគស្មាញ ដែលតម្រូវឱ្យមានអ្នកជំនាញផ្នែកវេជ្ជសាស្ត្រខ្ពស់ និងអ្នកឯកទេសខាងវេជ្ជសាស្ត្រ ដែលមានបទពិសោធន៍។ លើសពីនេះទៀត ការវះកាត់មានតម្លៃខ្ពស់ ជាពិសេសសម្រាប់អ្នកជំងឺដែលត្រូវការជំនួយ។ នេះជាមូលហេតុ ដែលមូលនិធិមន្ទីរពេទ្យ បំរ៉ុងរ៉ាត់ ត្រូវបានបង្កើតឡើង ដើម្បីធានាបានថា កុមារត្រូវបានព្យាបាលទាន់ពេលវេលា ដោយកាត់បន្ថយផលវិបាក និងអត្រាមរណៈ ស្របពេលដែលសុខភាពរបស់កុមារ ត្រូវបានលើកកម្ពស់។
មូលនិធិមន្ទីរពេទ្យ បំរ៉ុងរ៉ាត់ និងមន្ទីរពេទ្យបំរ៉ុងរ៉ាត់ បានដាក់ដំណើរការគម្រោងនេះជាបន្តបន្ទាប់ ដើម្បីជួយដល់ក្មេងៗតាំងពីឆ្នាំ ២០០៣មកម្ល៉េះ។ រហូតមកដល់ពេលនេះ កុមារដែលមានជំងឺបេះដូងពីកំណើត ៧៧៥ នាក់ នៅក្នុងប្រទេសថៃ បានទទួលការវះកាត់បេះដូងតាម រយៈគម្រោងនេះ។
ក្នុងអំឡុងពេលប្រាំឆ្នាំកន្លងមកនេះ បន្ទាប់ពីគម្រោងនេះ ត្រូវបានបង្កើតឡើងបានយ៉ាងល្អនៅក្នុងប្រទេសថៃ ជំនួយត្រូវបានពង្រីកដល់បណ្តាប្រទេសជិតខាងដូចជា មីយ៉ាន់ម៉ា និងវៀតណាម។ ហើយនៅឆ្នាំនេះ ក្នុងឱកាសគម្រប់ខួប ៣៨ឆ្នាំ នៃការបង្កើតមន្ទីរពេទ្យបំរ៉ុងរ៉ាត់ យើងបានប្តេជ្ញាបន្តផ្តល់ដំណោះស្រាយរបស់យើង ដើម្បីលើកកម្ពស់សុខភាពសាធារណៈ។ ហើយដើម្បីបង្ហាញពីទំនាក់ទំនងដ៏កក់ក្តៅរវាងថៃ និងកម្ពុជា តាមរយៈកម្មវិធីសុខភាពសាធារណៈ យើងមានសេចក្តីសោមនស្សរីករាយ ក្នុងការផ្តល់ជូនការវះកាត់បេះដូងដល់កុមារកម្ពុជា ចំនួន ៥ នាក់ ដែលមានជំងឺបេះដូងពីកំណើត ដើម្បីវះកាត់ព្យាបាលនៅមន្ទីរពេទ្យ បំរ៉ុងរ៉ាត់ ក្នុងប្រទេសថៃ។ ការវះកាត់នេះ នឹងត្រូវបានផ្តល់ជូនដោយឥតគិតថ្លៃ ដែលអាចជួយសម្រួលដល់ស្ថានភាពលំបាករបស់មន្ទីរពេទ្យនៅកម្ពុជា។»
ឯកឧត្តម Panyarak Poolthup ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រថៃប្រចាំព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា គម្រោងនេះ គឺជាបេសកកម្មដ៏ល្អឧត្តុង្គឧត្តមជាទីបំផុត។ គម្រោងនេះ មិនត្រឹមតែជួយសង្គ្រោះអាយុជីវិតក្មេងៗ ដែលមានជីវភាពក្រីក្រ និងអស់ក្តីសង្ឃឹមទាំងនេះប៉ុណ្ណោះទេ ថែមទាំងជាភស្តុតាងបញ្ជាក់យ៉ាងច្បាស់ពីចំណងសាមគ្គីភាព កិច្ចសហប្រតិបត្តិការ និងមិត្តភាពដ៏រឹងមាំរវាងប្រទេសថៃ និងប្រទេសកម្ពុជាទៀតផងដែរ។ ឯកឧត្តម Panyarak Poolthup បន្តទៀតថា៖«គម្រោងសប្បុរសធម៌ព្យាបាលជំងឺបេះដូងនេះ គឺ ស្តែងឲ្យឃើញពីភាពជាក់ច្បាស់ រវាងបេះដូង និងបេះដូង ពោលគឺបញ្ជាក់ពីទឹកចិត្តរបស់ប្រទេសថៃមានចំពោះប្រទេសកម្ពុជា»។
ក្រុមហ៊ុនអាកាសចរណ៍ ថៃ អ៊ែរ អេស៊ា បានលើកឡើងថា៖ «យើងពិតជាមានកិត្តិយសណាស់ដែលបានក្លាយជាផ្នែកមួយនៃគម្រោងដ៏អស្ចារ្យមួយនេះ និងបានជួយឧបត្ថម្ភគាំទ្រដល់កុមារដែលត្រូវការវះកាត់ជំងឺបេះដូង។ នៅចំពោះមុខ អ៊ែរ អេស៊ា នឹងជួយដល់អ្នកជំងឺដែលបានជ្រើសរើសរួច រួមនឹងក្រុមគ្រួសាររបស់ពួកគេ ឲ្យបានធ្វើដំណើរតាមយន្តហោះ ដោយឥតគិតថ្លៃទៅកាន់ប្រទេសថៃ ដើម្បីធ្វើការវះកាត់ព្យាបាលជំងឺបេះដូង។ នេះគឺជាតួនាទីដ៏មានអត្ថន័យសម្រាប់យើង ហើយយើងពិតជាមានមោទនភាពខ្លាំងណាស់ក្នុងការចូលរួមចំណែកជួយដល់អ្នកដែលមានតម្រូវការចាំបាច់នេះ»។
ឯកឧត្តមសាស្រា្តចារ្យ ឈាង រ៉ា អគ្គនាយកមន្ទីរពេទ្យកាល់ម៉ែត បានបញ្ជាក់ថា៖«ក្នុងនាមជាប្រជាជនកម្ពុជា ខ្ញុំសូមថ្លែងអំណរគុណ និងសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ចំពោះម្ចាស់ជំនួយ និងដៃគូទាំងអស់នៃមូលនិធិនេះ។ ខ្ញុំក៏សូមចូលរួមត្រេកអរផងដែរ ជាមួយនឹងកុមារដែលមានជំងឺបេះដូងពីកំណើតនេះ ដែលបានទទួលបានការវះកាត់នៅមន្ទីរពេទ្យអន្តរជាតិ បំរ៉ុងរ៉ាត់ នៅប្រទេសថៃ ដោយឥតគិតថ្លៃ ដែលនេះជាជំនួយដ៏ធំសម្រាប់ប្រជាជនកម្ពុជា។ នេះជាការចាប់ផ្តើម ចូលរួមចំណែកដល់កុមារកម្ពុជា ជាមួយមជ្ឈមណ្ឌលជំងឺបេះដូងភ្នំពេញ ដែលធ្លាប់បានជួយវះកាត់ និងពិនិត្យព្យាបាលកុមារកម្ពុជាជាច្រើនមកហើយ ហើយគម្រោងនេះ នៅតែត្រូវការដៃគូសហការយូរអង្វែងសម្រាប់អនាគតទៀត»៕
(អត្ថបទពាណិជ្ជកម្ម)