កីឡាជាតិ
ជាតិ
ម្ចាស់មេដាយមាស សែន រ៉ាឌី រំលឹកថា ខ្លួនមានក្តីបារម្ភខ្លាចមានភាពលម្អៀងក្នុងការកាត់ក្តីពេលប៉ះម្ចាស់ផ្ទះ កីឡាករ សែន រ៉ាឌី ពេលត្រឡប់មកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ
× កីឡាករ សែន រ៉ាឌី ម្ចាស់មេដាយមាសការប្រកួតកីឡាវូវីណាមជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍នៅមីយ៉ាន់ម៉ា បានបង្ហើបថា ខ្លួនមានក្តីបារម្ភយ៉ាងខ្លាំងពេលប៉ះកីឡាករម្ចាស់ផ្ទះក្នុងជំនួបបើកឆាក។ ភ័យខ្លាច ក៏ព្រោះរូបគេបារម្ភពីការកាត់ក្តីមិនយុត្តិធម៌របស់អាជ្ញាកណ្តាលចៅក្រម។ ប្រតិភូកីឡាវូវីណាមកម្ពុជាបាននាំយកមេដាយទាំង២៩មកដល់មាតុភូមិ កាលពីថ្ងៃពីថ្ងៃទី១៣ ខែសីហា ដោយទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់លោក ប៉ុន សុខ ប្រធានមជ្ឈមណ្ឌលហ្វឹកហ្វឺនកីឡា។
«ដំបូងយើងខ្លាចថា អាចនឹងមានការលម្អៀងខ្លះៗ តែពេលប្រកួតគឺគ្មានបញ្ហាអ្វីនោះទេ ព្រោះយើងវាយចំគោលដៅ»។ នេះជាការបង្ហាញក្តីបារម្ភរបស់កីឡាករ សែន រ៉ាឌី ចំពោះការកាត់ក្តីរបស់អាជ្ញាកណ្តាលចៅក្រម ពេលប៉ះជាមួយកីឡាករម្ចាស់ផ្ទះមីយ៉ាន់ម៉ា។ ទោះបីយ៉ាងនេះក្តី កីឡាករ សែន រ៉ាឌី ត្រូវបានអាជ្ញាកណ្តាលកាត់ក្តីឲ្យឈ្នះកីឡាករម្ចាស់ផ្ទះមីយ៉ាន់ម៉ាដោយពិន្ទុ។
បន្ទាប់មករូបគេបានបន្តយកឈ្នះកីឡាករថៃ ដោយពិន្ទុក្នុងវគ្គផ្តាច់ព្រ័ត្រ ដើម្បីគ្រងជើងឯកប្រចាំការប្រកួតកីឡាវូវីណាមជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍លើកទី៥នៅមីយ៉ាន់ម៉ា លើវិញ្ញាសាប្រយុទ្ធទម្ងន់៥៧គីឡូក្រាម។ ទាំងកីឡាករមីយ៉ាន់ម៉ា និងថៃ ដែលជាគូប្រកួតរបស់ រ៉ាឌី សុទ្ធសឹងជាកីឡាករប្រដាល់ ដែលជាហេតុធ្វើឲ្យរូបគេពិបាកក្នុងការយកឈ្នះ។
ការព្យាយាមហ្វឹកហាត់ និងស្តាប់ដំបូន្មានគ្រូបង្វឹកក្នុងអំឡុងពេលប្រកួតអាចកត្តាជួយឲ្យកីឡាករដែលមានឈ្មោះដើន ទិន ភាព តែងតែទទួលជោគជ័យលើឆានអន្តរជាតិ។ «ប្រសិនបើយើងហាត់ ហើយអំឡុងពេលប្រកួត យើងប្រកួតតាមអារម្មណ៍ គឺមិនអាចយកឈ្នះគេបាននោះទេ ព្រោះបើយើងប្រកួតតាមរម្មណ៍ ពេលខ្លះយើងអាចឆេវឆាវ យើងមិនអាចទប់ស្មារតីបាននោះទេ។ តែបើយើងស្តាប់គ្រូពេលឲ្យទឹកធ្វើឲ្យយើងអាចទប់អារម្មណ៍បាន និងដឹងថា យើងត្រូវវាយកន្លែងណាបានពិន្ទុ»។
អតីតកីឡាករប្រដាល់គុនខ្មែររូបនេះ រំពឹងថា តាមរយៈមេដាយមាសរបស់ខ្លួន និងភាពជោគជ័យលើឆាកអន្តរជាតិជាបន្តបន្ទាប់របស់ក្រុមកីឡាករវូវីណាម នឹងជួយជំរុញឲ្យវិស័យកីឡានេះកាន់តែមានភាពរីកចម្រើន និងទទួលបានការគាំទ្រកាន់តែច្រើនថែមទៀតនាពេលអនាគត។
សម្រាប់ការប្រកួតជើងឯកអាស៊ីអាគ្នេយ៍នៅមីយ៉ាន់ម៉ា ក្រុមអត្តពលិកកីឡាវូវីណាមកម្ពុជាទទួលបានចំណាត់ថ្នាក់លេខ៣ ក្នុងចំណោម៨ប្រទេសចូលរួម ក្រោយដណ្តើមបានមេដាយមាស៦ ប្រាក់៨ និងសំរឹទ្ធ១៥។ ប្រតិភូកីឡាកម្ពុជាបាននាំយកមេដាយ និងពានមកដល់មាតុភូមិកាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៨ ដោយទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់លោក ប៉ុន សុខ ប្រធានមជ្ឈមណ្ឌលហ្វឹកហ្វឺនកីឡា នៃក្រសួងអប់រំយុវជននិងកីឡានៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ៕
Tag:
វ៉ូវីណាម
សែន រ៉ាឌី
© រក្សាសិទ្ធិដោយ thmeythmey.com