ជាតិ
កម្ពុជា នឹង​អនុវត្ត​ការងារ​អនុប្រធាន​មហាសន្និបាត​របស់​UN នៅ​ខែកញ្ញា​
19, Aug 2018 , 8:59 am        
រូបភាព
​ភ្នំពេញ​៖ កម្ពុជា នឹង​អនុវត្ត​ការងារ​អនុប្រធាន​មហាសន្និបាត របស់​អង្គការសហប្រជាជាតិ រយៈពេល​១​ឆ្នាំ គឺ​នៅ​ខែកញ្ញា ឆ្នាំ​២០១៨ រហូតដល់​ខែកញ្ញា ឆ្នាំ​២០១៩​។ កម្ពុជា​ក៏បាន​ជាប់​ជា​សមាជិក​ក្រុមប្រឹក្សា​សេដ្ឋកិច្ច និង​សង្គម (ECOSOC) សម្រាប់​អាណត្តិ​មួយឆ្នាំ​(២០១៩)​ផងដែរ​។​នេះ​បើតាម​សេចក្តីប្រកាស​របស់​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កន្លងមក​។​

 
​កម្ពុជា ក្លាយជា​អនុប្រធាន​នៃ​មហាសន្និបាត​អង្គការសហប្រជាជាតិ លើក​ទី​៧៣ បន្ទាប់ពី​មានការ​ទទួលស្គាល់​ជា​ផ្លូវការ ដោយ​ប្រទេស​នៃ​ក្រុម​តំបន់​អាស៊ី​ប៉ា​ហ្វិ​ក​។ ការទទួលស្គាល់​នេះ ក្រោយពី​កម្ពុជា​បានដាក់​បេក្ខភាព​ស្នើ​ទៅ​អង្គការសហប្រជាជាតិ តាំងពី​ខែមករា ឆ្នាំ​២០១៧​មក​។ 
 
​ក្នុងឋានៈ​ជា​អនុប្រធាន​មហាសន្និបាត​នេះ កម្ពុជា​អាចមាន​ឱកាស​ដឹកនាំ​កិច្ចប្រជុំ​របស់​មហាសន្និបាត ជំនួសមុខ​ប្រធាន និង​តាម​សំណើរ​របស់​ប្រធាន​។ បន្ថែម​ពីនេះ កម្ពុជា ក៏​នឹង​ក្លាយជា​សមាជិក​នៃ​គណៈកម្មាធិការ​ទូទៅ ដែលមាន​មុខងារ ដូចជា​ពិនិត្យ​របៀបវារៈ​បណ្ដោះអាសន្ន និង​បញ្ជី​បន្ថែម​ចំនុច​ពិភាក្សា ផ្ដល់​អនុសាសន៍​ដល់​ម​ហាស​ន្និបាត និង​ជួយ​ដល់​ប្រធាន​មហាសន្និបាត​ក្នុង​ការរៀបចំ​របៀបវារៈ សម្រាប់​កិច្ចប្រជុំពេញអង្គ​នីមួយៗ ។ ជាពិសេស​ការងារ​ទូទៅ​របស់​មហាសន្និបាត​ជាដើម​។​
 
​ក្រៅពី​កម្ពុជា ក៏មាន​ប្រទេស​ចំនួន​៤​ទៀត ត្រូវបាន​ទទួលស្គាល់​ជា​ផ្លូវការ សម្រាប់​ឋានៈ​ជា​អនុប្រធាន​មហាសន្និបាត​ដែរ​។ គួរ​បញ្ជាក់ថា កម្ពុជា ធ្លាប់​ត្រូវបាន​ជ្រើសតាំង​លើកដំបូង ជា​អនុប្រធាន​នៃ​សម័យប្រជុំ​មហាសន្និបាត​អង្គការសហប្រជាជាតិ​លើក​ទី​៥៦ អាណត្តិ​ឆ្នាំ ២០០១-២០០២​។​
 
​ចំពោះ​តួនាទី​អនុប្រធាន​មហាសន្និបាត​នៃ​អង្គការសហប្រជាជាតិ​លើក​ទី​៧៣​នេះ មាន​បេក្ខភាព​មកពី​ប្រទេស​ចំនួន​២១ ដែល​តំណាង​ឲ្យ​តំបន់​នីមួយៗ ជុំវិញ​ពិភពលោក ដោយ​ក្នុងនោះ​រួមមាន​៖ ស៊ី​ប​, អាល់​ហ្ស៊េ​រី ,​បួ​គី​ណា​ហ្វា​សូ​, កម្ពុជា ,​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុង​ហ្គោ ,​ហ្កំ​ប៊ី ,​ហ្គី​យ៉ាន​, អ៊ីរ៉ាក់​, ជប៉ុន​, ណា​មី​ប៊ី​, ប៉ា​ណា​ម៉ា​, កាតា​,​សាំង​ម៉ា​រ៉ាំ​ង​, អេ​ស្ប៉ា​ញ​, ស៊ូដង់​, អ៊ុយ​ក្រែ​ន​, ចិន ,​បារាំង​, អង់គ្លេស​, អាមេរិក​និង រុស្ស៊ី​។​
 
​ទាក់ទង​នឹង​មហាសន្និបាត​នៃ​អង្គការសហប្រជាជាតិ​លើក​ទី​៧៣ ដែល​នឹង​រៀ​បំ​នៅ​ថ្ងៃទី​២៥ កញ្ញា​ខាងមុខនេះ សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន គ្រោង​ទៅ​ចូលរួម ដោយ​ធ្វើ​សេចក្តីថ្លែងការណ៍​អំពី​ស្ថានការណ៍​ប្រទេស​កម្ពុជា នៅ​ចំពោះមុខ​បណ្ដា​ប្រទេស​ជុំវិញ​ពិភពលោក​ផងដែរ​។ បំណង​របស់​ប្រមុខ​រដ្ឋាភិបាល​នេះ ធ្វើឡើង​បន្ទាប់​រដ្ឋសភា និង​គណៈរដ្ឋមន្ត្រី​អាណត្តិ​ទី​៦ បង្កើតឡើង នៅ​ថ្ងៃទី​៥-៧ កញ្ញា​។​
 
​ជាមួយគ្នានេះ​កម្ពុជា ក៏​ជាប់​ជា​សមាជិក​ក្រុមប្រឹក្សា​សេដ្ឋកិច្ច និង​សង្គម (ECOSOC) ដែលមាន​អាណត្តិ​បំពេញការងារ​មួយឆ្នាំ (២០១៩) ។ ក្នុងឋានៈ​នេះ​កម្ពុជា អាច​ពិភាក្សា​និង​ផ្តល់យោបល់​លើ​ការជំរុញ​ស្តង់ដារ​រស់នៅ​ឲ្យ​បាន​ខ្ពស់ ជាពិសេស​ការបង្កើត​ការងារ​ឲ្យ​បាន​ពេញលេញ និង​ជំរុញ​លក្ខខណ្ឌ​នៃ​ការរីកចម្រើន​សេដ្ឋកិច្ចសង្គម និង​ការអភិវឌ្ឍ​។ បន្ថែម​ពីនេះ​កម្ពុជា ក៏​អាច​ជំរុញ​កិច្ចសហប្រតិបត្តិការ​វប្បធម៌​អន្តរជាតិ និង​វិស័យ​អប់រំ រួមទាំង​ការរក​ដំណោះស្រាយ​បញ្ហា​សេដ្ឋកិច្ច​អន្តរជាតិ និង​សុខាភិបាល​សង្គម​។ កម្ពុជា នឹង​ជំរុញ​ការគោរព​ជាស​កល​ចំពោះ​សិទ្ធិមនុស្ស និង​សេរី​ភាពជា​មូលដ្ឋាន​ជាដើម​។​
 
​កម្ពុជា ក្លាយជា​សមាជិក​ក្រុមប្រឹក្សា​សេដ្ឋកិច្ច និង​សង្គម​(ECOSOC) របស់​អង្គការសហប្រជាជាតិ ក្រោយពី​ទទួលបាន​ការគាំទ្រ ដោយ​សំឡេង​១៨៣​លើ​១៨៨​ប្រទេស ក្នុងការ​បោះឆ្នោត នៅក្នុង​សាល​មហាសន្និបាត​នៃ​ទីស្នាក់ការ​អង្គការសហប្រជាជាតិ នាទី​ក្រុង​ញ៉ូ​វ​យ៉​ក កាលពី​ថ្ងៃទី​១៣ មិថុនា​៕

Tag:
 កម្ពុជា​
  UN
© រក្សាសិទ្ធិដោយ thmeythmey.com