អន្តរជាតិ
អាមេរិក ដាក់ទណ្ឌកម្ម​ធ្ងន់ធ្ងរ​ប្រឆាំង​មន្ត្រី​យោធា​ជាន់ខ្ពស់​មី​យ៉ាន់​ម៉ា​ដែល​ពាក់ព័ន្ធ​ការ​ធ្វើទុក្ខបុកម្នេញ​ជន​ជាតិ​រ៉ូ​ហ៊ីង​យ៉ា​
18, Aug 2018 , 8:59 pm        
រូបភាព
ដោយ:
​ខណៈ​ដំណោះស្រាយ​ពិតប្រាកដ​សម្រាប់​ជនរងគ្រោះ​នៃ​វិបត្តិ​ជនភៀសខ្លួន​ពីរ​ដ្ឋ Rakhine របស់​មី​យ៉ាន់​ម៉ា​មិនទាន់មាន​រូបរាង​នោះ រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​បានអនុម័ត​ទណ្ឌកម្ម​ថ្មី​បន្ថែម​ប្រឆាំង​កង​ម្លាំ​ង​ជាន់ខ្ពស់​មី​យ៉ាន់​ម៉ា​មួយចំនួន​។ ក្រុង​វ៉ាស៊ីនតោន ធ្វើបែបនេះ​ក្នុង​គោលដៅ​ជំរុញ​ចំណាត់ការ​ប្រឆាំងនឹង​ជន​ពាក់ព័ន្ធ​ដែល​បង្ក​ឲ្យ​កើតមាន​ការរំលោភបំពាន​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​ក្នុងប្រទេស​។​



​ក្រសួង​រតនាគារ​អាមេរិក នៅ​ថ្ងៃ​១៧ សីហា បានសម្រេច​ដាក់​ទណ្ឌ​ប្រឆាំងនឹង​យោធា និង​ប៉ូលិស​ជាន់ខ្ពស់​មី​យ៉ាន់​ម៉ា​បួនរូប និង​អង្គភាព​យោធា​ពីរ​ផ្សេងទៀត ដោយ​ចោទប្រកាន់ថា កងកម្លាំង​សន្តិសុខ​មី​យ៉ាន់​ម៉ា​ត្រង់ៗ​ពាក់ព័ន្ធ​ការបង្ក​ឲ្យ​មាន​វិបត្តិ​ជនភៀសខ្លួន​រ៉ូ​ហ៊ីង​យ៉ា​នៅក្នុង​រដ្ឋ Rakhine​។ អាមេរិក មើលឃើញថា​វា​ជា​អំពើ​ព្រៃផ្សៃ​មួយ​ដែល​អាចជា​បទល្មើស​ប្រល័យពូជសាសន៍​ទៀតផង​។ 
 
​តាម​សេចក្តីប្រកាស​របស់​ក្រសួង​រតនា​អាមេរិក ទណ្ឌកម្ម​ប្រឆាំង​បុគ្គល​យោធា​នេះ  មិន​រាប់បញ្ចូល​មេ​យោធា​ជាន់ខ្ពស់​បំផុត​របស់​ប្រទេស​នោះទេ ក៏ប៉ុន្តែ​ក្រសួង​បាន​ចោទថា កងកម្លាំង​សន្តិសុខ​មី​យ៉ាន់​ម៉ា​ជាប់​ពាក់ព័ន្ធ​នឹង​យុទ្ធនា​ហិង្សា​ប្រឆាំងនឹង​សហគមន៍​ជនជាតិភាគតិច​តាមរយៈ​តាម​សម្លាប់​បំបាត់​ពូជសាសន៍ ការរំលោភ ការសម្លាប់​ក្រៅ​ប្រព័ន្ធតុលាការ និង​ការបំពាន​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​តែម្តង​។ 
 
​តាម​សេចក្តីប្រកាស​ដដែល​នោះ ក្រសួង​ដាក់ទណ្ឌកម្ម​ប្រឆាំង​អង្គភាព និង​មេដឹកនាំ​ជាន់ខ្ពស់​មី​យ៉ាន់​ម៉ា​ជា​យុទ្ធសាស្ត្រ​របស់​រដ្ឋាភិបាល​អាមេរិក​ដើម្បី​ជំរុញ​ការកំណត់​មុខសញ្ញា​ដែល​ត្រូវ​ទទួលខុសត្រូវ​លើ​ការ បង្កើត​គ្រោះមហន្តរាយ​មនុស្សជាតិ​ដ៏​អាក្រក់​នេះ​។ មន្ត្រីជាន់ខ្ពស់​ស្ថិតក្នុង​បញ្ជី​ទណ្ឌកម្ម​នោះ​រួមមាន លោក​មេបញ្ជាការ Aung Kyaw Zaw, លោក Khin Maung Soe, លោក Khin Hlaing និង​មេ​ប៉ូលិស​ព្រំដែន Thura San Lwin និង​អង្គភាព​យោធា​ពីរ​ផ្សេងទៀត​។ 
 
​គួរ​រម្លឹក​ផងដែរ​ថា នៅ​ថ្ងៃ​២៨ សីហា​ខាងមុខនេះ គឺជា​ខួប​មួយឆ្នាំ​ការផ្ទុះ​ឡើង​នៃ​វិបត្តិ​ជនភៀសខ្លួន​ក្នុង​រដ្ឋ​Rakhine របស់​មី​យ៉ាន់​ម៉ា​ហើយ​។ រយៈពេល​ជិត​មួយឆ្នាំ​នេះ គេ​ឃើញ​មានតែ​របាយការណ៍​ចោទប្រកាន់​កងកម្លាំង​មី​យ៉ាន់​ម៉ា​លើ​វិបត្តិ​មនុស្សជាតិ​រាប់សិប​ម៉ឺន​នាក់ និង​ភាព​អសកម្ម​របស់​រដ្ឋាភិបាល​ក្នុងការ​ស្វែងរក​ដំណោះស្រាយ​ជា​បន្តបន្ទាប់ ខណៈ​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា សុំ​ចិត្ត​សហគមន៍​អន្តរជាតិ​ទុក​លទ្ធភាព​និង​ពេលវេលា​សម្រាប់​ខ្លួន​រក​ដំណោះស្រាយ​សមស្រប​និង​អាចអនុវត្ត​បាន​៕ 

Tag:
 អាមេរិក​
  មី​យ៉ាន់​ម៉ា
© រក្សាសិទ្ធិដោយ thmeythmey.com