អន្តរជាតិ
​ទង្វើ​ល្អ​! ប៉ូលិស​ស្រី​ម្នាក់​នៅ​អា​ហ្ស​ង់​ទីន បំបៅ​ទារក​ដែល​ត្រូវបាន​បោះបង់ចោល​
18, Aug 2018 , 9:59 pm        
រូបភាព
ដោយ: ធីតា
​ស្ត្រី​ដែលជា​ប៉ូលិស​ម្នាក់​នៅ​អា​ហ្ស​ង់​ទីន ទទួលបាន​នូវ​ការកោតសរសើរ​យ៉ាងខ្លាំង​នៅ​ទូទាំងប្រទេស​។ តាមរយៈ​រូបថត​មួយ​សន្លឹក ប៉ូលិស​ស្រី​រូបនេះ បាន​បំបៅ​ដោះ​ទារក​ម្នាក់​ដែល​ត្រូវបាន​បោះបង់ចោល​ម្នាក់​នៅ​មន្ទីរពេទ្យ​។

 
 
​អ្នកស្រី Celeste Ayala រស់នៅ​ក្រុង Berisso ប្រទេស​អា​ហ្ស​ង់​ទីន មាន​ភារកិច្ច​យាម​នៅ​មន្ទីរពេទ្យ​កុមារ Sister Maria Ludovica ហើយ​នៅ​ទីនោះ គាត់​បានឮ​សំឡេង​ស្រែកយំ​របស់​ទារក​ម្នាក់​។ បើតាម​ការផ្សាយ​របស់ Metro ទារក​នោះ ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ដោយសារ​កង្វះ​អាហារ​រូប​ត្ថ​ម្ភ ហើយ​ម្តាយ​របស់គេ ជាប់​រឿង​ក្តីក្តាំ​នៅ​តុលាការ​។​
 
​ឮ​សម្រែក​របស់​ក្មេង អ្នកស្រី Ayala ដែល​កំពុងមាន​សរសៃ​ខ្ចី​ផងដែរ​នោះ បាន​សាកសួរ​ទៅ បុគ្គលិក​មន្ទីរពេទ្យ ដើម្បី​ពរ និង​បំបៅ​ក្មេង​។ ទារក​ស្ថិតក្នុង​ស្ថានភាព​កខ្វក់ ខ្វះ​ការថែទាំ​ដិតដល់​។ ក្រោយ​ទទួល​បានការ​បំបៅ ទារក​ស្ងាត់ស្ងៀម ឈប់​ស្រែកយំ​។​
 

 
​អ្នកស្រី Ayala បាន​និយាយប្រាប់​សារព័ត៌មាន​ក្នុងស្រុក​ថា​៖ «​ខ្ញុំ​ដឹងថា ទារក​នោះ ពិតជា​ស្រេកឃ្លាន​ខ្លាំងណាស់ […] គួរ​ឲ្យ​ស្រណោះ​ខ្លាំងណាស់ ដែល​បានឃើញ​គេ​មាន​ស្ថានភាព​បែបនេះ​។ សង្គម​ត្រូវតែ​គិតគូរ​ដល់​ក្មេងៗ​ដែល​រងគ្រោះ​ដូចជា​ទារក​ម្នាក់​នោះ​»​។​
 

 
​ទារក​នោះ មិន​ទទួលបាន​ការថែទាំ​ត្រឹមត្រូវ​ឡើយ ហើយ​បើតាម​ការផ្សាយ​របស់​សារព័ត៌មាន​ក្នុងស្រុក គេ​ជា​កូន​ទី​៦​ក្នុង​គ្រួសារ​មួយ​ដែលមាន​ម្តាយ​ជាប់ពិរុទ្ធ​។ លោក Marcos Heredia បាន​បញ្ជាក់ថា ក្មេង​មាន​ស្ថានភាព​កខ្វក់ ក្លិន​មិនល្អ ប៉ុន្តែ​អ្នកស្រី Ayala មិន​ចាត់ទុកជា​បញ្ហា​នោះឡើយ ហើយ​លោក​ក៏បាន​សម្រេចចិត្ត​ថតរូប​សហការី​របស់​ខ្លួន​យកទៅ​បង្ហោះ​នៅលើ​បណ្តាញ​សង្គម​។​
 
​សាធារណជន​កោតសរសើ​រ​យ៉ាងខ្លាំង​ចំពោះ​ទង្វើ​ដ៏​ប្រពៃ​របស់​អ្នកស្រី Ayala​។ មនុស្ស​ជាច្រើន​បើក​ឡើង​ថា Ayala ជា​គំរូ​សម្រាប់​សមត្ថកិច្ច​ទាំងឡាយ ដែល​អាច​ដោះស្រាយ​នូវ​រាល់​បញ្ហា​នានា​ក្នុងសង្គម​៕

Tag:
 អា​ហ្ស​ង់​ទីន
© រក្សាសិទ្ធិដោយ thmeythmey.com