ជាតិ
បទយកការណ៍ / បទសម្ភាសន៍
២៥ខេត្ត/រាជធានី
អ្នកនាង ផា​វី រង់ចាំ​បណ្តុះបណ្តាល​យុវជន​ខ្មែរ​ដែល​ចង់​ចេះ​ចារសាស្ត្រា​ស្លឹករឹត​
19, Aug 2018 , 6:59 pm        
រូបភាព
សៀមរាប​៖ ចាស់​ពី​ដើម បាន​ប្រើប្រាស់​ស្លឹករឹត​ជា​សម្ភារ​សម្រាប់​ចារ ឬ​សរសេរ​អក្សរ​ទុកជា​គម្ពីរ​សម្រាប់​អាន​។ សម័យកាល​កន្លង​ហួស​ទៅ ទម្លាប់​ចារ​ដោយ​ស្លឹករឹត​បាន​បាត់បង់​បន្តិច​ម្ដងៗ ដោយ​ជំនួស​មកវិញ​នូវ​ក្រដាស​សរសេរ​។ ការផ្លាស់ប្តូរ​នេះ បានធ្វើ​ឲ្យ​ស្លឹករឹត​ត្រូវបាន​គេ​លែង​នឹកនា និង​ហើយ​បាន​បាត់​ខ្លួន​បន្ដិច​ម្ដងៗ​។   អ្នកនាង ភឿន ផា​វី ជា​ស្ដ្រី​ម្នាក់​ដ៏​កម្រ​ដែល​បាន​រៀន​ចេះ និង​ចារ​ស្លឹករឹត តាំងពី​នាង​មាន​វ័យ​១៣​ឆ្នាំ​។ មាន​ឪពុក​ជា​អ្នក​រៀនសូត្រ​បួស​ជា​ព្រះសង្ឃ និង​ចេះ​ចារ​ស្លឹករឹត ធ្វើឱ្យ​នាង  ស្រឡាញ់​ចាប់ចិត្ត និង​មាន​ទេពកោសល្យ​ទៅនឹង​ជំនាញ​នេះ​តាំងពី​នៅ​វ័យក្មេង​។

 
សូម​ស្ដាប់​បទ​យកការណ៍​ដែល​រៀបរៀង​ដោយ​អ្នកស្រី អ៊ី​សា រ៉​ហា​នី ដូចតទៅ​៖


​នៅ​សម័យ​ដើម វត្ត​អារាម​ជា​កន្លែង​ក្រេប​ចំណេះដឹង និង​រៀនសូត្រ​សិល្ប៍សាស្ដ្រ​ផ្សេងៗ​។ អ្នក​ចង់​សិក្សា​រៀនសូត្រ ត្រូវ​បួស​រៀន​ជា​ព្រះសង្ឃ ដើម្បី​ទទួលបាន​ការបង្ហាត់បង្រៀន​ពី​គ្រូ​បា​អាចារ្យ ដែលជា​ព្រះសង្ឃ​នៅ​ទីនោះ​។ ស្លឹករឹត ជា​សម្ភារ​សម្រាប់​ការសរសេរ និង​ទុកជា​ឯកសារ គម្ពីរ​ដ៏​មាន​សារ​សំខាន់បំផុត​។ អ្នកបួស​រៀន​នៅពេលនោះ ក៏​សុទ្ធសឹង​មានចំណេះដឹង​ខាង​សរសេរ​ស្លឹករឹត​ផងដែរ​។ 
 
​អាច​និយាយបានថា ពី​សម័យ​ដើម អ្នករៀន​សូត្រ និង​ចេះ​ចារ សរសេរ​ស្លឹករឹត​មាន​ចំនួន​ច្រើន ហើយ​ឯកសារ​ទាំងនោះ​ក៏​ច្រើន​ដែរ​។ កម្ពុជា​បាន​ឆ្លងកាត់​សង្គ្រាមស៊ីវិល​ជា​បន្តបន្ទាប់ ហើយ​បញ្ញាវន្ដ​អ្នកចេះដឹង​មួយចំនួន​ក៏បាន​បាត់បង់​ជីវិត ឯ​គម្ពីរ ឬ​ឯកសារ​សំខាន់ៗ​ដែល​ចារ​ពី​ស្លឹករឹត​ទាំងនោះ​ក៏​នៅសល់​តិចតួច​បំផុត រាប់ទាំង​អ្នកចេះ​សរសេរ​ផង​។​
 
 
​នៅ​ទីរួមស្រុក​ពួក មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ផ្សារ​ដែលជា​ទីប្រជុំជន​ដ៏​សំខាន់ ស្ថិតនៅ​ប៉ែក​ខាងលិច​បន្តិច គឺជា​គេហដ្ឋាន​អ្នកនាង ភឿន ផា​វី ដែល​ចេះ​ចារ​ស្លឹករឹត​។ ទាំង​ចំណេះដឹង​ផ្នែក​ចារ និង​តួអក្សរ​ស្អាត ធ្វើឱ្យ​នាង​មានឱកាស​ជួប​នាយករដ្ឋមន្ដ្រី​ផង​កាលពី​ពីរ​ឆ្នាំមុន​។ 
 
​ចុះ​ពី​ផ្លូវជាតិ​លេខ​៦ តាមផ្លូវ​លំ​មួយ​តែ​ប្រមាណ​ជិត​២០០​ម៉ែត្រ គេ​នឹង​ទៅដល់​គេហដ្ឋាន​អ្នកនាង ផា​វី ដែលជា​ផ្ទះថ្ម​ដ៏​ល្បី​សន្លាង​។ ផ្ទះ​នេះ​ត្រូវបាន​សម្ដេច ហ៊ុន សែន ផ្តល់ជូន​គ្រួសារ​អ្នកនាង ក្នុង​ស្មារតី​លើកកម្ពស់ និង​អភិរក្ស​អក្សរ​ស្លឹករឹត ត្បិត​ពេលមុន​គ្រួសារ​នាង​មាន​ជីវភាព​ខ្សត់ខ្សោយ និង​រស់នៅ​ផ្ទះ​ខ្ទម​ដ៏​កម្សត់​។ នៅក្នុង​គេហដ្ឋាន​នោះ ខ្ញុំ​បាន​ជួប​អ្នកនាង ផា​វី ព្រមទាំង​ម្ដាយ និង​បងប្អូន​កូនក្មួយ​របស់​អ្នកនាង​ជាច្រើន​នាក់​ដែល​បាន​ស្វាគមន៍​យ៉ាង​រាក់ទាក់​។​
 
​ក្នុងផ្ទះ​អ្នកនាង ផា​វី មាន​ដាក់​តាំងនូវ​សម្ភារ និង​ឧបករណ៍​ចារ​ស្លឹករឹត​មួយចំនួនធំ ហើយ​នៅ​ទី​នោះគេ​បានឃើញ​រូបថត​មួយ​ផ្ទាំង​ធំ​ដែលជា​រូប​ឳ​ពុក​នាង​។ អ្នកនាង ផា​វី ចាប់ផ្តើម​ទទួល​មរតក​ផ្នែក​ចារ​ស្លឹករឹត​ពី​ឳ​ពុក ក្រោយ​នាង​ឈប់រៀន​ត្រឹម​ថ្នាក់​ទី​១០ ដោយ​ងាក​មកជួយ​ការងារ​ពេញដៃពេញជើង​ជាមួយ​ឳ​ពុក​។ នាង​បាន​ចំណាយពេល​នៅក្នុង​វត្ត ទី​ដែល​ឪពុក​នាង និង​ក្រុម​អ្នក​ចារ​ផ្សេងទៀត ទទួល​ចារ​ច្បាប់ និង​គម្ពីរ​ផ្សេងៗ​ដាក់​នៅតាម​វត្ត​អារាម​នៅពេលនោះ​។​
 
​ឆ្នាំនេះ អ្នកនាង ផា​វី មាន​អាយុ​៣៣​ឆ្នាំ​ហើយ នាង​មាន​បងប្អូន​ចំនួន​៦​នាក់ ហើយ​ក្នុងចំណោម​នោះ​មានតែ​បងប្រុស​ពីរ​នាក់ និង​ខ្លួន​នាង​តែប៉ុណ្ណោះ​ដែល​ចេះ​ចារ​ស្លឹករឹត​ត​ពី​ឳ​ពុក​ដែល​បាន​ស្លាប់​ទៅហើយ​។  នាង​បាន​រម្លឹក​ពី​ពេល​ដើម​ដែល​ធ្វើឱ្យ​នាង​មានចិត្ត​ស្រឡាញ់ និង​ចង់​ចារ​ស្លឹករឹត​ពី​ឪពុក​យ៉ាង​ដូច្នេះ​ថា​
 
​មិនយូរប៉ុន្មាន ស្នាដៃ​របស់​ផា​វី ត្រូវបានគេទទួលស្គាល់ ដោយសារ​នាង​មាន​ទេពកោសល្យ រួម​និង​តួអក្សរ​ស្អាត​យ៉ាង​ផ្ចិតផ្ចង់​របស់​នាង​។ នាង​ថា ស្នាដៃ​របស់​នាង​ដែល​ចាប់តាំងពី​ចេះ​ចារ​មក មិនមាន​បន្សល់ទុករ​ហូត​មកដល់​បច្ចុប្បន្ន​នេះ​ទេ គឺ​ត្រូវគេ​ជាវ​អស់​រហូត​។​
 
​មុននឹង​ឈានចូល​ទៅដល់​បច្ចេកទេស​នៃ​ការធ្វើ​ស្លឹករឹត ខ្ញុំ​ចង់ឱ្យ​អ្នក​ស្ដាប់​ទាំងអស់ ដឹង​ពី​ប្រវត្តិ​នៃ​ការហៅ​ស្លឹករឹត​បន្ដិច​សិន​។ តាម​ការបកស្រាយ​រប​ស់​អ្នកនាង ផា​វី មែនទែនទៅ ស្លឹករឹត ឬ​ស្លឹក​ទ្រាំង ជា​ស្លឹក​តែមួយ​។ តើ​ហេតុអ្វី​គេ​ហៅ​ស្លឹក​ទ្រាំង​ជា​ស្លឹករឹត​។ អ្នកនាង ផា​វី តំណាល​ថា ចាស់​ពី​ដើម​មុននឹង​កាត់​ស្លឹក​ទ្រាំង​មក​ធ្វើ​ស្លឹករឹត គឺ​ពួកគេ​បានធ្វើការ​បំបៅ រឹត​វា​ឱ្យ​តឹង កុំឱ្យ​ខ្ពរ​វា​បែក ឬ​កុំ​ឱ្យមាន​សត្វ​ចូល​ស៊ី លុះដល់​អាយុកាល​វា​ទើប​គេ​កាត់​មក​ធ្វើ​ស្លឹករឹត​។ ហេតុ​ដូចនេះហើយ ទើប​ជាប់​ឈ្មោះ​ស្លឹករឹត​រហូតមក​។​
 
​មុននឹង​អាច​យកមក​សរសេរ​បា​ន គឺ​ឆ្លងកាត់​ច្រើន​ដំណាក់កាល​ច្រើន​ទម្រាំ​ក្លាយជា​ស្លឹករឹត​ដែល​ល្អ​។ គេ​ត្រូវការ​ពេល​យូរ​ខែ​ទើប​អាច​ផលិត​ស្លឹករឹត​ដែលមាន​គុណភាព និង​រក្សាទុក​បានយូរ​។ ដោយសារ​មិនសូវ​សម្បូរ​ដូចពេលមុន ការរក​ស្លឹករឹត​គឺជា​ការងារ​ពិបាក ចំណែក​ស្លឹក​ពេលខ្លះ​ក៏​មិនល្អ និង​តាម​ទំហំ​ខ្នាត​សម្រាប់​យកមក​ចារ​ផងដែរ​។ ដំបូង​គេ​ត្រូវ​កាប់​ស្លឹក​ពី​ដើម យកទៅ​ហាល​ឱ្យ​ស្ងួត និង​ពេលយប់​ត្រូ​ការ​វ​ហាល​ទឹកសន្សើម ដើម្បីឱ្យ​ស្លឹក​ទន់ ស្វិត មិន​ផុយស្រួយ និង​មិន​រមូរ​ជាដើម​។ បន្ទាប់​ពីនេះ ត្រូវ​ឆ្លង​ដំណាក់កាល​ស្រុះទឹកក្ដៅ ហាល​ម្ដងទៀត និង​រៀប​ទុកដាក់​២ ទៅ​៣ ដំណាក់កាល​ទៀត ទើប​អាច​ទទួលបាន​វត្ថុ​សម្រេច​សម្រាប់​ប្រើប្រាស់​បាន​។ នាង ផា​វី ថា យ៉ាងហោចណាស់​ក៏​ប្រើពេល​២​ទៅ​៣ ខែ​ដែរ ដែល​អាចធ្វើ​ស្លឹករឹត​បាន​។​
 



​ស្ថិតក្នុង​សំលៀកបំពាក់​បែប​ខ្មែរ​សម័យ​ដើម បង់​ក្រមា និង​បួងសក់​ផង​នោះ អ្នកនាង ផា​វី បានចាប់ផ្តើម​រៀបរាប់​ទាក់ទង​នឹង​ការសរសេរ​វិញ​ម្ដង​។ នាង​ថា ការសរសេរ ឬ​ចារ​ស្លឹករឹត មិន​ដូច​ការសរសេរ​សៀវភៅ​នោះឡើយ​។ គេ​ត្រូវ​ប្រើ​ដែកចារ​ដែល​មុត​ស្រួច ហើយ​ការ​ចារ​ត្រូវ​ប្រើ​កម្លាំង​ដៃ​សង្កត់​ខ្លាំង ប៉ុន្តែ​ឱ្យ​ស្រាល មិន​ដូច្នោះ​ទេ អាចឱ្យ​ស្លឹករឹត​ធ្លុះ​បាន​។​
 
​ក្រោយ​ចារ​ចេញ​ជា​តួអក្សរ​ផុស​ពី​ស្លឹករឹត​ហើយ គេ​ត្រូវ​ប្រើ​ទឹក​ថ្នាំ​ម្យ៉ាង​ដើម្បីឱ្យ​អក្សរ​ឡើង​ពណ៌​ក្រហម ឬ​ខ្មៅ​។ អ្នកនាង ផា​វី ថា ពី​ដើម​គេ​ប្រើ​ទឹកឃ្មុំ​លាយ​កំទេច​ស្លឹករឹត​ដែល​ដុត​ក្លាយជា​ផេះ ធ្វើឱ្យ​ចេញ​ពណ៌​ក្រហម តែ​បច្ចុប្បន្ន​គេ​ប្រើ​ម្រិញ​ភ្លើង លាយ​ជាមួយ​ជ័រទឹក ដែល​ធ្វើឱ្យ​ពណ៌​ស្លឹករឹត​ចេញ​ពណ៌​ខ្មៅ​ដិត​។​ 



ការ​ចារ​ស្លឹករឹត មិនមែនជា​ការងារ​ងា​យ​ស្រួល​នោះឡើយ​។ ទាំង​ការធ្វើ​ស្លឹក គឺ​ត្រូវ​ប្រើពេល​យូរ ងាយ​នឹង​ខូច ឯ​ការសរសេរ​វិញ គេ​ត្រូវមាន​ភាព​អត់ធ្មត់ ប្រើ​អារម្មណ៍​ខ្ពស់ ដើម្បីឱ្យ​ការសរសេរ​រត់​ត្រង់​ជួរ និង​មិន​រលុប​។ អ្នកនាង ផា​វី បាន​និយាយថា ក្នុង​មួយថ្ងៃ​នាង​អាច​ចារ​បាន​ពី​២​សន្លឹក​ទៅ ៥​សន្លឹក​ប៉ុណ្ណោះ ទោះបី​នាង​មានបទពិសោធន៍​ច្រើន​ឆ្នាំ​ក៏ដោយ​។ ការ​អង្គុយ​យូរ​ធ្វើឱ្យ​នាង​មាន​សុខភាព​មិនសូវ​ល្អ និង​ចុក​ជើង​ជាដើម​។​
 
​កាលពី​២​ឆ្នាំមុន នៅពេល​ដំណឹង​អ្នកនាង ផា​វី លេចចេញ​នៅតាម​សារព័ត៌មាន​ជាច្រើន​យកមក​ចុះផ្សាយ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា បាន​ហៅ​អ្នកនាង​ទៅ​ជួប​ពេល​សម្តេច​មាន​វត្តមាន​ក្នុង​ក្រុង​សៀមរាប ក្នុង​កិច្ចប្រជុំ​មួយ​។ ពេលនោះ​ហើយ ដែល​កវី​ស្លឹករឹត និង​មាន​ជីវភាព​ខ្វះខាត​ផង​នោះ ទទួលបាន​ការគាំទ្រ​ផ្នែក​ស្មារតី និង​ថវិកា ពី​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​។ សម្តេច ហ៊ុន សែន បាន​ជាវ​ទាំងអស់​រាល់​ស្លឹករឹត​ដែល​អ្នកនាង ផា​វី បាន​ចារ ក្នុងតម្លៃ​មួយ​គុណ​និង​ពី​រលើ​តម្លៃ​ទីផ្សារ និង​ថែមទាំង​ឱ្យ​នាង​ប្រមូល​អ្នកចេះដឹង​លើ​វិស័យនេះ ចងក្រង​បង្កើតជា​ក្រុម​មួយ​ក្នុង​បំណង​អភិរក្ស​វិស័យ​វប្បធម៌​នេះ​ផងដែរ​។ 
 
​ជា​អ្នក​ស្រឡាញ់ និង​ចង់​អភិរក្ស​មរតក​ដែល​ដូនតា​បន្សល់​ទុកឱ្យ អ្នកនាង​បាន​ប្រឹងប្រែង​ធ្វើការ​ងារ​ជាច្រើន រួម​និង​ការបណ្ដុះ​កូនស្រី​តែ​ម្នាក់​របស់​នាង​ឱ្យ​ចេះ​ចារ​ស្លឹករឹត​ផងដែរ​។ នាង ផា​វី ជា​ស្ដ្រី​មេម៉ាយ ដែល​ប្ដី​ស្លាប់​ក្រោយ​ជួប​គ្រោះថ្នាក់​ចរាចរណ៍​កាលពី​៥​ឆ្នាំមុន​។ អ្នកនាង​ថា កូនស្រី​ខ្លួន​ដែល​ទើប​មាន​អាយុ​១០​ឆ្នាំ ចង់​រៀន​សរសេរ​ផងដែរ ពេល​នាង​មកពី​សាលារៀន និង​ពេល​ឃើញ​នាង​អង្គុយ​សរសេរ​ម្ដងៗ​។ 
 
​ទៅ​ថ្ងៃក្រោយ អ្នកនាង ផា​វី ចង់​បណ្ដុះបណ្តាល​យុវជន​ឱ្យបាន​សិក្សា និង​រៀនសូត្រ​ពី​មរតក​ស្លឹករឹត​នេះ​។ ក្នុងនោះដែរ នាង​ចង់​បង្កើត​ផ្ទះ​ឈើ​មួយ​ខ្នង​ដែល​សង់​ពី​ខ្លឹមឈើ​ដើម​ទ្រាំង លាយ​ជាមួយ​ឈើ ដើម្បី​តម្កល់ និង​វត្ថុ​សម្ភារ​ទាក់ទង​នឹង​ការ​ចារ ឱ្យ​យុវជន​ជំនាន់​ក្រោយ​បាន​សិក្សា និង​ស្វែងយល់​ផងដែរ​៕
 
 

Tag:
 ចារ​ស្លឹករឹត​
  ដើម​ទ្រាំង​
  ភឿន ផា​វី​
© រក្សាសិទ្ធិដោយ thmeythmey.com