ជាតិ
ក្រមា​វែង​ជាងគេ​លើ​ពិភពលោក និង​កី​រចនាបថ​បុរាណ ត្រូវ​បានដាក់​តម្កល់​ក្នុង​សារមន្ទីរ​ជាតិ​
19, Aug 2018 , 10:29 pm        
រូបភាព
​ភ្នំពេញ​៖ ក្រោយ​បំបែក​ឯតទគ្គ​កម្ម​ក្រមា​វែង​ជាងគេ​លើ​ពិភពលោក ក្រមា​១០០០​ម៉ែត្រ និង​កី​រចនាបថ​បុរាណ ត្រូវ​បានដាក់​តម្កល់​នៅក្នុង​សារមន្ទីរ​ជាតិ ដើម្បី​ថែរក្សា​បន្ត និង​បង្ហាញ​ភ្ញៀវ​ជាតិ​-​អន្តរជាតិ​ឲ្យ​បាន​ស្គា​ល់ពី​ក្រមា​ខ្មែរ​។ ក្រមា​វែង​ជាងគេ​នេះ ជា​មោទកភាព​ថ្មី​សម្រាប់​កម្ពុជា ដែល​កើតចេញពី​ការ​សាមគ្គី​រវាង​ពលរដ្ឋ​ខ្មែរ​គ្រប់​ស្រទាប់វណ្ណៈ​។​



​ក្រមា​វែង​ជាងគេ​លើ​ពិភពលោក​ដែលមាន​ប្រវែង ១,១៤៩.៨ ម៉ែត្រ ត្រូវបាន​ក្រុមការងារ​ចលនា GoGo Cambodia សម្រេច​ដាក់​តម្កល់​នៅក្នុង​សារមន្ទីរ​ជាតិ ដើម្បី​បង្ហាញជូន​ភ្ញៀវ​ជាតិ​-​អន្តរជាតិ​ឲ្យ​ទស្សនា​នូវ​កំណត់ត្រា​ថ្មី​មួយ​នេះ ពិសេស​ការចូលរួម​ថែរក្សា​នូវ​ស្នាដៃ​មួយ​នេះ​។ 


 
​ថ្លែង​ក្នុង​ពិធី​ប្រគល់​ក្រមា​១០០០​ម៉ែត្រ នា​សារមន្ទីរ​ជាតិ លោក សាន វ​ឌ្ឍ​នា ប្រធាន​ក្រុមការងារ​ចលនា GoGo Cambodia បាន​បញ្ជាក់ថា​៖ «​ការដាក់​តម្កល់​នៅក្នុង​សារមន្ទីរ​ជាតិ​នេះ នឹង​បម្រើ​គោលបំណង ៤​យ៉ាង​រួមមាន ដែល​អាច​ចេញចូល​ជា​សាធារណៈ​, រម្លឹក​អនុស្សាវរីយ៍​ពី​ការ​ត្បាញ​ក្រមា​, ក្រមា​ត្រូវបាន​ថែរក្សា និង​ការផ្សាភ្ជាប់​ពី​បច្ចុប្បន្ន និង​អនាគតកាល​របស់​ក្រមា​»​។ ប្រធាន​ក្រុមការងារ​ចលនា GoGo Cambodia អះអាងថា សារមន្ទីរ​ជាតិ ជាទី​តាំង​សមស្រប​សម្រាប់​តម្កល់​ក្រមា​១០០០​ម៉ែត្រ​នេះ​។​


 
​ពិធី​ប្រគល់​ក្រមា និង​កី​តម្បាញ​នេះ រៀបចំឡើង​តាមបែប​សាសនា ដែលមាន​ថ្នាក់ដឹកនាំ​សំខាន់ៗ​មួយចំនួន​ចូលរួម​ផងដែរ​។ លោកស្រី ភឿង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​លើកឡើងថា​៖ «​ក្រមា​វែង​ជាងគេ​ដែល​តម្កល់​ក្នុង​សារមន្ទីរ​នេះ មានតម្លៃ​ជា​របស់​ជាតិ​។ បើទោះបី​មាន​រយៈពេល​ខ្លី​ក៏ដោយ ប៉ុន្តែ​ក្រមា​នេះ មានការ​ចូលរួម​ពី​ពលរដ្ឋ​ជាច្រើន​នាក់ ដែល​បាន​បំបែក​ឯតទគ្គ​កម្ម​»​។ រដ្ឋមន្ត្រី​រូបនេះ បន្តថា សារមន្ទីរ​ជាតិ ជាទី​តាំង​សមរម្យ​បំផុត​សម្រាប់​ការទទួល​ក្រមា​នេះ​។ 
 
​សូមបញ្ជាក់ថា យុទ្ធនាការ​ក្រមា​នេះ បានចាប់ផ្ដើម​បើក​ត្បាញ​សរសៃ​ដំបូង នៅ​ថ្ងៃទី​១៤​ខែកុម្ភៈ ឆ្នាំ​២០១៨ នៅ​ទីតាំង​វាល​ព្រះមេរុ និង​ទទួលបាន​កំណត់ត្រា​ក្រមា​វែង​ជាងគេ​កាលពី​ថ្ងៃទី ១ កក្កដា​កន្លងទៅ​។ ការ​ត្បាញ​ក្រមា​វែង​ជាងគេ​លើ​ពិភពលោក​នេះ បានផ្ដល់​ឱកាស​ឲ្យ​សាធារណជន​ទូទៅ ចូលរួម​ត្បាញ​ដោយ​ផ្ទាល់ដៃ ដោយមាន​ការសម្រួល​ពី​ក្រុមការងារ​ផ្នែក​បច្ចេកទេស និង​អ្នក​តម្បាញ​ជំនាញ​នៅ​ទីតាំង​កម្មវិធី​ផ្ទាល់​តែម្ដង ។​
 
 GoGo Cambodia គឺជា​ចលនា​ថ្នាក់ជាតិ​មួយ ដែល​កើតចេញពី​ឆន្ទៈ​កូន​ខ្មែរ ធ្វើឡើង​ក្នុង​គោលបំណង​លើកតម្កើង​មោទនភាព​ជាតិ បង្ហាញ​ពី​សក្តានុពល​របស់​កម្ពុ​ជា​នៅ​គ្រប់​វិស័យ និង​ជា​វេទិកា​សម្រាប់​យុវជន​ខ្មែរ​គ្រប់រូប អាច​បង្ហាញ​នូវ​មោទនភាព​របស់ខ្លួន ក្នុងនាម​ជា​កូន​ខ្មែរ ទៅដល់​សហគមន៍​អន្តរជាតិ​៕

Tag:
 ក្រមា​
© រក្សាសិទ្ធិដោយ thmeythmey.com