ជាតិ
បាក់ឌុប
អនុរក្សម្នាក់បីកូនតូច មកត្រួតពិនិត្យការប្រឡងបាក់ឌុប រូបពីហ្វេសប៊ុកអង្គភាពប្រឆាំងអំពើពុករលួយ
× បាត់ដំបង៖ ដោយសារតែថ្ងៃនេះ ជាថ្ងៃប្រឡងសញ្ញាបត្រទុតិយសភូមិ (បាក់ឌុប) អ្នកគ្រូម្នាក់ ដែលជាប់កាតព្វកិច្ចជាអនុរក្ស នៅវិទ្យាល័យនេតយ៉ង ខេត្តបាត់ដំបង សុខចិត្តបីកូនតូចម្នាក់មកជាមួយខ្លួន ដើម្បីបំពេញការងារតាមដានការប្រឡងរបស់បេក្ខជន ឆ្នាំសិក្សា២០១៧-២០១៨ នេះ។
តាមរយៈរូបថត២សន្លឹក ដែលបានបង្ហោះដោយអង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានបង្ហាញសកម្មភាពអ្នកគ្រូអនុរក្ស ដែលបំបៅកូនតូច រួចដាក់ឲ្យគេងក្នុងរទេះរុញ នៅក្រៅបន្ទប់ប្រឡង ។ សកម្មភាពរបស់អ្នកគ្រូអនុរក្សនេះ ត្រូវបានអង្គភាពប្រឆាំងអំពុករលួយ ចាត់ទុកជាទង្វើមួយល្អ ដែលបង្ហាញពីទឹកចិត្តស្រលាញ់ការងារខ្លួន។
អមជាមួយរូបថត ACU បានសរសេរដូច្នេះថា៖«ម៉ោង09:៣០នាទីព្រឹក ទឹកចិត្តអ្នកគ្រូអនុរក្សដែលមានកូនតូច មកពីឆ្ងាយដើម្បីចូលរួមសង្គមជាតិនិងភារកិច្ចរបស់ខ្លួន» ។
សូមបញ្ជាក់ថា វិញ្ញាសាប្រឡងសម្រាប់សិស្សផ្នែកវិទ្យាសាស្ត្រនៅព្រឹកថ្ងៃទី១នេះ គឺមុខវិទ្យា ប្រវត្តិវិទ្យា និងជីវវិទ្យា។ ចំណែកផ្នែកវិទ្យាសាស្ត្រសង្គមវិញ បេក្ខជនប្រឡងមុខវិជ្ជា ផែនដីវិទ្យា និងប្រវត្តិវិទ្យា៕
© រក្សាសិទ្ធិដោយ thmeythmey.com