ជាតិ
បោះឆ្នោត
លោក សម រង្ស៊ី៖ ការបោះឆ្នោតបានចប់ហើយ គួរតែដោះលែងលោក កឹម សុខា សម្តេច ហ៊ុន សែន និងលោក សម រង្ស៊ី នាពិធីអង្គរសង្ក្រាន្ត កាលឆ្នាំ២០១៥។ រូបថត PressOcm
× ក្រោយចប់ការបោះឆ្នោត លោក សម រង្ស៊ី បានស្នើជាថ្មី ដោយសុំឲ្យដោះលែងលោក កឹម សុខា។ អ្នកនាំពាក្យបក្សអំណាច ឆ្លើយតបថា សំណើរបស់លោក សម រង្ស៊ី ជារឿងអត់ប្រយោជន៍។
លោក សម រង្ស៊ី ដែលបានក្លាយជាប្រធានមុនគេរបស់អតីតគណបក្សសង្គ្រោះជាតិ ហើយបច្ចុប្បន្នកំពុងរស់នៅឯក្រៅប្រទេស នៅតែបង្ហាញការនឹកនាពីសុខទុក្ខរបស់លោក កឹម សុខា ដែលកំពុងជាប់ពន្ធនាគារនៅកម្ពុជា។ បន្ទាប់ពីបោះឆ្នោតរួច ដោយគណបក្សប្រជាជនកម្ពុជារបស់សម្តេច ហ៊ុន សែន ទទួលបានជ័យជន្នះ ១០០ភាគរយ លោក សម រង្ស៊ី ក៏បញ្ចេញសារនយោបាយមកថា លោក កឹម សុខា គួរតែត្រូវបានដោះលែង។
លោក សម រង្ស៊ី ដែលតែងតែប្រាប់គេឯងថាលោក កឹម សុខា ជាដៃគូនយោបាយស្លាប់-រស់របស់លោក ក្នុងការតស៊ូឲ្យមានការផ្លាស់ប្តូរនៅកម្ពុជា បានសរសេរសារលើទំព័រហ្វេសប៊ុក យ៉ាងដូច្នេះ ៖«បើនៅតែបន្តឃុំឃាំងលោក កឹម សុខា ក្នុងពន្ធនាគារទៀត រដ្ឋាភិបាលលោក ហ៊ុន សែន ច្បាស់ជាកាន់តែពិបាកការពារភាពស្របច្បាប់របស់ខ្លួន ចំពោះមុខសហគមន៍អន្តរជាតិ»។
លើសពីនេះ លោក សម រង្ស៊ី ថែមទាំងស្នើឲ្យរដ្ឋាភិបាល ក៏ដូចជាតុលាការកម្ពុជា ទម្លាក់ចោលការចោទប្រកាន់លើរូបលោក និងលោក កឹម សុខា ពីទោសក្បត់ជាតិផងដែរ។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ប្រតិកម្មថា លោក សម រង្ស៊ី គិតតែពីនិយាយ ដោយមិនយល់ពីច្បាប់។ លោក បកស្រាយថា អ្នកទោស ត្រូវតែជាប់ពន្ធនាគារ ដោយមិនគិតពីរឿងមុនឬក្រោយការបោះឆ្នោតនោះទេ។
តាមរយៈការផ្តល់បទសម្ភាសដល់សារព័ត៌មានថ្មីៗ អ្នកនាំពាក្យគណបក្សកាន់អំណាចរូបនេះ បានបញ្ជាក់យ៉ាងដូច្នេះ ៖«ខ្ញុំយល់ថា គាត់ លើកឡើងនេះ គឺអត់ប្រយោជន៍ទេ។ យើង មិនអាច យកការអនុវត្តច្បាប់ មកធ្វើជារឿងនយោបាយ ដើម្បីឲ្យមានការរួចទោសឡើយ»។
ចំណែក រដ្ឋាភិបាលកម្ពុជា គឺនៅតែស្របច្បាប់ ដោយមិនអាស្រ័យលើការទទួលស្គាល់ ឬការមិនទទួលស្គាល់របស់បរទេសនោះទេ។ នេះជាការបន្ថែមចុងក្រោយរបស់មន្ត្រីជាន់ខ្ពស់គណបក្សកាន់អំណាចដដែល។
តុលាការកំពូល ទើបនឹងចេញដីកានាពេលថ្មីៗនេះ ដោយកំណត់យកថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៨ ដើម្បីបើកសវនាការលើសំណើសុំនៅក្រៅឃុំរបស់លោក កឹម សុខា។ អ្នកតាមដានស្ថានការណ៍នយោបាយខ្លះ មានសុទិដ្ឋិនិយមថា លោក កឹម សុខា អាចនឹងត្រូវបានដោះលែង ដូចលោក គឹម សុខ អ្នកវិភាគនយោបាយ។ ពួកគេ យល់ថា លោក កឹម សុខា និងសកម្មជននយោបាយផ្សេងទៀត គួរតែត្រូវតែបានដោះលែង ដើម្បីធ្វើឲ្យស្ថានការណ៍នយោបាយ មានភាពល្អប្រសើរ។
លោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិទីពីរ បន្ទាប់ពីលោក សម រង្ស៊ី បានជាប់ពន្ធនាគារ ជិតមួយឆ្នាំហើយ។ លោក ត្រូវបានចាប់ខ្លួនតាំងពីដើមខែកញ្ញា ឆ្នាំ២០១៧មក ដោយតុលាការសង្ស័យថា បានគប់គិតជាមួយបរទេសដើម្បីផ្តួលរំលំរដ្ឋាភិបាលកម្ពុជា៕
Tag:
បោះឆ្នោត
សម រង្ស៊ី
ហ៊ុន សែន
© រក្សាសិទ្ធិដោយ thmeythmey.com