កីឡាអន្តរជាតិ
រថយន្ត
អន្តរជាតិ
ប្រធានាធិបតី​ឥណ្ឌូណេស៊ី​ចេញពី​រថយន្ត​ទៅ​ជិះ​ម៉ូតូ​ធំ​ដើម្បី​ទាន់​កម្មវិធី​បើក Asian Games
20, Aug 2018 , 8:39 pm        
រូបភាព
​ពិធី​បើក​ព្រឹត្តិការណ៍​ការប្រកួត​កីឡា​អាស៊ី (Asian Games) នៅ​ថ្ងៃទី​១៨ ខែសីហា ឆ្នាំ​២០១៨ ក្នុង​ក្រុង​ហ្សា​ការ​តា បានទទួល​ការកោតសរសើរ​ពី​ប្រជាជន​ឥណ្ឌូណេស៊ី និង​អ្នកចូលរួម​ទាំងអស់​ស​ម្រា​ប់​ការ​បង្ហាញខ្លួន​ដ៏​អ​ស្ចា​ពី​សំណាក់​ប្រធានាធិបតី ចូ​កូ វី​ដូ​ដូ​។



​លោក ចូ​កូ វី​ដូ​ដូ​ប្រធានាធិបតី​ឥណ្ឌូណេស៊ី បានធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង​ដោយ​លោក​បាន​ជិះ​ម៉ូតូ​ធំ​ចូលទៅក្នុង​កីឡដ្ឋាន Gelora Bung Karno ដើម្បី​ចូលរួម​កម្មវិធី​បើក​កីឡា​ប្រចាំ​ទ្វីបអាស៊ី​លើក​ទី​១៨​ជា​ផ្លូវការ​។​

​នៅ​មុនពេល​ចាប់ផ្តើម​ពិធី​បើក​វីដេអូ​មួយ​បានបង្ហាញ​ពី​សកម្មភាព​របស់លោក Jokowi ស្លៀកពាក់​ឈុត​អាវធំ​ចុះ​ចេញពី​រថយន្ត​ទៅ​ជិះ​ម៉ូតូ​វិញ​ដ្បិត​ផ្លូវ​មានការ​កកស្ទះ​ចរាចរណ៍​ដែល​អាច​យឺតយ៉ាវ​ក្នុងការ​ធ្វើដំណើរ​ទៅកាន់​កីឡដ្ឋាន GBK​។​

​ឈុត​វីដេអូ​ដែលជា​ការ​សំដែង​រយៈពេល​ជាង​៦​នាទី​នោះ លោក​ប្រធានាធិបតី​វ័យ​៥៧​ឆ្នាំ​បាន​ពាក់មួក​សុវត្ថិភាព​ពណ៌​ខ្មៅ​បើក​ម៉ូតូ​បង្ហោះ​លើ​រថយន្ត និង​ឆ្លងកាត់​ផ្លូវ​តូចៗ​ដែល​មើលទៅ​ដូចជា​អ្នកប្រើប្រាស់​ម៉ូតូ​ស្ទាត់ជំនាញ​ដើម្បី​ធ្វើដំណើរ​ទៅ​ចូលរួម​កម្មវិធី​បើក​កីឡា​អាស៊ី​។​



​ព្រឹត្តិការណ៍​កីឡា​អាស៊ី​លើក​ទី​១៨ បានចាប់ផ្តើម​ការប្រកួត​ផ្លូវការ​កាលពី​ថ្ងៃទី​១៨ ខែសីហា រហូតដល់​ថ្ងៃទី​២ ខែកញ្ញា ឆ្នាំ​២០១៨ ដោយមាន​អត្ត​ព​លិ​ក និង​មន្ត្រី​ចូលរួម​សរុប​ប្រមាណ​១៦០០០​នាក់ មកពី​៤៥ ប្រទេស​ពី​តំបន់​អាស៊ី​ដោយ​ប្រកួត​លើ​៤០​ប្រភេទ​កីឡា និង​៤៦៥​វិញ្ញាសា ដែល​ធ្វើឡើង​ក្នុង​ក្រុង​ហ្សា​ការ​តា និង​ប៉ា​ឡាំ​បាង (Palembang) ស្ថិត​លើ​កោះ​ស៊ូ​ម៉ា​ត្រា​ប្រទេស​ឥណ្ឌូណេស៊ី​៕




Tag:
 Asian Games
  ឥណ្ឌូណេស៊ី​
  Joko Widodo
© រក្សាសិទ្ធិដោយ thmeythmey.com